កាលពីថ្ងៃទី 20 ខែមេសា ប្រទេសកូរ៉េខាងជើងបានថ្កោលទោសការពិចារណារបស់ប្រធានាធិបតីអាមេរិក Donald Trump ចំពោះការបន្ធូរបន្ថយបទប្បញ្ញត្តិនៃការនាំចេញអាវុធ ដោយហៅវាថាជាវិធានការមួយសំដៅ “ពង្រីកសង្រ្គាម”។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានធ្វើការរិះគន់ខាងលើ នៅពេលសំដៅទៅលើបទបញ្ជាប្រតិបត្តិថ្ងៃទី 9 ខែមេសា របស់ប្រធានាធិបតី Trump ។ ដូច្នោះហើយ រដ្ឋបាល Trump បានស្នើសុំឱ្យមានការពិនិត្យឡើងវិញនូវបទប្បញ្ញត្តិគ្រប់គ្រងការនាំចេញឧបករណ៍យោធារបស់ទីក្រុងវ៉ាស៊ីនតោន ដោយមានគោលដៅបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ការលក់ផលិតផលការពារជាតិនៅបរទេស។
KCNA បានអះអាងថា ការលក់សព្វាវុធបានបម្រើការជាឧបករណ៍សំខាន់មួយក្នុងការលើកកម្ពស់គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកដែលមានគោលបំណងបង្កើត “អនុត្តរភាព” ហើយបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនពីការផ្គត់ផ្គង់ឧបករណ៍សង្គ្រាមដល់សម្ព័ន្ធមិត្តរបស់ខ្លួនក្នុងសង្គ្រាមនៅអ៊ុយក្រែន និងតំបន់ហ្គាហ្សាស្ទ្រីប។
របាយការណ៍នេះបានសង្កត់ធ្ងន់ថា ការលក់សព្វាវុធរបស់សហរដ្ឋអាមេរិកបានកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសម្ភារៈយោធាភាគច្រើនត្រូវបាននាំចេញទៅកាន់ “អ្នកប្រយុទ្ធ” នៅអឺរ៉ុប និងមជ្ឈិមបូព៌ា។
KCNA បានចោទប្រកាន់សហរដ្ឋអាមេរិកពី “ការលើកទឹកចិត្តដល់ការពង្រីកសង្រ្គាម” ខណៈពេលដែល “ធ្វើពុត” ដើម្បីសម្របសម្រួលកិច្ចពិភាក្សា និងការចរចា ដោយនិយាយថា ផលវិបាកនៃចលនាបែបនេះនឹងកាន់តែច្បាស់នៅពេលដែលអាវុធដ៍សាហាវរបស់សហរដ្ឋអាមេរិកត្រូវបានផ្ទេរទៅឱ្យកងកម្លាំងសង្គ្រាមប្រូកស៊ី។
មុននោះ ថ្លែងក្នុងពិធីចុះហត្ថលេខានៅការិយាល័យ Oval នៅថ្ងៃទី 9 ខែមេសា ជំនួយការសេតវិមាន Will Scharf បាននិយាយថា ជាមួយនឹងក្រឹត្យរបស់ប្រធានាធិបតី Trump នេះ ក្រសួងការពារជាតិ ក្រសួងការបរទេស និងទីភ្នាក់ងារពាក់ព័ន្ធនឹងត្រូវតម្រូវឱ្យធ្វើកំណែទម្រង់គ្រប់ជ្រុងជ្រោយនៃប្រព័ន្ធនាំចេញអាវុធ ដើម្បីធានាការផ្គត់ផ្គង់សម្ភារៈយោធាដល់សម្ព័ន្ធមិត្តប្រកបដោយប្រសិទ្ធភាព និងអាចទុកចិត្តបាន ខណៈពេលដែលគាំទ្រដល់ការបង្កើតការងារ និងបង្កើនប្រាក់ចំណូលរបស់សហរដ្ឋអាមេរិក។
បច្ចុប្បន្ននេះ នៅក្រោមច្បាប់គ្រប់គ្រងការនាំចេញអាវុធរបស់សហរដ្ឋអាមេរិក សភាអាមេរិកមានសិទ្ធិពិនិត្យមើលការលក់អាវុធបរទេស អាស្រ័យលើទំហំប្រតិបត្តិការ និងកម្រិតនៃសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងប្រទេសដែលទិញអាវុធនោះ។
អ្នកជំនាញមួយចំនួនបាននិយាយថា ការផ្លាស់ប្តូរនេះអាចនាំឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំងចំពោះទីផ្សារសព្វាវុធពិភពលោក ដែលនឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិកសម្រួលដល់ច្បាប់នាំចេញអាវុធ រួមទាំងសម្រាប់អាវុធបច្ចេកវិទ្យាខ្ពស់ ដូចជាមីស៊ីលរយៈចម្ងាយឆ្ងាយជាដើម ។ ការសម្រេចចិត្តនេះកំពុងបង្កើតសុទិដ្ឋិនិយមយ៉ាងខ្លាំងក្នុងចំណោមក្រុមហ៊ុនផលិតសព្វាវុធរបស់សហរដ្ឋអាមេរិក និងបើកឱកាសដ៏មានសក្តានុពលសម្រាប់ប្រទេសជាដៃគូ ជាពិសេសអ៊ុយក្រែន៕
រូបថត: TTXVN