កម្ពុជាមានភាពរីកចម្រើនគួរកត់សម្គាល់ក្នុងការជំរុញ ឱ្យកាន់តែប្រសើរឡើងនូវយុត្តិធម៌សង្គម ការលើកកម្ពស់សមភាពយេនឌ័រ និងការការពារ ក្រុមងាយរងគ្រោះ

ចែករំលែក៖

ភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បង្ហាញសមិទ្ធផលរបស់កម្ពុជាក្នុងវិស័យសិទ្ធិមនុស្ស ការកសាងសន្តិភាព និងការអភិវឌ្ឍ ដែលត្រូវបានរំលេចឡើងនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស បានចេញសេចក្តីប្រកាសព័ត៌មាន ពីស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ កម្ពុជាបញ្ជាក់ពីយុត្តិធម៌សង្គម និងអភិបាលកិច្ចល្អ៖ កម្ពុជាមានភាពរីកចម្រើនគួរកត់សម្គាល់ក្នុងការជំរុញ ឱ្យកាន់តែប្រសើរឡើងនូវយុត្តិធម៌សង្គម ការលើកកម្ពស់សមភាពយេនឌ័រ និងការការពារ ក្រុមងាយរងគ្រោះ។ កម្ពុជាបាននឹងកំពុងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អអភិបាលកិច្ច កាត់បន្ថយអំពើពុករលួយ និងលើកកម្ពស់តម្លាភាព។ រាជរដ្ឋាភិបាលបានផ្តោតលើការកែលម្អ ការអប់រំ ការថែទាំសុខភាព និងការទទួលបានសេវាសាធារណៈសំខាន់ៗ ដោយធានាថា អត្ថប្រយោជន៍ទាំងនេះត្រូវបានចែករំលែកប្រកបដោយសមធម៌សម្រាប់ប្រជាពលរដ្ឋទាំងអស់។

ការការពារសិទ្ធិកុមារ៖ កម្ពុជាបានដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើន ដើម្បីការពារកុមារ រួម ទាំងយុទ្ធនាការ “ទំនាក់ទំនងគ្រួសាររឹងមាំ និងគម្រោង “បញ្ចប់អំពើហិង្សាលើកុមារនៅ ក្នុង និងជុំវិញសាលារៀននៅកម្ពុជា»។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ស្របតាមការប្តេជ្ញាចិត្ត របស់កម្ពុជាក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ក្នុងការលុបបំបាត់អំពើហិង្សាលើកុមារឱ្យបានមុនឆ្នាំ២០៣០។

ការលើកកម្ពស់សមភាពយេនឌ័រ៖ រាជរដ្ឋាភិបាលបានបោះជំហានយ៉ាងចាំបាច់មួយទៀត ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ការការពារក្រុមងាយរងគ្រោះ និងធានាថាមនុស្សគ្រប់ រូបទទួលបានសិទ្ធិរបស់ពួកគេដោយគ្មានការរើសអើង។ ការប្តេជ្ញាចិត្តរបសកម្ពុជាចំពោះ សមភាពយេនឌ័រត្រូវបានឆ្លុះបញ្ចាំងនៅក្នុងគោលនយោបាយទាក់ទងនឹងសមភាពយេនឌ័រនិងការទប់ស្កាត់អំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ ដែលរួមចំណែកដល់ការកសាងសង្គមឱ្យ កាន់តែមានភាពយុត្តិធម៌ និងសមធម៌ ហើយសិទ្ធិស្ត្រី និងកុមារីត្រូវបានគោរព និងការពារ។

ការដោះស្រាយការប្រែប្រួលអាកាសធាតុ៖ ការប្រែប្រួលអាកាសធាតុនៅតែជាបញ្ហាប្រឈម ដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា និងសហគមន៍នៅលើសកលលោក។ កម្ពុជាអនុវត្តកិច្ចខិតខំ ប្រឹងប្រែងក្នុងការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដោយអនុលោមតាម គោលការណ៍ទំនួលខុសត្រូវរួម ប៉ុន្តែទំហំនិងសកម្មភាពខុសគ្នា។ កម្ពុជាគាំទ្រយ៉ាងសកម្មនូវ គំនិតផ្តួចផ្តើមជាសកល និងក្នុងតំបន់ស្តីពីការកាត់បន្ថយ និងការបន្សំខ្លួនទៅនឹងការប្រែប្រួល អាកាសធាតុ។

