នៅយប់ថ្ងៃផ្សំដំណេក ពូចន បានប្រាប់ទៅមីងចំរើនថា មិនបាច់ភ័យបារម្ភ ឬព្រួយអ្វីទេយើងគ្រាន់តែធ្វើពុតជាប្ដីប្រពន្ធនឹងគ្នាទៅបានហើយ។ ខ្ញុំដឹងថាចំរើនឯងមានប្ដីមានកូនរួចហើយ។ ចំណែកខ្ញុំក៏មានប្រពន្ធរួចហើយដែរ គ្រាន់តែយើងបែកគ្នាដោយសារសង្គ្រាមប៉ុណ្ណោះ។ ដូច្នេះយើងគ្រាន់តែរៀបការបង្រ្គប់កិច្ចទៅបានហើយ។ មីង ចំរើន តបវិញដោយទឹកមុខត្រេកអរថាចាសបង! ខ្ញុំដឹងថាបងមានបំណងល្អមកលើប្អូននិងគ្រួសារ។ នេះគ្រាន់តែជាការសម្ដែងដើម្បីរក្សាជីវិតយើងតែប៉ុណ្ណោះ។ នៅក្នុងពេលនោះទាំងពូចន ទាំងមីង ចំរើននិយាយខ្សឹបៗគ្នាតែប៉ុណ្ណោះព្រោះខ្លាចក្រែងមានអ្នកឮ រួចចាប់ខ្លួនអ្នកទាំងពីរយកទៅសម្លាប់ចោល។
បន្ទាប់ពីយប់នោះមក ពីមួយថ្ងៃទៅមួយថ្ងៃ មីងចំរើន ក្នុងនាមជាម្ដាយផង កូនផង ត្រូវរ៉ាប់រងស៊ូទ្រាំថែមទាំងជួយដល់ម្ដាយជរាទៀត។ទោះជាលួចលាក់ឬកុហកអ្វីក៏ដោយឱ្យតែអាចមានរបស់ហូបគឺគាត់ធ្វើបានទាំងអស់។ ថ្ងៃមួយពេលដែលមីងចំរើនត្រូវអង្គការចាត់ឱ្យទៅបាចទឹកចេញពីស្រែ។មីង ចំរើន បានលបលួចយកកង្កែបនិងត្រីដាក់ទុកក្នុងក្រមាហើយពេលមកដល់ផ្ទះវិញទើបឱ្យយាយសយ ធ្វើជាដាំទឹករួចអាំងត្រីនិងកង្កែបនោះនៅក្នុងរងើកភ្លើងក្រោមឆ្នាំងឬកំសៀវទឹកនោះ។
*បានសុខសាន្តត្រាណ :
នាដើមខេត្តធ្នូឆ្នាំ ១៩៧៨ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានកើតឡើង។ កងកម្លាំងរណសិរ្សបានបន្តពង្រីកការវាយរំដោះតាមភូមិ ស្រុក ខេត្ត និងក្រុងមួយចំនួន ហើយនៅទីបញ្ចប់កងកម្លាំងរណសិរ្ស បានវាយរំដោះក្រុងភ្នំពេញបាននៅថ្ងៃទី ៧ ខែ មករា ឆ្ន១៩៧៩ វេលាម៉ោង ១២ និង ៣០ នាទី។
របបបីឆ្នាំប្រាំបីខែ ២០ ថ្ងៃដ៏សែនខ្មៅងងឹតត្រូវបានបញ្ចប់ ប្រៀបបានទៅនឹងស្រមោលនៃស្បៃរាត្រីងងឹតរសាត់ចាកចេញបាត់ទៅដោយសារតែកម្លាំងរស្មីនៃពន្លឺព្រះអាទិត្យ។ របបប៉ុលពតបានបញ្ចប់ កម្ពុជាបានទទួលនូវរបបថ្មីហើយប្រជាជនទាំងអស់បានវិលត្រឡប់មកកាន់ស្រុកកំណើតជួបជុំបងប្អូនសាច់ញាតិ និងអាចបង្កបង្កើនផលបានដោយខ្លួនឯងវិញ។
