កម្ពុជា-ចិន ពង្រឹងការប្រើប្រាស់លុយរៀល និងយ័នសម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគ

ចែករំលែក៖

ភ្នំពេញ​៖​ ក្នុងដំណើរធ្វើទស្សនកិច្ច​របស់​លោកប្រធានាធិបតីចិន​ ស៊ី ជីនពីង (XI JINPING) នៅកម្ពុជា​ កាលពីថ្ងៃទី១៧ និង១៨ ខែមេសាថ្មីៗនេះ​ ភាគី​កម្ពុជា-ចិន ​បានឯកភាពគ្នាក្នុងការពង្រឹងការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកសម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។

ជាក់ស្ដែង​យោង​តាម​សេចក្ដីថ្លែងការណ៍រួមរវាង​ចេញថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ម្សិលមិញនេះ​ កម្ពុជា-ចិន​ បានសម្រេចនូវការឯកភាពគ្នាជាច្រើនទាក់ទងនឹងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ការអនុវត្តគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល សន្ដិសុខសកល និងអរិយធម៌សកលក្នុងនោះត្រង់ចំណុចការអនុវត្តគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកលមានចំណុចមួយបានសរសេរថា៖ «ភាគីទាំងពីរបានឯកភាពពង្រឹងការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកសម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ព្រមទាំងគាំទ្រការចូលរួម​រវាងធនាគារពាណិជ្ជនានារបស់កម្ពុជាជាមួយនឹងប្រព័ន្ធទូទាត់ប្រាក់យ័នអន្តរធនាគារ​ឆ្លងដែន និង​ឯកភាពគ្នាជំរុញកិច្ចសហការក្នុងការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន តាមរយៈQR កូដ»។

សូមជម្រាបថា​ ការពង្រឹងការធ្វើពាណិជ្ជកម្ម​ដោយប្រើប្រាស់លុយក្នុងស្រុក​រវាងប្រទេសទាំងពីរនេះហាក់បីដូចជាឆ្លើយតបនឹងដុល្លារូបនីយកម្មដែលបានប្រើប្រាស់ជាច្រើនឆ្នាំហើយ។

លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិកម្ពុជា បានថ្លែងក្នុងក្នុងសិក្ខាសាលាស្ដីពីប្រាក់រៀល និងអបអរខួប៤៥ឆ្នាំនៃការដាក់ចរាចរប្រាក់រៀលឡើងវិញនៅសភាជាតិកម្ពុជា​ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥កន្លងទៅនេះថា​ លុយដុល្លារអាមេរិកគឺជាសម្បត្តិរបស់រតនាគារអាមេរិកដូច្នេះប្រសិនជាថ្ងៃណាមួយអាមេរិកមិនសប្បាយចិត្តជាមួយនឹងគោលនយោបាយប្រទេសណាមួយ អាមេរិកមានសិទ្ធិគ្រប់ពេលក្នុងការបង្កកលុយមិនទទួលយកពីប្រទេសនោះដែលនេះហើយជាក្ដីបារម្ភដែលមិនត្រឹមតែធនាគារជាតិនោះទេ ពលរដ្ឋក្នុងប្រទេសនោះក៏ប៉ះពាល់ផងដែរ។

...

គួរបញ្ជាក់ថា​ ការបារម្ភពីការប្រើប្រាស់លុយដុល្លារនោះគឺកើតមានកាន់តែខ្លាំងបន្ទាប់ពីធនាគារកណ្ដាលអាមេរិក​បាន​បង្កកទ្រព្យសម្បត្តិរបស់រុស្ស៊ីរាប់ពាន់លានដុល្លារបន្ទាប់ពី​មានការផ្ទុះឡើងនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ​៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print