តារាចម្រៀងជប៉ុនធ្វើដំណើរតាមយន្តហោះ៤ម៉ោងជារៀងរាល់ថ្ងៃដើម្បីទៅសាលារៀន

ចែករំលែក៖

តារាចម្រៀងជប៉ុនដ៏ល្បីល្បាញ Yuzuki Nakashima ដែលបានចំណាយពេល 4 ម៉ោងក្នុងមួយថ្ងៃ សម្រាប់រយៈពេល 4 ឆ្នាំធ្វើដំណើរទៅសាកលវិទ្យាល័យ ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសាធារណជនជប៉ុនចំពោះការលះបង់របស់នាង ។

យោងតាមកាសែត South China Morning Post នៅថ្ងៃទី 20 ខែមេសា តារាចម្រៀងជនជាតិជប៉ុនម្នាក់បានក្លាយជាចំណុចនៃការចាប់អារម្មណ៍ខ្លាំងបំផុតបន្ទាប់ពីចែករំលែកការធ្វើដំណើររយៈពេល 4 ឆ្នាំនៃការហោះហើរជាង 4 ម៉ោងជារៀងរាល់ថ្ងៃរវាងទីក្រុងតូក្យូ និងហ្វូគូអូកា ដើម្បីចូលរៀននៅសាកលវិទ្យាល័យ។
កញ្ញា Yuzuki Nakashima អាយុ ២២ឆ្នាំ ជាសមាជិកក្រុមចម្រៀងស្រីដ៏ល្បីល្បាញ Sakurazaka46 នៅប្រទេសជប៉ុន។ ថ្វីត្បិតតែបានចូលប្រឡូកក្នុងវិស័យសិល្បៈក្នុងទីក្រុងតូក្យូក៏ដោយ កញ្ញា Nakashima នៅតែតស៊ូក្នុងការសិក្សារយៈពេលបួនឆ្នាំនៅសាកលវិទ្យាល័យក្នុងទីក្រុង Fukuoka ដែលមានចម្ងាយជាង 1,000km ពីកន្លែងដែលនាងរស់នៅ។
នៅក្នុង vlog ដែលត្រូវបានចែករំលែកនាពេលថ្មីៗនេះ នាងបានបង្ហើបថា ការសិក្សានៅសាលានេះគឺជាក្តីស្រមៃរបស់នាងតាំងពីនៅវិទ្យាល័យមកម្ល៉េះ។
ដើម្បីឱ្យវាកើតឡើង នាងបានទទួលយកកាលវិភាគដ៏តឹងរ៉ឹងបំផុត៖ ក្រោកពីគេងនៅម៉ោង 5 ព្រឹក ដើម្បីតុបតែងមុខ ហើយចាកចេញទៅអាកាសយានដ្ឋាន Haneda នៅម៉ោង 6 ព្រឹក ដោយហោះហើរទៅកាន់អាកាសយានដ្ឋាន Kitakyushu ហើយបន្តដោយតាក់ស៊ី ឬឡានក្រុងទៅសាលារៀននៅ Fukuoka ។
ពេលវេលាធ្វើដំណើរមួយជើងសរុបចំណាយពេលលើសពីពីរម៉ោង ហើយការចំណាយប្រចាំថ្ងៃគឺច្រើនជាង 15,000 យ៉េន (ប្រហែល 105 ដុល្លារ)។
ទោះបីហត់នឿយ ប៉ុន្តែនាងតែងតែឆ្លៀតពេលទំនេរនៅលើផ្លូវដើម្បីសិក្សា និងធ្វើកិច្ចការផ្ទះ។ ក្រោយពីរៀនចប់ នាងបានជិះយន្តហោះត្រឡប់ទៅទីក្រុងតូក្យូវិញ ដើម្បីបន្តហាត់ច្រៀង និងរាំរហូតដល់យប់។
គេដឹងថាមុននឹងល្បីនាងបានធ្វើការក្រៅម៉ោងជាច្រើនដើម្បីសន្សំលុយបន្តក្តីស្រមៃក្នុងការច្រៀង។ ឥឡូវនេះ បន្ទាប់ពីរយៈពេលបួនឆ្នាំនៃការរក្សាកាលវិភាគដ៏លំបាក នាង Nakashima បានបញ្ចប់ការសិក្សា និងទទួលបានសញ្ញាប័ត្រមហាវិទ្យាល័យ។
នាងបានចែករំលែកថា នាងធ្លាប់រក្សាការសិក្សារបស់នាងជាការសម្ងាត់ ដើម្បីកុំឱ្យប៉ះពាល់ដល់សកម្មភាពរបស់ក្រុម ប៉ុន្តែឥឡូវនាងមានអារម្មណ៍ថានេះជាពេលត្រឹមត្រូវដើម្បីចែករំលែក “ផ្នែកដ៏សំខាន់នេះក្នុងជីវិតរបស់នាង” ។
រឿងរ៉ាវរបស់ Nakashima បានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ហើយត្រូវបានអ្នកនិយមលេងអ៊ីនធឺណែតសរសើរថាជាប្រភពនៃការលើកទឹកចិត្តដ៏រឹងមាំ ដែលផ្តល់កម្លាំងចិត្តបន្ថែមទៀតមិនឱ្យបោះបង់ក្នុងអំឡុងពេលស្វែងរកការងារដ៏លំបាកនាពេលបច្ចុប្បន្ននេះ។
មនុស្សជាច្រើនបានសម្តែងការកោតសរសើរចំពោះការតស៊ូរបស់នាងក្នុងការធ្វើឱ្យមានតុល្យភាពលើការសិក្សា ការសម្តែង និងកម្មវិធីទូរទស្សន៍៕

...

រូបថត​: SCMP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print