ខេត្តកំពត៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទទី២១ ខែមេសា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត។ កំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតនៅក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ ៤,២៥ហិកតា ជាអំណោយរបស់អ្នកឧកញ៉ា វិញ ហួរ ជូនរាជរដ្ឋាភិបាលកម្ពុជា។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែល សម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ គឺសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់ជាតិ និងការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា។ កំពង់ផែនេះ លេចចេញជារូបរាងឡើងស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្តច្បាស់លាស់ប្រកបដោយភាពប្រាកដនិយមរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងនិងលើកកម្ពស់ការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា និងបម្រើដល់វិស័យទេសចរណ៍កម្ពុជា។
-សម្ដេចធិបតី ថ្លែងថា តាមរយៈសមិទ្ធផល កំពង់ផែទេសចរណ៍អន្តរជាតិកំពត សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់ ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានផ្តល់ហិរញ្ញប្បទានសម្បទានដល់ការអភិវឌ្ឍសាងសង់កំពង់ផែទេសចរណ៍នេះ និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងៗជាច្រើនទៀតជាបន្តបន្ទាប់ សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែល្អប្រសើរឡើង។
-សម្ដេចធិបតី ថ្លែងអំណរគុណដល់អាជ្ញាធររាជធានី ខេត្ត និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមរៀបចំតុបតែង ថែរក្សាសុខសុវត្ថិភាព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឱ្យដំណើរការទៅដោយសប្បាយរីករាយ និងមានសន្ដិសុខ សុវត្ថិភាព និងស្ថិរភាពជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិបានដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយ។
-សម្ដេចធិបតី ថ្លែងថា សមិទ្ធផលថ្ងៃនេះ គឺជាសមិទ្ធផលសាធារណៈ ឬសមិទ្ធផលជាតិទីមួយដែលសម្ដេចបានសម្ពោធក្រោយពេលពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខណៈកំពង់ផែនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម តាមរយៈការផ្តល់ឱកាសការងារ និងបង្កើនប្រាក់ចំណូលបន្ថែមដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសហគ្រាស អាជីវកម្មក្នុងស្រុក។
-សម្ដេចធិបតី ថ្លែងអំណរគុណដល់អ្នកបង្កើតមាតិកា និងប្រជាពលរដ្ឋ ដែលបានចូលរួមផ្សព្វផ្សាយពីសក្ដានុពលវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសផ្សព្វផ្សាយការលេងកម្សាន្តយ៉ាងសប្បាយរីករាយ ក្នុងឱកាចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅ នេះឱ្យពិភពលោកបានដឹងច្បាស់ពីកត្តាសុខសន្ដិភាពរបស់កម្ពុជា។
-សម្ដេចធិបតី ថ្លែងថា ប្រជាពលរដ្ឋយើងគួរតែមានមោទនភាព ខណៈប្រទេសយើងជាប្រទេសតូចដែលមានទំនាក់ទំនងល្អជាមួយប្រទេសចិនដែលជាប្រទេសមហាអំណាចមួយនៅលើពិភពលោក។
