ភ្នំពេញ ៖ យុវជននិងមគ្គុទេសក៏ទេសចរបានបង្ហាញនូវការចាំចងដ៏ល្អ សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រយៈពេល៣ថ្ងៃ នៅលើទឹកដីសៀមរាប ចាប់ពីថ្ងៃទី១៤, ១៥ ដល់ ១៦ ខែមេសា ឆ្នាំ២០២៥។
យុវតី សៀង ហ៊ី និស្សិតឆ្នាំទី១ មកពីខេត្តបន្ទាយមានជ័យ បានប្រាប់ នៅថ្ងៃទី១៦ ខែមេសា ដែលជាថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តថា កញ្ញាសប្បាយចិត្ត ដែលបានឃើញមានច្រើនកុះករ ហើយជាលើកទី១ ដែលបានទស្សនាការរៀបចំកម្មវិធី បែបប្រពៃណីយ៉ាងច្រើនសម្បូរបែប។ កញ្ញាចង់ឲ្យមានព្រឹត្តិការណ៍នេះ កើតមាន ជាបន្តបន្ទាប់ទៀត ដើម្បីចូលរួមជំរុញភ្ញៀវទេសចរអន្តរជាតិ មកទស្សនាកម្ពុជា បានកាន់តែច្រើន។
«ជូនពរប្រជាជនខ្មែរ ធ្វើដំណើរដោយមានសុវត្ថិភាពទាំងអស់គ្នា ក្នុងពិធីបុណ្យចូលឆ្នាំថ្មី»។
យុវជន ម៉េង ស៊ឺ មករាជធានីភ្នំពេញ បានប្រាប់ដែរថា ក្រៅពីចូលរួមលេងកម្សាន្ត រូបគេក៏ជាយុវជនស្ម័គ្រចិត្ត រៀបចំព្រឹត្តិការណ៍នេះ ផងដែរ។
«ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានបានចូលរួមសម្របសម្រួល»
រីយុវជន សួន ប្រសិដ្ឋ និស្សិតឆ្នាំទី៤ ជាអ្នករស់នៅខេត្តសៀមរាប បានប្រាប់ថា លោកពិតជាសប្បាយចិត្ត ក្នុងនាមជាម្ចាស់ផ្ទះរៀបចំ ដោយឃើញមានភ្ញៀវជាតិនិងអន្តរជាតិចូលរួមយ៉ាងច្រើន។
«ឆ្នាំនេះ ឃើញមានល្បែងប្រជាប្រិយខ្មែរ ច្រើន សម្រាប់ការរៀបចំនេះ ជួយលើកស្ទួយទេសចរណ៍ និងវប្បធម៌ ចង់ឲ្យក្រសួង ស្ថាប័ន ខិតខំរៀបចំឲ្យបានកាន់តែល្អប្រសើរថែមទៀត ដើម្បីទេសចរបរទេស មកលេងកម្ពុជា កាន់តែច្រើន»។
យុវតី សំណាង ជាសិស្ស ដែលបានមកលេងអង្គរសង្ក្រាន្ត គ្រប់លើក បានកោតសរសើរការរៀបចំ ឆ្នាំ២០២៥នេះ ឃើញការតុបតែងស្អាត ទាំងរបាំបុរាណ ការស្លៀកពាក់បែបបុរាណ។
«ចង់ឲ្យរៀបចំ រាល់ឆ្នាំ ជំរុញឲ្យទេសចរ មកលេង និងស្គាល់ស្រុកខ្មែរ ឲ្យបានច្រើន»
យុវជន គីម ហាវ សិស្សសាលា ដែលបានមកលេងជាមួយបងប្អូន និងមិត្ត រំភើប សប្បាយចិត្ត ឃើញមានការចូលរួមយ៉ាងច្រើនកុះករ។
«ខ្ញុំឃើញ អង្គរសង្ក្រាន្ត រៀបចំស្អាត ល្អ ក្នុងនាមជាយុវជន ខ្ញុំចង់ឲ្យរៀបចំ រហូតជួយទាក់ទាញទេសចរបរទេសមកលេងសៀមរាប ឲ្យកាន់តែច្រើន»
មិនខុសពីយុវជនទាំងនេះដែរ លោក ថាច់ សំអាត មគ្គុទេសក៏ទេសចរប្រចាំតំបន់អង្គរ សង្កេតឃើញថា ព្រឹត្តិការណ៍នេះបានផ្សព្វផ្សាយ នូវវប្បធម៌ ប្រវត្ថិសាស្ត្រ ទាំងរូបិយ និងអរូបិយ។
«ខ្ញុំបានសួរភ្ញៀវទេសចរបរទេស គាត់ចាប់អារម្មណ៍ ជាពិសេស លើតំបន់អង្គរនេះ តាមរយៈការផ្សព្វផ្សាយ ខ្ញុំរំពឹងថា ភ្ញៀវទេសចរមកលេងច្រើន ហើយប្រជាជនខ្មែរមកលេង ក៏ចូលរួមផ្សព្វផ្សាយ»
លោកក៏រំពឹងថា ទេសចរចិននឹងមកលេងប្រទេសកម្ពុជា បានកាន់តែច្រើន ខណៈដែលចិនគឺជាប្រទេសដ៏មានសក្តានុពលលើវិស័យទេសចរណ៍ ដោយសារតែមានប្រជាជនយ៉ាងច្រើន។
គួរបញ្ជាក់ថា អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ក្នុងគោលបំណងផ្ដល់ស្នាមញញឹមដល់ប្រជាជាតិខ្មែរ មកពីគ្រប់ទិសទី ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។ អង្គរសង្ក្រាន្តនាឆ្នាំនេះដែរ ត្រូវបានគេចាត់ទុកថាជាការនាំយកកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរជាច្រើនទម្រង់ មករំលេចឡើងជាផ្ទាំងទស្សនីយភាពចម្រុះដ៏សម្បូរបែប នៅលើទឹកដីអង្គរ។
សហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាតួអង្គដ៏សំខាន់ រៀបចំ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ បានបញ្ជាក់ថា ព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ មានលក្ខណៈពិសេសជាងឆ្នាំមុនៗ ដែលបង្ហាញ ពីការជួបជុំគ្រួសារខ្មែរ ក្នុងសម្លៀកបំពាក់ប្រពៃណី នៅមុខប្រាសាទអង្គរវត្ត និងមានកម្មវិធីយ៉ាងច្រើន ដែលសុទ្ធសឹងជាការផ្ដល់ជូននូវភាពសប្បាយរីករាយ ដល់មហាគ្រួសារខ្មែរ ពិសេសយុវជន បានចូលរួមឈ្វេងយល់ពីមរតកវប្បធម៌ខ្មែរជាច្រើនទម្រង់ ដែលត្រូវបានលើកយកមករំលេចនៅក្នុងកម្មវិធី នីមួយៗ ក្នុងគោលដៅបំផុសស្មារតីស្រលាញ់ និងលើកស្ទួយវប្បធម៌ជាតិ៕
ប្រភព ៖ «CCFR China state-controlled media »