សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​៖​ ថ្លែងអំណរគុណដល់ក្រសួង-ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ គ្រប់រាជធានី-ខេត្ត​ ដែលបានបំពេញភារកិច្ចរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់​ សុវត្ថិភាព​ ជូនប្រជាពលរដ្ឋក្នុងពិធីប្រារព្ធបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ប្រព្រឹត្តទៅដោយ​រលូន​

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​ ខែមេសា​ ឆ្នាំ​២០២៥នេះ​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គ្រប់រាជធានី-ខេត្ត​ ក៏ដូចជានៅក្រៅប្រទេស កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធហត្ថ ប្រជាការពារ អ្នកអនាម័យ​ និងកម្លាំងស្ម័គ្រចិត្តគ្រប់យន្តការទាំងអស់ ដែលបានចូលរួមសហការបំពេញភារកិច្ចរៀបចំ តុបតែង​ និងប្រចាំការការពារសន្តិសុខសណ្តាប់ធ្នាប់​ ធានាបាននូវសុវត្ថិភាព​ បង្កលក្ខណៈដល់ការកម្សាន្តសប្បាយរបស់លោកតាលោកយាយ​ អ៊ំពូមីង​ បងប្អូន ព្រមទាំងបានញ៊ាំងឱ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៨ នៅទូទាំងប្រទេស បានប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ សោភ័ណភាព សេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព របៀបរៀបរយល្អ ប្រកបដោយមោទកភាពជាតិ ។

ជាមួយគ្នានេះផងដែរ​ ​សម្ដេចធិបតី​ ក៏សូមថ្លែងអំណរគុណដល់លោកតាលោកយាយ​ អ៊ំពូមីង​ បងប្អូន​ និងភ្ញៀវបរទេសទាំងអស់ ដែលបានចូលរួមលេងកំសាន្តប្រកបដោយភាពរីករាយ​ ព្រមទាំងថែរក្សាបាននូវប្រពៃណីវប្បធម៌ដ៏ផូរផង់របស់ខ្មែរ​ ។  កត្តាចម្បងបំផុត​ គឺម្លប់នៃសុខសន្តិភាព ដែលបានផ្តល់នូវឱកាសឱ្យប្រជាជនខ្មែរគ្រប់រូប​ អាចរួមរស់ប្រកបដោយកុសលធម៌ និងសាមគ្គីធម៌ ក្នុងធ្លុងជាមហាគ្រួសារខ្មែរតែមួយ នៅលើទឹកដីមាតុភូមិអង្គរដ៏បវរជាទីស្នេហា និងក្នុងសេចក្តីសុខក្សេមក្សាន្ត កិត្តិយស និងសេចក្តីថ្លៃថ្នូរ ជាដរាបតរៀងទៅ ។

...

ជាថ្មីម្តងទៀត សម្ដេចធិបតី​ បួងសួងដល់ទេវតាឆ្នាំថ្មី​ សូមប្រសិទ្ធិពរ​ សូមប្រគេនពរដល់ព្រះតេជព្រះគុណគ្រប់ព្រះអង្គ និងជូនពរដល់សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ៊ំពូមីងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមជួបប្រទះតែសុខភាពល្អ សុភមង្គល និងទទួលបានសិរីសួស្តីជោគជ័យគ្រប់ប្រការ ព្រមជាមួយនឹងពុទ្ធពរទាំងឡាយបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមជូនពរលោកតាលោយាយ​ អ៊ំពូមីង​ បងប្អូនប្រជាពលរដ្ឋ ដែលមិនមែនជាពុទ្ធសាសនិកជន នៅពរជ័យសិរីសួស្ដី ជ័យជម្នះគ្រប់ប្រការ កុំបីអាក់ខានឡើយ ។ សូមធ្វើដំណើរប្រកបដោយភាពប្រុងប្រយ័ត្ន និងសុខសុវត្ថិភាព ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print