ក្រោយពីរបបព្រៃផ្សៃយង់ឃ្នងនេះបានបញ្ចប់ មីងចំរើន យាយសយ និងកុមារីផល ដែលមានអាយុបួនឆ្នាំ បានវិលមកកាន់ផ្ទះនៅឯទួលទំពូងស្ថិតនៅក្នុងទីក្រុងភ្នំពេញវិញ។ នៅពេលមកដល់ផ្ទះរបស់ខ្លួន មីងចំរើនបានឃើញមានប្រជាជនមួយគ្រួសារបានមកស្នាក់នៅក្នុងផ្ទះរបស់តាស៊ុន យាយសយ រួចទៅហើយ។ មីងចំរើនពុំជាប្រកែកទាមទារអ្វីឡើយ ប៉ុន្តែគាត់បែរជាផ្ដាំផ្ញើម្ចាស់ផ្ទះវិញថា បើសិនជាឃើញមានសមាជិក ឬមានអ្នកណាសួររកខ្ញុំ និងម្ដាយរបស់ខ្ញុំសូមបងជួយប្រាប់ថា ខ្ញុំនិងម្ដាយនឹងទៅស្នាក់នៅម្ដុំឈូកវ៉ាស្រុកកំណើតខាងម្ដាយរបស់ខ្ញុំ។ផ្ដាំផ្ញើរួចមីង ចំរើន យាយសយនិងកុមារផលក៏ទៅស្នាក់នៅផ្ទះម្ដុំឈូកវ៉ាវិញ។
ថ្លែងពី ពូផាត ឯណោះវិញវេលាដែលគាត់រកស៊ីជួញនៅដើមឆ្នាំ ១៩៧៥ គាត់មានភ័ព្វសំណាងណាស់។ ពូផាត ត្រូវបានកងកម្លាំងទ័ពជើងទឹកអាមេរិកជួយសង្គ្រោះ ពេលដែលពួកខ្មែរក្រហមបម្រុងនិងបាញ់សម្លាប់គាត់។ កងទ័ពទាំងអស់នោះបានយកពូផាតទៅរស់នៅប្រទេសអាមេរិក។ ខណៈដែលពូផាតស្នាក់នៅប្រទេសអាមេរិក គាត់តែងតែនឹករឭក និងគិតពីក្រុមគ្រួសារប្រពន្ធនិងកូនក្នុងផ្ទៃពោះរបស់ប្រពន្ធគាត់ដែលគាត់ពុំទាន់ទាំងឃើញមុខផងនោះ។ គាត់តែងតែប្រាថ្នាថា នឹងបានវិលមកកាន់មាតុប្រទេសជួបជុំក្រុមគ្រួសារវិញ។
នៅថ្ងៃទី ២៣ ខែតុលាឆ្នាំ ១៩៩១ គឺ ១២ ឆ្នាំក្រោយពីខ្មែរក្រហមដួលរលំ និងបានទទួលកិច្ចព្រមព្រៀងទីក្រុងប៉ារីសមក ពូផាត បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។ គ្រាន់តែមកដល់ភ្លាម ពូផាត ដើរតម្រង់ឆ្ពោះទៅផ្ទះប្រពន្ធរបស់គាត់នៅម្ដុំផ្សារទួលទំពូង។ នៅពេលដែលពូផាត ដើរទៅដល់ខាងមុខផ្ទះគាត់មានទឹកមុខសប្បាយខុសប្លែកពីសព្វមួយដង។ ក្នុងចិត្តរបស់គាត់គិតថា បន្តិចទៀតនឹងបានជួបមុខប្រពន្ធ ហើយនឹងឃើញមុខកូនជាទីស្រឡាញ់ជាលើកដំបូង។ ការស្រមៃ និងអារម្មណ៍សប្បាយរីករាយរបស់ពូផាត ត្រូវបានរលាយអស់។ នៅពេលមកដល់ខាងមុខផ្ទះ គាត់បានឃើញបុរសម្នាក់ រួចសួរបុរសដែលជាម្ចាស់ផ្ទះថ្មីនោះថាអត់ទោសបងប្រុស