ចែករំលែក៖

អន្តរជាតិ ៖ ប្រធានាធិបតីអាម៉េរិក លោកដូណាល់ត្រាំបានគំរាមទៅកាន់អ៊ុយក្រែន និងរុស្ស៊ីចំៗថា សហរដ្ឋអាម៉េរិកអាចនឹងដកខ្លួនចេញពីតួនាទីរបស់ខ្លួនក្នុងការសម្របសម្រួលការចរចាបទឈប់បាញ់រុស្ស៊ី និងអ៊ុយក្រែន ប្រសិនបើភាគីជម្លោះទាំងពីរមិនមានសញ្ញាណាមួយបង្ហាញពីភាពវិជ្ជមានក្នុងការបញ្ចប់សង្រ្គាមជាមួយគ្នា។ ឆ្លើយតបក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ១៨ ខែមេសា លោកបានសម្តែងការខកចិត្តចំពោះកិច្ចចរចាដែលជាប់គាំងដោយព្រមានថាសហរដ្ឋអាម៉េរិកនឹងត្រឡប់ក្រោយប្រសិនបើភាគីណាមួយនៅតែបន្តរារាំងដំណើរការសន្តិភាព និងបដិសេធក្នុងការបញ្ចប់ជម្លោះជាមួយគ្នា ។

តាមលោកដូណាល់ត្រាំបានឆ្លើយប្រាប់ក្រុមអ្នកសារព័ត៌មានថាឥឡូវនេះប្រសិនបើមានហេតុផលមួយចំនួនក្នុងចំណោមភាគីទាំងពីរធ្វើឱ្យមានការលំបាកខ្លាំងក្នុងការបញ្ចប់សង្រ្គាមមួយនេះ នោះអាម៉េរិកគ្មានជម្រើសអ្វីក្រៅពីដកថយ និងបញ្ឈប់ខ្លួនជាអ្នកសម្របសម្រួលបញ្ចប់ជម្លោះមួយនេះឡើយ។

មុនការលើកឡើងបែបនេះរបស់លោកត្រាំ រដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិក លោក Rubio បានអះអាងថាសង្រ្គាមមួយនេះមិនមែនជាសង្រ្គាមរបស់អាម៉េរិកឡើយ ហើយអាម៉េរិកក៏មិនមែនជាអ្នកផ្តើមដែរ ហើយប្រសិនបើការសម្របសម្រួលមិនអំណោយផលនោះអាម៉េរិកនិងសម្រេចចិត្តដកខ្លួនថយចេញពីអ្នកសម្របសម្រួល។
ដោយឡែក អ៊ីស្រាអែលបន្តទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សារាប់សិបកន្លែង ខណៈកិច្ចចរចាបទឈប់បាញ់ជាប់គាំង។

បើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥ បានបញ្ជាក់ថា ៖ យោធាអ៊ីស្រាអែលបានបន្តការវាយប្រហារតាមអាកាសរបស់ខ្លួន លើគោលដៅប្រហែល ៤០កន្លែងនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប ក្នុងរយៈពេលមួយថ្ងៃចុងក្រោយនេះ បន្ទាប់ពីក្រុមហាម៉ាស់បានបដិសេធសំណើបទឈប់បាញ់របស់អ៊ីស្រាអែល ដោយលើកឡើងថា សំណើនោះខ្វះការប្តេជ្ញាចិត្តក្នុងការបញ្ចប់សង្គ្រាមទាំងស្រុង។
កាលពីខែមុន យោធាអ៊ីស្រាអែលបានបំពានបទឈប់បាញ់រយៈពេលពីរខែ ហើយចាប់តាំងពីពេលនោះមក បានបើកការវាយលុកពីភាគខាងជើង និងខាងត្បូង ដោយដណ្តើមបានជិតមួយភាគបីនៃតំបន់ហ្គាហ្សា ដើម្បីដាក់សម្ពាធលើក្រុមហាម៉ាស់ឲ្យយល់ព្រមដោះលែងចំណាប់ខ្មាំង និងទម្លាក់អាវុធ។
អ្នកសម្របសម្រួលអេហ្ស៊ីប កំពុងព្យាយាមស្តារកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីខែមករាឡើងវិញ ប៉ុន្តែមានសញ្ញាតិចតួចនៃវឌ្ឍនភាពលើបញ្ហាគោល។ កាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំហាម៉ាស់ប្រចាំតំបន់ហ្គាហ្សា លោក Khalil Al-Hayya បាននិយាយថា ក្រុមនេះមានឆន្ទៈដោះដូរចំណាប់ខ្មាំងអ៊ីស្រាអែល ៥៩នាក់ ដែលនៅសេសសល់ ជាមួយអ្នកទោសប៉ាឡេស្ទីន និងការកសាងតំបន់ហ្គាហ្សាឡើងវិញ។ ប៉ុន្តែលោកបានច្រានចោលសំណើរបស់អ៊ីស្រាអែល ដែលរួមមានការទាមទារឲ្យហាម៉ាស់ទម្លាក់អាវុធ ដោយហៅវាថាជា «លក្ខខណ្ឌដែលមិនអាចទៅរួច»។
អ៊ីស្រាអែល មិនទាន់ឆ្លើយតបជាផ្លូវការចំពោះសម្តីរបស់លោក Al-Hayya ទេ ប៉ុន្តែក្រុមរដ្ឋមន្ត្រីបានអះអាងជាបន្តបន្ទាប់ថា ក្រុមហាម៉ាស់ត្រូវតែរំសាយអាវុធទាំងស្រុង ហើយមិនអាចមានតួនាទីក្នុងការគ្រប់គ្រងហ្គាហ្សានាពេលអនាគតបានទេ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print