ប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀ ពូទីនប្រកាសបទឈប់បាញ់ដ៏គួរឱ្យភ្ញាក់ផ្អើលរយៈពេល៣០ម៉ោង ដើម្បីអនុញ្ញាតឱ្យប្រជាជនប្រារព្ធពិធីបុណ្យ Easterនៅអ៊ុយក្រែន

ចែករំលែក៖

អន្តរជាតិ ៖ ប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀ ពូទីន នៅថ្ងៃសៅរ៍ទី១៩ខែមេសាឆ្នាំ២០២៥ បានប្រកាសបទឈប់បាញ់ដ៏គួរឱ្យភ្ញាក់ផ្អើលរយៈពេល៣០ម៉ោង ដើម្បីអនុញ្ញាតឱ្យប្រជាជនប្រារព្ធពិធីបុណ្យ Easterនៅអ៊ុយក្រែន។ លោកពូទីនបានបន្ថែមថា លោកសន្មត់ថាអ៊ុយក្រែននឹងធ្វើតាមគំរូរបស់រុស្ស៊ី។

លោកពូទីនបានបញ្ជាឱ្យបញ្ឈប់ការប្រយុទ្ធចាប់ពីម៉ោង ៦ ល្ងាចម៉ោងនៅទីក្រុងមូស្គូ នៅថ្ងៃសៅរ៍ រហូតដល់ពាក់កណ្តាលអធ្រាត្រយប់ថ្ងៃអាទិត្យទី២០ខែមេសា។ លោកពូទីនបានប្រកាសនៅក្នុងកិច្ចប្រជុំមួយតាមទូរទស្សន៍កាលពីថ្ងៃសៅរ៍ដោយនិយាយថា ផ្អែកលើការពិចារណាមនុស្សធម៌ ភាគីរុស្ស៊ីប្រកាសបទឈប់បាញ់នៅថ្ងៃបុណ្យ Easter ហើយលោកបញ្ជាឱ្យបញ្ឈប់សកម្មភាពយោធាទាំងអស់សម្រាប់រយៈពេលនេះ។
លោកពូទីនបានបន្ថែមថា លោកសន្មត់ថាអ៊ុយក្រែននឹងធ្វើតាមគំរូរបស់រុស្ស៊ី។ យ៉ាងណា លោកបានបញ្ជាឱ្យកងទ័ពរបស់រុស្ស៊ី ត្រៀមជានិច្ចដើម្បីប្រឆាំងនឹងការរំលោភបំពានដែលអាចកើតមានលើបទឈប់បាញ់នេះ និងការបង្កហេតុដោយសត្រូវ និងរាល់សកម្មភាពឈ្លានពាននានា។
ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡីឌីមៀ ហ្សេលេនស្គីបាននិយាយថា ទីក្រុងគៀវនឹងប្រកាន់ខ្ជាប់នូវបទឈប់បាញ់។ លោកបាននិយាយថា ប្រសិនបើប្រទេសរុស្ស៊ីឥឡូវនេះត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមយ៉ាងពិតប្រាកដ នៅក្នុងទម្រង់នៃភាពស្ងៀមស្ងាត់ពេញលេញ និងដោយគ្មានលក្ខខណ្ឌ អ៊ុយក្រែននឹងធ្វើសកម្មភាពតាមនោះ។ ទោះបីជាមិនទាន់មានទំនុកចិត្តលើលោកពូទីនទាំងស្រុងក៏ដោយ ប៉ុន្តែលោកហ្សេលេនស្គីបាននិយាយថា អ៊ុយក្រែនក៏ត្រៀមខ្លួនផងដែរ សម្រាប់បទឈប់បាញ់លើសពីថ្ងៃទី២០ខែមេសា។
ចំណាត់ការដោយឯកតោភាគីរបស់លោក ពូទីន បានធ្វើឡើងមិនយូរប៉ុន្មាន ក្រោយការប្រកាសរបស់ទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃសុក្រទី១៨ខែមេសាថា ខ្លួនអាចបោះបង់ចោលការសម្របសម្រួល នៅក្នុងកិច្ចចរចាបញ្ចប់ជម្លោះ រវាងរុស្ស៊ីនិងអ៊ុយក្រែន ដើម្បីបង្កើតកិច្ចព្រមព្រៀងសន្តិភាព។ លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានប្រាប់អ្នកយកព័ត៌មានថា ប្រសិនបើភាគីខាងណានៃជម្លោះបង្កការលំបាកខ្លាំង ហើយមិនមានសញ្ញាច្បាស់លាស់នៃវឌ្ឍនភាពក្នុងពេលឆាប់ៗនេះទេ អាមេរិកនឹងដើរចេញពីការចរចា។
ដោយឡែក លោក ដូណាល់ត្រាំ គំរាមឈប់ធ្វើអ្នកសម្របសម្រួលបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន ។
សូមបញ្ជាក់ថា ៖ ប្រធានាធិបតីអាម៉េរិក លោកដូណាល់ត្រាំបានគំរាមទៅកាន់អ៊ុយក្រែន និងរុស្ស៊ីចំៗថា សហរដ្ឋអាម៉េរិកអាចនឹងដកខ្លួនចេញពីតួនាទីរបស់ខ្លួនក្នុងការសម្របសម្រួលការចរចាបទឈប់បាញ់រុស្ស៊ី និងអ៊ុយក្រែន ប្រសិនបើភាគីជម្លោះទាំងពីរមិនមានសញ្ញាណាមួយបង្ហាញពីភាពវិជ្ជមានក្នុងការបញ្ចប់សង្រ្គាមជាមួយគ្នា។ ឆ្លើយតបក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ១៨ ខែមេសា លោកបានសម្តែងការខកចិត្តចំពោះកិច្ចចរចាដែលជាប់គាំងដោយព្រមានថាសហរដ្ឋអាម៉េរិកនឹងត្រឡប់ក្រោយប្រសិនបើភាគីណាមួយនៅតែបន្តរារាំងដំណើរការសន្តិភាព និងបដិសេធក្នុងការបញ្ចប់ជម្លោះជាមួយគ្នា ។

តាមលោកដូណាល់ត្រាំបានឆ្លើយប្រាប់ក្រុមអ្នកសារព័ត៌មានថាឥឡូវនេះប្រសិនបើមានហេតុផលមួយចំនួនក្នុងចំណោមភាគីទាំងពីរធ្វើឱ្យមានការលំបាកខ្លាំងក្នុងការបញ្ចប់សង្រ្គាមមួយនេះ នោះអាម៉េរិកគ្មានជម្រើសអ្វីក្រៅពីដកថយ និងបញ្ឈប់ខ្លួនជាអ្នកសម្របសម្រួលបញ្ចប់ជម្លោះមួយនេះឡើយ។

មុនការលើកឡើងបែបនេះរបស់លោកត្រាំ រដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិក លោក Rubio បានអះអាងថាសង្រ្គាមមួយនេះមិនមែនជាសង្រ្គាមរបស់អាម៉េរិកឡើយ ហើយអាម៉េរិកក៏មិនមែនជាអ្នកផ្តើមដែរ ហើយប្រសិនបើការសម្របសម្រួលមិនអំណោលផលនោះអាម៉េរិកនិងសម្រេចចិត្តដកខ្លួនថយចេញពីអ្នកសម្របសម្រួល៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print