តើបងប្រុសមានឃើញស្ត្រីដែលជាម្ចាស់ផ្ទះនេះពីមុនមកកាន់ផ្ទះនេះទេ ? បុរសនោះតបថា បាទលោកប្អូន ខ្ញុំឃើញគាត់គឺមានស្ត្រីចំណាស់ម្នាក់ស្ត្រីវ័យកណ្ដាលម្នាក់ និងក្មេងស្រីម្នាក់ ។ គាត់ប្រាប់ថា បើសិនជាពេលណាមានអ្នកណាមករកគាត់នៅផ្ទះនេះ សូមប្រាប់ថា គាត់ទៅរស់នៅស្រុកខាងម្ដាយនៅម្ដុំវត្តឈូកវ៉ា។ គ្រាន់តែឮដូច្នោះភ្លាម ពូផាត បានអរគុណ ហើយលាបុរសនោះទៅតាមស្វែងរកប្រពន្ធកូន និងម្ដាយក្មេក។ ពេលទៅដល់វត្តឈូកវ៉ា គាត់បានចូលទៅបន់ស្រន់ដោយប៉ងប្រាថ្នាថា សូមឲ្យជួបប្រពន្ធ និងកូនស្រីបណ្ដូលចិត្តរបស់គាត់។ បន់ស្រន់រួច ពូផាតតាមស្វែងរកបន្តនៅក្នុងភូមិក្បែរៗនោះ។ ពេលនោះគាត់បានឃើញក្មេងស្រីម្នាក់ដើរលក់នំគមនិងអាកោហើយមានបុរសម្នាក់រត់កង់ឌុបជ្រុលបុកនឹងថាសដាក់នំលក់របស់ក្មេងស្រីនោះ។ រីឯពូកង់ឌុបនោះហេតុតែខ្លាចផងប្រញាប់ដឹកម៉ូយផង ក៏ជិះកង់ហួសផុតទៅ។ ពូផាតដើរមកដល់ ហើយឃើញក្មេងស្រីនោះក៏ជួយលើកថាសនំឡើង។ នៅពេលដែលនាងងើបមុខឡើង ពូផាត កត់សម្គាល់ក្នុងចិត្តថា ក្មេងស្រីនោះមានទម្រង់មុខស្រដៀងទៅនឹងមុខមាត់របស់គាត់។ ក្រោយពីបានសួរនាំក្មេងស្រីនោះរួចមក ពូផាតបានជួយជូនក្មេងស្រីនោះទៅដល់ផ្ទះ។នៅពេលទៅដល់ផ្ទះ ពូផាតបានឃើញមីង ចំរើន ដែលជាប្រពន្ធ និងយាយសយដែលជាម្ដាយក្មេក។ ឃើញដូចនេះ ពូផាតស្ទុះរត់ទៅឱបប្រពន្ធ
ហើយមីងចំរើនប្រាប់ពូផាតថា ក្មេងស្រីដែលបងបានជួបនេះ គឺជាកូនស្រីរបស់បងហើយ។ អ្នកទាំងអស់យំឱបគ្នាដោយក្តីនឹករលឹកជាពន់ពេក។
ក្រោយមក ពូផាត បានយកប្រពន្ធកូន និងម្ដាយក្មេកទៅរស់នៅប្រទេសអាមេរិក។ អស់រយៈពេល ១០ ឆ្នាំនៅសហរដ្ឋអាមេរិក យាយសយបានស្លាប់ដោយសារតែគាត់មានជំងឺនិងជរាភាព។ បន្ទាប់ពីមរណភាពរបស់យាយសយ ពូផាត និងមីងចំរើន បានសម្រេចចិត្តវិលត្រឡប់មករស់នៅក្នុងប្រទេសកម្ពុជាវិញ។ចំណែកឯកូនស្រីរបស់មីងចំរើនមានប្ដីជាជនជាតិអាមេរិក និងមានកូនប្រុសមួយដ៏ស្រស់សង្ហា។ អ្នកទាំងអស់គ្នាបានសម្រេចចិត្តវិលមកកាន់មាតុប្រទេសវិញហើយរស់នៅយ៉ាងមានសុភមង្គលនៅក្រោមម្លប់នៃសុខសន្តិភាព៕