-សម្ដេចធិបតី ថ្លែងថា តាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិនមកកាន់កម្ពុជា គឺបង្ហាញកាន់តែច្បាស់អំពីទំនាក់ទំនងរឹងមាំរវាងកម្ពុជា និងចិន។
-សម្ដេចធិបតី ថ្លែងថា កម្ពុជាបើរវល់តែឆ្លើយតបទៅលើការវាយប្រហារដោយគ្មានមូលដ្ឋាន របស់ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេសនោះគឺមិនអាចដើរទៅដល់គោលដៅទេ ប៉ុន្ដែយើងត្រូវខិតខំបន្តធ្វើ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។
-សម្តេចធិបតី ថ្លែងថា ព្រែកជីកហ្វូណនតេជោ នៅតែបន្តធ្វើ ដោយគ្មានការរាថយនោះឡើយ ខណៈព្រែកជីកមួយនេះ គឺជាមធ្យោបាយដឹកជញ្ជូនផ្លូវទឹក ដោយតភ្ជាប់ពី សមុទ្រ និងទន្លេ។
-សម្ដេចធិបតី ថ្លែងថា កម្ពុជា មានឯករាជ្យភាព អធិបតេយ្យភាព ក្នុងការសម្រេចចិត្ត គ្មានអ្នកណាមួយដែលអាចមកសម្រេចចិត្តជំនួសកម្ពុជាបានឡើយ។
-សម្ដេចធិបតី ថ្លែងថា តាមរយៈសេចក្តីថ្លែងការណ៍រួមកម្ពុជា និងចិន ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ភាគីចិនបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះកម្ពុជា ក្នុងការប្រកាន់មាគ៌ាអភិវឌ្ឍន៍ដោយ ឯករាជ្យ និងស្របតាមលក្ខខណ្ឌជាតិរបស់កម្ពុជា ព្រមទាំងគាំទ្រកម្ពុជាដោយឥតងាករេ ចំពោះការការពារ អធិបតេយ្យភាពជាតិ ឯករាជ្យភាព និងបូរណភាពទឹកដី ព្រមទាំងតួនាទីកាន់តែសកម្ម និងសំខាន់របស់កម្ពុជា ក្នុងកិច្ចការតំបន់ និងអន្តរជាតិ។
-សម្ដេចធិបតី ថ្លែងថា ជំហរកម្ពុជាបើកច្រកវិនិយោគគ្រប់ប្រទេស លើពិភពលោក និងទំនាក់ទំនងសហប្រតិបត្តិការគ្រប់បណ្ដាប្រទេសលើពិភពលោក។ប្រទេសណាក៏យើងមិនជំទាស់ដែរ យើងទទួលទំនាក់ទំនងសហប្រតិបត្តិការវិនិយោគទាំងអស់។
-សម្តេចធិបតី ថ្លែងថា នាពេលខាងមុខនេះ នាវាចម្បាំងវៀតណាម រុស្ស៊ី ឥណ្ឌា និងអាមេរិក នឹងចូលសំចតនៅកំពង់ផែរាម បន្ទាប់ពីនាវាជប៉ុន ត្រូវបានអនុញ្ញាតឲ្យចូលសំចតមុនគេ ក្រោយកំពង់ផែរាម ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការកាលពីកន្លងទៅថ្មីៗនេះ។
-សម្តេចធិបតី ថ្លែងថា នៅខែកក្កដាខាងមុខនេះ សម្ដេចនឹងអញ្ជើញសម្ពោធព្រលានយន្តហោះមរតកតេជោ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។
-សម្តេចធិបតី ថ្លែងផ្ដាំផ្ញើទៅអ្នកដល់វិភាគ និងអ្នករិះគន់មួយចំនួន មុននឹងបញ្ចេញមតិផ្សព្វផ្សាយនូវរឿងអ្វីមួយនៅក្នុងសង្គមខ្មែរ ត្រូវមានប្រភពព័ត៌មានគ្រប់ជ្រុងជ្រោយ ឱ្យបានច្បាស់លាស់ ដើម្បីឲ្យមានភាពយុត្តិធម៌ និងឥទ្ធិពល ក្នុងការផ្សព្វផ្សាយរបស់ខ្លួន។
-សម្តេចធិបតី ថ្លែងអំពាវនាវគួរបញ្ចប់រឿងចាក់សាំង នៅពេលមានបញ្ហាអ្វីមួយយើងកុំប្ដឹង facebook យើងត្រូវដោះស្រាយគ្នាជជែកគ្នា ដោះស្រាយតាមសន្តិវិធី ចេះយោគយល់ដោះស្រាយអធ្យាស្រ័យគ្នា ក្នុងនាមជាខ្មែរដូចគ្នា ដើម្បីបង្កើតសមិទ្ធផលវិជ្ជមានជូនប្រទេសជាតិ។
-សម្ដេចធិបតី ថ្លែងបញ្ជាក់រឿងភ្ញៀវដើរលេងថ្ងៃចូលឆ្នាំ២៤លាននាក់ ស្របពេលកម្ពុជាមានប្រជាជនត្រឹម១៧លាននាក់ សម្ដេច ពន្យល់ថា ការរាប់ចំនួននេះ គឺរាប់ចំនួនដងដែលមនុស្សម្នាក់ដើរ បើក្នុង១ថ្ងៃមនុស្សម្នាក់ដើរកម្សាន្តទៅទីកន្លែងកម្សាន្ត៥កន្លែង គឺគេរាប់៥ដងនាក់ ហើយការរាប់នេះ គឺអនុលោមដូចស្តង់ដាប្រទេសដទៃ។
