ភ្នំពេញ ៖ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានចាកចេញពីកម្ពុជាហើយ ក្រោយបញ្ចប់ទស្សនកិច្ចរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥។ ដំណើរទស្សនកិច្ចនេះ សម្រេចបាននូវលទ្ធផលការងារជាច្រើន នេះបើតាមការបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ។ សូមបញ្ជាក់ថា កម្ពុជាជាប្រទេសទី៣ ក្រៅពីវៀតណាម និងម៉ាឡេស៊ី ដែលលោក ស៊ី ជីនពីង បានបំពេញទស្សនកិច្ចផ្លូវរដ្ឋ។
ប្រទេសចិនបានបញ្ជាក់ជាថ្មីនូវការគាំទ្រការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីជំរុញការអភិវឌ្ឍខេត្ដព្រះសីហនុ និងបានសន្យាលើកទឹកចិត្ដសហគ្រាសចិនដែលមានសមត្ថភាពកាន់តែច្រើនមកបណ្ដាក់ទុននៅកម្ពុជា។ លើសពីនេះ ភាគីចិនក៏បានសម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជំរុញគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ។
សូមបញ្ជាក់ថា ៖ ក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង មកកម្ពុជា មេដឹកនាំកម្ពុជា និង ចិន បានសម្រេចចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន ៣៧ ក្នុងការអភិវឌ្ឍវិស័យជាច្រើន ជាពិសេសការគាំទ្រគម្រោងវិនិយោគនានានៅកម្ពុជា និង ការអភិវឌ្ឃធនធានមនុស្ស ការអប់រំជាដើម៕
ដោយ ៖ សិលា