ភ្នំពេញ៖ ផ្លូវថ្មើរជើងភ្ជាប់នឹងសង្រ្កាន្តវត្តភ្នំ រួមទាំងកម្មវិធីនានានៅតាមបណ្ដាខណ្ឌ បានធ្វើឱ្យរាជធានីភ្នំពេញ មានពលរដ្ឋ និងទេសចរដើរកម្សាន្តជិត ៤លាននាក់ ក្នុងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២-១៦ ខែមេសា។ នេះជាបញ្ជាក់ពីលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់សារព័ត៌មាន ហើយលោកស្រីថា ចំនួននេះ កើនឡើង ១២០ភាគរយ បើធៀបនឹងឆ្នាំមុន។
ចូលឆ្នាំខ្មែរ ឆ្នាំ២០២៥នេះ រាជធានីភ្នំពេញកាន់តែសប្បាយ និងអ៊ូអរ តាមរយៈការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ ផ្លូវថ្មើរជើង និងកម្មវិធីនានានៅតាមបណ្ដាខណ្ឌ ក្នុងរាជធានីភ្នំពេញ។ ត្រឹមរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២-១៦ ខែមេសា រាជធានីភ្នំពេញ ទទួលបានទេសចរ និងពលរដ្ឋ ចូលរួមកម្សាន្តសប្បាយជិត ៤លាននាក់។ នេះបើតាមការបញ្ជាក់របស់លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ។
ត្បិតព្រឹត្តិការណ៍«សង្រ្កាន្តវត្តភ្នំ» ចាប់ផ្ដើមនៅថ្ងៃទី១៤ មេសា ប៉ុន្តែប្រជាពលរដ្ឋ ជាពិសេសយុវវ័យ បានមកកម្សាន្ត និងលេងនៅតំបន់ត្រជាក់ចិត្តក្នុងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ តាំងពីថ្ងៃទី១២ មេសាមកម៉្លេះ ពោលចំថ្ងៃភ្ជាប់នឹងផ្លូវថ្មើរជើង។ កំណើនទេសចរ និងពលរដ្ឋ ចូលរួមច្រើនកុះករ ក្នុងឆ្នាំ២០២៥នេះ លោកស្រី ដោ សម្ផស្ស ចាត់ទុកជាជោគជ័យមួយរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបង្កបរិយាកាសរីករាយដល់ពលរដ្ឋ និងទេសចរនៅក្នុងរាជធានី។
បើតាមអ្នកនាំពាក្យខាងលើ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ រដ្ឋបាលរាជធានីភ្នំពេញ មានទិសដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋក្នុងរាជធានី ទទួលបានភាពសប្បាយរីករាយ ចូលរួមលេងល្បែងប្រជាប្រិយ រាំលេងកម្សាន្តតាមចង្វាក់ប្រពៃណីខ្មែរ ជាពិសេសជួបជុំនៅតំបន់ត្រជាក់ចិត្តនៅមុខរមណីយដ្ឋានវត្តភ្នំ។ ជាក់ស្ដែងក្រៅពីតំបន់វត្តភ្នំ តំបន់ផ្សារចាស់ និងផ្សារកណ្ដាល ក៏មានសភាពណែនណាន់តាន់តាប់ ដែលពលរដ្ឋមកលេងទឹកកម្សាន្តនៅពេលល្ងាច និងយប់ផងដែរ។
សម្រាប់បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់វិញ លោកស្រី ដោ សម្ផស្ស អះអាងថា អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចបានយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាសុវត្ថិភាព និងបង្កលក្ខណងាយស្រួលដល់អ្នកចូលរួម។ តាមរយៈព្រឹត្តិការណ៍ក្នុងថ្ងៃចូលឆ្នាំនេះ បានចូលរួមចំណែកលើកស្ទួយ និងបង្កើនចរន្តសេដ្ឋកិច្ចបន្ថែមផងដែរ។
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានបង្ហោះ អំពីទិដ្ឋភាពនៅតំបន់ត្រជាក់ចិត្ត “សង្ក្រាន្តវត្តភ្នំ” បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករមកលេងកម្សាន្ត យ៉ាងសប្បាយរីករាយ នារសៀលថ្ងៃឡើងស័ក នៃពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នាម្សិលមុិណ ! 💐💐💐សង្រ្កាន្ត វត្តភ្នំ សង្ក្រាន្តក្រោមម្លប់សន្តិភាព៕
ដោយ ៖ សិលា