-សម្ដេចធិបតី ថ្លែងថា ចិន និងអាមេរិក ជួយគ្នារស់។ សម្ដេច ថា ចិន វិនិយោគនៅអាមេរិកក្នុងទំហំទឹកប្រាក់ជាច្រើនសន្ធឹកសណ្ឋាប់ ចិនទិញយកក្រុមហ៊ុនឡានរបស់ស៊ុយអ៊ែត ចិនវិនិយោគពេញអាស៊ាន។ ត្រង់ចំណុចនេះ សម្ដេច មើលឃើញថា ចិន និងអាមេរិកជួយគ្នារស់។ សម្ដេច ក៏ឆ្លើយតបថា ការវិនិយោគរបស់ចិននៅកម្ពុជា មិនបានធ្វើឱ្យបាត់បង់អធិបតេយ្យភាពឡើយ ព្រោះនៅប្រទេសផ្សេងៗដែលចិនវិនិយោគក៏មិនបាត់បង់អធិបតេយ្យភាពដូចគ្នា។
-សម្តេចធិបតី ថ្លែងផ្ដល់អនុសាសន៍ដល់ក្រសួងសាធារណការ និងដឹកជញ្ជូនគួរសហការជាមួយវិស័យឯកជន សហគ្រាសសាធារណៈរបស់រដ្ឋ ដើម្បីជំរុញឲ្យដំណើរការបានរលូន ខណៈផែកំពតនេះ គឺជាផែច្រក ដើម្បីទាញសេដ្ឋកិច្ចមកចិញ្ចឹមក្នុងខេត្ត បង្កើតការងារជូនប្រជាពលរដ្ឋ ។
-សម្តេចធិបតី ថ្លែងថា អាណត្តិនៃការដឹកនាំប្រទេសមានភាពខុសគ្នា។ គ្រាន់តែអាណត្តិមួយកំណត់ដោយច្បាប់ និងអាណត្តិមួយកំណត់ដោយការបោះឆ្នោត។ ការដឹកនាំប្រទេស អាណត្តិសំខាន់គឺប្រជាពលរដ្ឋជាអ្នកបោះឆ្នោតឲ្យ។
-សម្តេចធិបតី ប្រកាសថា មានក្រសួងពីរ ដែលសម្ដេចបានវះកាត់ ដើម្បីបំពេញការងារឲ្យបានរលូន។សម្តេចបញ្ជាក់ថា កន្លងមក កិច្ចការមួយចំនួននៅតាមក្រសួង ស្ថាប័ន មាននីតិវិធីចាស់ នាំឲ្យរាំងស្ទះក្នុងកិច្ចការងារ យើងសម្រេចដាក់នីតិវិធីអ្វីដែលសាមញ្ញងាយស្រួលដល់ប្រជាពលរដ្ឋ ។
នាឱកាសនោះដែរ លោក ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឱ្យដឹងដែរថា ពិធីសម្ពោធដែលកំពុងរៀបចំឡើងយ៉ាងអធិកអធមនាព្រឹកនេះ គឺជាសក្ខីភាពនៃសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់ជាតិ និងការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជាបើនិយាយជារួម និងការរីកចម្រើនលើវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែបើនិយាយដោយឡែក ដែលបានលេចចេញជារូបរាងឡើងស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្តច្បាស់លាស់ប្រកបដោយភាពប្រាកដនិយមរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងនិងលើកកម្ពស់ការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា។ ពិធីសម្ពោធនាឱកាសនេះ ក៏ជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងការផ្តល់ឱកាសពីសំណាក់ប្រមុខរាជរដ្ឋាភិបាលដល់វិស័យឯកជន ជាពិសេស ការចូលរួមវិនិយោគអភិវឌ្ឍន៍នៅកម្ពុជាទាំងលើវិស័យដឹកជញ្ជូនតាមផ្លូវទឹកផង និងវិស័យទេសចរណ៍ផង។
លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បន្តថា គម្រោងសាងសង់កំពង់ផែទេសចរណ៍នេះ គឺជាអនុគម្រោងមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ ក្រោមការគំាទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី និងជាគំនិតផ្តួចផ្តើមរៀបចំដោយក្រសួងទេសចរណ៍ ហើយក្រោយមកត្រូវបានប្រគល់មកក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាក្រសួងជំនាញទទួលបន្ទុកគ្រប់គ្រងបច្ចេកទេស ក្នុងឆ្នាំ២០២០ ដើម្បីអនុវត្តបន្ត។
