ខេត្តស្វាយរៀង៖ សង្ក្រាន្តក្នុងខេត្តស្វាយរៀង បញ្ចប់ដោយជោគជ័យនិងភាពសប្បាយរីករាយ ខណៈសរុបរយៈពេល ៣ថ្ងៃ មានបងប្អូនប្រជាពលរដ្ឋមកលេងកំសាន្ត សរុបចំនួន៦៦០,៦៩៤ ក្នុងនោះ ទេសចរបរទេស៧,២៥៦នាក់ នេះបើតាមលោកវ៉ាន់សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀងបានអោយដឹងនាព្រឹកថ្ងៃ ទី១៧ខែមេសាឆ្នាំ២០២៥នេះ។
លោកបន្តថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ មានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងកម្មវិធីសង្ក្រាន្តនានាក្នុងខេត្តស្វាយរៀង មានចំនួនសរុប៣១៣,៤៣០ នាក់ ក្នុងនោះ ទេសចរបរទេសចំនួន១,៩៣១នាក់។
លោកបន្តថា ជាមួយគ្នានេះកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងអាជ្ញាធរអ្នកពាក់ព័ន្ធទាំងអស់ក្នុងខេត្តស្វាយរៀងបានចូលរួមការពារ និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តស្វាយរៀង ដោយមានការសហការគាំទ្រពីក្រុមហ៊ុន វិស័យឯកជនបានរៀបចំកម្មវិធី «សង្ក្រាន្តស្វាយរៀង» នៅទីតាំងរង្វង់មូលវិមានឯករាជ្យ ក្រុងស្វាយរៀងដើម្បីបង្កើតភាពអ៊ូអរ និងបង្កបរិយាកាសសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋបានចូលរួមទស្សនាលេងកម្សាន្ត និងចូលរួម អបអរសាទរទទួលអំណរពរជ័យបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ គ.ស.២០២៥៕