ការចូលរួមជាមួយសង្គមស៊ីវិល៖ កម្ពុជាមានសមាគម និងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក ជាង ៦០០០ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ការពារសិទ្ធិ មនុស្ស និងជំរុញការអភិវឌ្ឍជនបទ។ រាជរដ្ឋាភិបាលបានផ្តល់បរិយាកាសអំណោយផល សម្រាប់សង្គមស៊ីវិល ដោយធានាបាននូវសេរីភាពក្នុងការបង្កើតសមាគម និងការចូលរួមក្នុង ដំណើរការធ្វើសេចក្តីសម្រេចចិត្តនានា។

សិទ្ធិជនជាតិភាគតិច និងបរិយាប័ន្ន៖ កម្ពុជាផ្តល់តម្លៃដល់សាមគ្គីភាពក្នុងការរួមរស់ចម្រុះគ្នា លើកកម្ពស់អត្តសញ្ញាណជាតិរួមគ្នា ដែលចាក់ឫសគល់នៅក្នុងវប្បធម៌ ប្រវត្តិសាស្ត្រ និង ភាសាខ្មែរ ស្របគ្នានឹងការទទួលស្គាល់ការរួមចំណែកដ៏សំខាន់របស់ក្រុមជនជាតិភាគតិច ចំពោះគ្រឹះសង្គមជាតិ។ កម្ពុជាបានអនុវត្តគោលនយោបាយជាច្រើន ដើម្បីធានាបរិយាប័ន្ននៃ ជនជាតិភាគតិចពេញលេញ។ ទោះជាយ៉ាងណាក៏ដោយ ការរួមបញ្ចូលអត្តសញ្ញាណជនជាតិ ភាគតិច តម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលើកកម្ពស់បរិយាប័ន្ន ការគោរព និងការ ទទួលស្គាល់តួនាទីរបស់ពួកគេក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងវប្បធម៌របស់ប្រទេស។

ការលើកកម្ពស់ភាពសុខដុមរមនាក្នុងសង្គម៖ ការរើសអើងជាតិសាសន៍ និងការរើសអើង ក្នុងទម្រង់ដទៃដែលពាក់ព័ន្ធ នៅតែបង្កជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ និងជាប់លាប់ ដែលតម្រូវ ឱ្យមានការបន្តយកចិត្តទុកដាក់ជាសកល និងការខិតខំប្រឹងប្រែងរួមបន្ថែមទៀត។ កម្ពុជា បញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការលើកកម្ពស់ភាពសុខដុមរមនានៅក្នុងសង្គម និងការ ការពារគោលការណ៍មិនរើសអើង ដែលជាផ្នែកសំខាន់នៃការអភិវឌ្ឍជាតិ។ ឈរលើតម្លៃ សមភាព សេចក្តីថ្លៃថ្នូរ និងការគោរពគ្នាទៅវិញទៅមក កម្ពុជាខិតខំលើកកម្ពស់ឯកភាពជាតិ ក្នុងសង្គមពហុជាតិសាសន៍ និងវប្បធម៌ចម្រុះរបស់ខ្លួន។ កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការលើក កម្ពស់ការរួបរួមគ្នាក្នុងបរិបទពិពិធភាព ធានាឱ្យមានឱកាសស្មើគ្នាសម្រាប់គ្រប់រូប និង អភិវឌ្ឍសង្គមមួយដោយផ្អែកលើការអត់ឱន ការគោរព និងបរិយាប័ន្ន។