លោក ប៉េង ពោធិ៍នា ក៏បានថ្លែងអំណរគុណជូន ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានផ្តល់ហិរញ្ញប្បទានសម្បទានដល់ការអភិវឌ្ឍសាងសង់កំពង់ផែទេសចរណ៍នេះ និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងៗជាច្រើនទៀតជាបន្តបន្ទាប់ សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែល្អប្រសើរឡើង។
លោក ប៉េង ពោធិ៍នា បានបញ្ជាក់ថា ដោយឡែក តាមការគ្រោងទុករបស់គម្រោងសាងសង់កំពង់ផែទេសចរណ៍នេះ តម្រាយផ្លូវនាវាចរណ៍ ត្រូវមានជម្រៅទឹក ៣ម៉ែត្រ ដោយរាប់ចាប់ពីទីតាំងបត់នាវារហូតដល់ផ្ទៃសមុទ្រ ដែលមានប្រវែង ៦,៧៥គីឡូម៉ែត្រ និងទទឹងទំហំ ៦២ម៉ែត្រ ចែកជា ២គន្លងទៅមក។ កំពង់ផែនេះ មានលក្ខណៈអំណោយផលល្អពីធម្មជាតិដែលអាចអនុញ្ញាតឱ្យនាវាផ្ទុកអ្នកដំណើរ ឬភ្ញៀវទេសចររហូតដល់ ៣០០នាក់ ចូល-ចេញកំពង់ផែនេះជាលក្ខណៈអន្តរជាតិបាន។
លោករដ្ឋមន្ត្រី បានឱ្យដឹងថា ដោយមើលឃើញនូវសក្តានុពលដ៏សម្បើមនៃវិស័យទេសចរណ៍តាមផ្លូវសមុទ្រ ដែលបានផ្តើមចេញពីគម្រោងនេះ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធដ៏ប្រណីតនៃកំពង់ផែទេសចរណ៍អន្តរជាតិកំពតដែលបានសាងសង់រួច រួមជាមួយនឹងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល តម្រាយផ្លូវនាវាចរណ៍នេះ នឹងត្រូវអភិវឌ្ឍន៍បន្ថែមឱ្យមានជម្រៅទឹកលើសពី ៣ម៉ែត្រ ទទឹងប្រវែងពី១៦០ម៉ែត្រ ទៅ៣៤០ម៉ែត្រ ដែលមានប្រវែងរហូតដល់ ១៥គីឡូម៉ែត្រ រាប់ចាប់ពីទីតាំងបត់នាវា រហូតដល់ផ្ទៃសមុទ្រ។
លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានឱ្យដឹងថា កំពង់ផែនេះ នឹងរួមចំណែកលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ ទៅកាន់គោលដៅទេសចរណ៍ផ្សេងៗ ដូចជា ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង និងបណ្តាកោះនានាក្នុងព្រះរាជាណាចក្រកម្ពុជា។
រដ្ឋមន្ដ្រីក្រសួងសាធារណការ បានបញ្ជាក់ជូនបន្ថែមថា បច្ចុប្បន្នកម្ពុជាមានកំពង់ផែសមុទ្រ និងកំពង់ផែទន្លេសរុបចំនួន ១១៩ កន្លែង ក្នុងនោះ នៅតាមតំបន់ឆ្នេរសមុទ្រ មានកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែចំនួន ៣០ផ្សេងទៀត និងនៅតាមដងទន្លេ មានកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែចំនួន ៨៧ ផ្សេងទៀត ដែលបាននិងកំពុងចូលរួមលើកកម្ពស់ប្រសិទ្ធភាព និងពង្រីកវិសាលភាពនៃការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រនៅកម្ពុជា។
លោក ប៉េង ពោធិ៍នា បានបញ្ជាក់ថាជារួម សមិទ្ធផលថ្មីៗនិងសំខាន់ៗនៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន រាប់ចាប់ពីហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពានធំៗ ផ្លូវល្បឿនលឿន ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅទូទាំងប្រទេស ដែលបានលេចចេញជារូបរាង និងកំពុងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលនេះ គឺបានកើតចេញពី កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលកម្ពុជាកំពុងមានដូចនាពេលបច្ចុប្បន្ននេះ៕
ដោយ៖ស តារា