ភ្នំពេញ ៖ មួយថ្ងៃបន្ទាប់ពី ដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា ស្ថានទូតចិននៅកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ បានធ្វើសន្និសីទសារព័ត៌មាន ប្រកាសច្បាស់ៗថា ចិន-កម្ពុជា នឹងរួមគ្នាដើម្បីការពារសន្តិសុខ ការពារយុត្តិធម៌លើឆាកអន្តរជាតិ។
លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ប្រព័ន្ធឯកតោនិយមមិនអាចទទទួលស្គាល់ពីប្រជាជនចិនទេ ចំណែកកម្ពុជាវិញ សម្ដេចតេជោ ហ៊ុន សែន ក៏ធ្លាប់បញ្ជាក់ថា កម្ពុជានិងចិន នឹងសហការជាមួយគ្នានៅពេលមានបញ្ហាប្រឈមគ្រប់ប្រភេទ។
លោក វ៉ាង វិនពីន (Wang Wenbin) បានថ្លែងថា«ភាគីទាំងពីរ រួមគ្នាដើម្បីការពារសន្តិសុខ ការពារយុត្តិធម៌លើឆាកអន្តរជាតិ ភាគីទាំងពីរបានប្រកាសសាជាថ្មីថា យើងនឹងរួមគ្នាដើម្បីការពារប្រព័ន្ធអន្តរជាតិដែលមានអង្គការសហប្រជាជាតិជាស្នូល ការពារសណ្ដាប់ធ្នាប់អន្តរជាតិដែលមានច្បាប់អន្តរជាតិជាមូលដ្ឋាន ការពារគោលនយោបាយមូលដ្ឋានសម្រាប់ទំនាក់ទំនងអន្តរជាតិដែលមានគោលការណ៍នៃធម្មនុញ្ញនៃអង្គការសហប្រជាជាតិជាមូលដ្ឋាន។ ភាគីទាំងពីរបានប្រឆាំងជាមួយគ្នាចំពោះឯកតោភាគី និងគ្រប់ប្រភេទនៃការការពារនិយមទៅលើវិស័យពាណិជ្ជកម្ម សហការជាមួយគ្នាដើម្បីក្លាយទៅជាកម្លាំងសន្តិភាព កម្លាំងស្ថេរភាពបច្ចុប្បន្នដែលមានការប្រែប្រួលយ៉ាងស្មុគស្មាញដែលមិនធ្លាប់កើតមាន»។
លោក ឯកអគ្គរដ្ឋទូតចិន បានថ្លែងទៀតថា សមិទ្ធផលដែលទទួលបានក្នុងដំណើរទស្សនកិច្ចរបស់ លោក ស៊ី ជីនពីង (Xi Jinping) បង្ហាញថា ចិនជាអ្នកគាំទ្រមុតមាំជាងគេសម្រាប់ប្រទេសកម្ពុជា និងជាដៃគូអភិវឌ្ឍន៍ដែលអាចពឹងផ្អែកបាន លើសពីនេះទៅទៀត ទំនាក់ទំនងមិត្តភាពរវាងចិននិងកម្ពុជាមិនអាចបំផ្លាញបានទេ។
លោក វ៉ាង វិនពីន (Wang Wenbin) បានសង្កត់ធ្ងន់ថា «យើងនឹងសហការជាមួយនឹងកម្ពុជាដើម្បីអភិវឌ្ឍសមិទ្ធផលដែលយើងសម្រេចបានក្នុងដំណើរទស្សនកិច្ចរបស់ លោក ស៊ី ជីនពីង (Xi Jinping) រក្សាការពារពូនជ្រំនូវចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជាចិននៅកម្ពុជាឱ្យបានកាន់តែល្អ ជំរុញការកសាងសហគមន៍វាសនារួម រួមចំណែកកសាងសហគមន៍វាសនារួមក្នុងប្រទេសជុំវិញរបស់យើង និងវាសនារួមសម្រាប់មនុស្សជាតិដើម្បីផ្ដល់ផលប្រយោជន៍កាន់តែល្អដល់ប្រជាជននៃប្រទេសយើងទាំងពីរ»៕
ដោយ ៖ សិលា