ខេត្តពោធិ៍សាត់ ៖ ពលរដ្ឋឃុំត្នោតជុំបានលើកឡើងនាព្រឹកថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នេះថា នៅរសៀលម្សិលម៉េញ មានករណីកុមារា អាយុ០៧ឆ្នាំម្នាក់បានលង់ទឹកស្រះក្បែរផ្ទះបណ្ដាលឲ្យស្លាប់បាត់បង់ជីវិត នៅគ្រាដែលជីដូននាំទៅលេងផ្ទះម្ដាយមីង។
សេចក្ដីរាយការណ៍ឲ្យដឹងទៀតថា ហេតុការណ៍កុមារាលង់ទឹកស្រះស្លាប់ខាងលើនេះបានកើតឡើងនៅចំណុចស្រះទឹកមួយកន្លែង ក្បែរផ្ទះរបស់ឈ្មោះ យ៉ាន ស្ថិតនៅភូមិបង្គងឃ្មុំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
សេចក្ដីរាយការណ៍ដដែលឲ្យដឹងទៀតថា ឈ្មោះ ចៀប អេង ភេទស្រី អាយុ ៦៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃខ្លា ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានរៀបរាប់ប្រាប់សមត្ថកិច្ចនគរបាលថា ខ្លួនត្រូវជាយាយរបស់កុមារារងគ្រោះ(លង់ទឹកស្លាប់)ឈ្មោះ គង់ ចាន់ដែន អាយុ០៧ឆ្នាំ មានទីនៅភូមិព្រៃខ្លា ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ លោកយាយ(ចៀប អេង)ប្រាប់សមត្ថកិច្ចទៀតថា មុនកើតហេតុគាត់បាននាំចៅ(គង់ ចាន់ដែន)ទៅលេងផ្ទះកូនប្រសាស្រី ស្ថិតនៅភូមិ.ឃុំកន្លែងកើតហេតុខាងលើ គ្រានោះគាត់(ចៀប អេង)បានជជែកគ្នាលេងជាមួយកូនប្រសាស្រី និងញាតិក្បែរខាង ចំណែកចៅរងគ្រោះ(គង់ ចាន់ដែន)បាននាំគ្នាលេងជាមួយក្មេងៗដទៃទៀត លុះប៉ុន្មានម៉ោងក្រោយមកបាត់ចៅរកពុំឃើញទើបនាំគ្នាឆោឡោដើររក ដោយមានការសង្ស័យនាំគ្នាចុះរាវក្នុងទឹកស្រះក្បែរនោះ ទើបឃើញចៅស្លាប់បាត់បង់ជីវិតបាត់ទៅហើយ បានត្រឹមនាំគ្រាទ្រហោយំប៉ុណ្ណោះ ។
ប្រភពបញ្ជាក់បន្ថែមទៀតថា សមត្ថកិច្ចនគរបាលសហការពិនិត្យយ៉ាងយកចិត្តទុកដាក់ និងធ្វើកំណត់ហេតុលាយលក្ខណ៍អក្សរត្រឹមត្រូវ ទើបប្រគល់សពកុមារាជូនក្រុមគ្រួសារ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយៈ ប៉ឹម ពិន