រំលឹកកាលពី៥០ឆ្នាំមុនថ្ងៃ១៨ មេសា១៩៧៥

ចែករំលែក៖

ភ្នំពេញ ៖ កាលថ្ងៃទី១៧មេសា ពេលរសៀល ក្រុមទ័ពរំដោះ២ក្រុមដែលមានចរិកផ្សេងគ្នា បានប្រាប់អោយពួកយើងចាកចេញពីភ្នំពេញ ៣ ថ្ងៃ(មានក្រុមដំបូងលួចប្រាប់ថាយកតែរបស់ចាំបាច់ ចេញហើយលែងវិលត្រឡប់មកវិញហើយ ឯក្រុមទីពីរពេលព្រលប់ៗ សំដីកាចសាហាវប្រាប់ថាចេញតែ៣ថ្ងៃទេ) ។

ភូមិពួកយើងរស់នៅបឹងទំពន់ចុះពីបន្ទាយអង្គរក្សលន់នល់ ត្រង់មក មានប្រហែលជា ៨ផ្ទះ ហើយផ្ទះទាំងអស់នោះភាគច្រើនជាប់សាច់ឈាមគ្នា ប្រកបរបរ ស្លដឺរ៉ា ចាក់ស្លាបព្រា សម ជាដើម( ខ្ញុំសរសេរនេះមានបំណងប្រសិនបើមានអ្នករស់រានមានជីវិតនៅម្តុំនេះពួកយើងជួបគ្នាដើម្បីបានស្គាល់គ្នា ឡើងវិញ) ។

យប់ថ្ងៃទី១៧ មេសា ១៩៧៥ ក្រោយពី ទទួលបានការគម្រាមហើយ ពួកយើងក៏បានរៀបចំរបស់របរ រាងៗខ្លួនតាមគ្រួសារនិមួយៗ ហើយនាំគ្នាកាប់ជ្រូកនិងជួយធ្វើគ្នា ដើម្បី ទុកធ្វើស្បៀង (ត្រង់នេះខ្ញុំចង់ប្រាប់កូនចៅយើងថា ចាប់តាំងពីឆ្នាំ១៩៧៣ សេដ្ឋកិច្ចអ្នករដ្ឋការលំបាក ម្លោះហើយនាំគ្នាចិញ្ចឹមជ្រូក) ហើយអ្នកភូមិយើងក៏បានមកជួយធ្វើជ្រូកផ្ទះខ្ញុំ និងមកសួរសុខទុក្ខគ្រួសារខ្ញុំ ដោយដឹងថាកាលពីថ្ងៃ១៧មេសា វិទ្យុបានប្រកាស់អោយអ្នករដ្ឋការសំខាន់ៗចូលទៅក្រសួងឃោសនាការ ហើយក្នុងនោះក៏មានឈ្មោះឪពុករបស់ខ្ញុំផងដែរ (លោក ជា សុធីរ)រាត្រីនោះ នៅខាងលិចផ្ទះខ្ញុំមានអ៊ុំម្នាក់គាត់ប្រកបរបរអូសទឹកលក់ គាត់ក៏បានអោយរទេះអូសទឹកមួយមកម្តាយខ្ញុំ ។

ព្រឹកឡើងអ្នកភូមិខ្ញុំក៏លាគ្នា ទាំងអាល័យរួមទាំទឺកភ្នែកហូរលាយឡំផងដែរ ហើយក៏នាំគា្នបើកទ្រុងជ្រូកព្រលែង ។

បន្តិចម្តងៗ ភូមិយើងដែលធ្លាប់តែអ៊ូអរដោយក្មេងៗលេងគប់វង់ ដាក់កញ្ចប់បារី ក៏ប្រែជាស្ងាត់ឈឹង ខ្ញុំមើលទៅគួរអោយខ្លាច ពេលយប់ស្ងាត់ឈឹងឮតែសំឡេងឆ្កែព្រុស គ្រួសារខ្ញុំនៅដំអក់ដោយរង់ចាំឪពុក និងពូគាត់ត្រឡប់មកផ្ទះវិញ ….រសៀលបន្តិច នាថ្ងៃទី១៨ មេសា១៩៧៥ មានខ្មែរ ក្រហម មកដល់សំឡុតគ្រួសារខ្ញុំ ហើយពួកយើងកចាប់ផ្តើម ចេញដំណើរពីបឹងទំពន់មកទំនប់ (បច្ចុប្បន្ន ផ្លូវ២៧១) មកដល់លើទំនប់ មនុស្សណែនណាន់តាន់តាប់ ម្តាយខ្ញុំបានប្រាប់អោយខ្ញុំមើលប្អូនៗ៣ នាក់ ឯបងប្រុសខ្ញុំអូសរទេះម្ខាងម្នាក់ជាមួយបងស្រី រីឯម្តាយ ខ្ញុំរុញរទេះពីក្រោយ ខ្ញុំ យកខ្សែរ ចងដៃប្អូនៗ៣នាក់ ដែលអង្គុយលើរទេះ ព្រោះខ្លាចពួកវាវង្វេង ឯខ្ញុំជួយរុញរទេះពីចំហៀង។
យើងឡើងដល់លើផ្លូវទំនប់ ២៧១ ស្ថានភាព សោកសៅដែលរៀបរាប់មិនអស់ឡើយ ប្រមាណជា ៣ម៉ោង ពួកយើងដើរបានប្រហែលជាជាង១០០ម៉ែត្រ តែប៉ុណ្ណោះ មនុស្សស្លាប់ មានទាហាន ចាស់ជរា (ទិដ្ឋភាពដ៏មហាខ្លោចផ្សាណាស់) យប់ពួកយើងក៏សម្រាប់នៅលើទប់នប់នោះទៅ ព្រោះ យប់ពួកទ័ពរំដោះ បិទផ្លូវមិនអោយធ្វើដំណើរទេ ។

ប្អូនស្រីខ្ញុំទាំង៣នាក់ ពួកវាយំ ព្រោះ វាធ្លាប់តែដេកលើពូកដល់មកក្រាលកន្ទេលដេលផ្ទាល់ដី វាមិនចេះដេក ណាមួយកំដៅដែលចេញមកពីថ្នល់ក្តៅផង។

……នេះជាការរៀបរាប់សម្រាប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៧៥(៥០ឆ្នាំមុន កាលនោះខ្ញុំអាយុ១១ឆ្នាំ)☠☠☠☠៕

...

ដោយ ៖ យុវជន ៧មករា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print