កិច្ចសហប្រតិបត្តិការបច្ចេកទេស និងការកសាងសមត្ថភាព៖ កម្ពុជាទទួលស្គាល់សារៈ សំខាន់នៃកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការកសាងសមត្ថភាពក្នុងការពង្រឹងស្ថាប័នជាតិ និងការបំពេញកាតព្វកិច្ចសិទ្ធិមនុស្ស។ ជំនួយបច្ចេកទេសអាចមានប្រសិទ្ធភាពបាន លុះ ត្រាតែជំនួយនោះផ្តល់ឱ្យដោយផ្អែកលើតម្រូវការជាក់ស្តែង ដោយមានការឯកភាពពេញលេញ ពីរដ្ឋនីមួយៗ និងផ្អែកលើការសន្ទនាពិតប្រាកដ។ ជំនួយនោះក៏ត្រូវស្របតាមអាទិភាពជាតិ និងគាំទ្រដល់ការអនុវត្តអនុសាសន៍ នៃកិច្ចប្រជុំត្រួតពិនិត្យជាសាកលតាមកាលកំណត់ (UPR) ដោយគោរពតួនាទី និងអធិបតេយ្យភាពរបស់រដ្ឋ ក្នុងនាមជាអ្នកកាន់កាតព្វកិច្ច ចម្បងក្នុងការការពារសិទ្ធិមនុស្ស។ កម្ពុជាកោតសរសើរចំពោះតួនាទីរបស់ OHCHR ក្នុង ការផ្តល់កិច្ចសហប្រតិបត្តិការបច្ចេកទេស និងការកសាងសមត្ថភាពដល់កម្ពុជា និងទូទាំង ពិភពលោក។ ដើម្បីធានាបាននូវនិរន្តរភាព និងប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែងទាំងនេះ ការផ្តល់មូលនិធិឱ្យបានគ្រប់គ្រាន់ពិតជាមានភាពចាំបាច់ណាស់។ កម្ពុជាលើកទឹកចិត្តឱ្យរដ្ឋ នានាផ្តោតលើមូលនិធិស្ម័គ្រចិត្តសម្រាប់ជំនួយបច្ចេកទេស និងផ្តល់អាទិភាពដល់ការផ្តល់ មូលនិធិគ្រប់គ្រាន់ ដើម្បីគាំទ្រដល់ជំនួយដែលផ្អែកលើតម្រូវការជាក់ស្តែងរបស់រដ្ឋ ក្នុងការ បំពេញកាតព្វកិច្ចសិទ្ធិមនុស្សឱ្យបានពេញលេញ។

ការចូលរួមរបស់កម្ពុជានៅក្នុងសម័យប្រជុំ HRC លើកទី៥៨ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេ របស់កម្ពុជាក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ពង្រឹងសន្តិភាព និងស្ថិរភាព និងការរួមចំណែក ដល់កិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីដោះស្រាយបញ្ហាប្រឈមសិទ្ធិមនុស្ស។

វឌ្ឍនភាពរបស់កម្ពុជាលើវិស័យផ្សេងៗ រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការកសាងសន្តិភាព និង សិទ្ធិមនុស្ស បានផ្តល់ជាគំរូសម្រាប់ប្រទេសដទៃទៀត និងបង្ហាញពីសារៈសំខាន់នៃការអភិវឌ្ឍ ប្រកបដោយបរិយាប័ន្ន និងការចូលរួមក្នុងន័យស្ថាបនានៅក្នុងក្របខ័ណ្ឌសិទ្ធិមនុស្សអន្តរជាតិ។ នៅ ពេលដែលប្រទេសកម្ពុជាបន្តដំណើរឆ្ពោះទៅរកការក្លាយជាសង្គមមួយដែលកាន់តែមានភាពយុត្តិធម៌ សមធម៌ និងបរិយាប័ន្ននោះ បានបញ្ជាក់ឡើងវិញនូវការយកចិត្តទុកដាក់របស់ខ្លួនក្នុងការធានាថា គ្មាននរណាម្នាក់ត្រូវបានទុកចោលក្នុងមាគ៌ាស្វែងរកសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និង សិទ្ធិមនុស្ស៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print