នៅពេលខ្មែរក្រហមទទួលបានជ័យជម្នះ និងចូលមកគ្រប់គ្រងក្នុងខេត្តកំពង់ធំ គ្រួសាររបស់ខ្ញុំ សាច់ញាតិ ព្រមទាំងប្រជាជនជាច្រើនទៀត បានធ្វើដំណើរចាកចេញពីទីរួមខេត្តកំពង់ធំទៅជ្រកកោននៅក្នុងវត្តក្តីសែន ហៅ (វត្តសែនសេរី) អស់រយៈពេលប្រហែលមួយអាទិត្យ។ អង្គការបែងចែកមនុស្សជាបីផ្នែកផ្សេងគ្នា។ ប្រជាជនដែលធ្លាប់ធ្វើជាយោធា ខ្មែរក្រហមហៅឈ្មោះឡើងឡានទាំងក្រុមគ្រួសារជាបន្តបន្ទាប់យកទៅភូមិរលួសហើយចុចមីនសម្លាប់ចោលតែម្ដង។ បន្ទាប់មកខ្មែរក្រហមបន្តហៅឈ្មោះប្រជាជនដែលមានមុខងារ ជាគ្រូបង្រៀនដាក់ឡានយកទៅសម្លាប់ចោលនៅក្នុងស្រុកស្ទោងខេត្តកំពង់ធំ។ គោលដៅចុងក្រោយរបស់ខ្មែរក្រហម ទាំងរូបខ្ញុំ គ្រួសារ និងប្រជាជនផ្សេងទៀត ត្រូវខ្មែរក្រហមឲ្យធ្វើដំណើរដោយថ្មើរជើងសំដៅទៅកាន់ស្រុកសន្ទុក ហើយដាក់យើងពង្រាយនៅតាមភូមិផ្សេងៗ ដូចជាភូមិប្រាសាទ ភូមិលាវ និងភូមិតាំងក្រសាំង។ ចំណែកឯជនជាតិខ្មែរអ៊ិស្លាមវិញ ខ្មែរក្រហមមិនទាន់មានវិធានការណ៍យកទៅសម្លាប់នៅឡើយទេ ខ្មែរក្រហមគ្រាន់តែឲ្យបងប្អូនខ្មែរអ៊ិស្លាមទៅរស់នៅព្រៃកៃតា និងព្រៃទំនប់លោកតា ដើម្បីកាប់គាស់ធ្វើចម្ការដាំស្រូវ ដំណាំផ្សេងៗ និងធ្វើស្រែវស្សា។ ស្ត្រីៗ ត្រូវខ្មែរក្រហមទុកឲ្យដេរសម្លៀកបំពាក់ មើលក្មេងត្បាញកន្ទេល ដេរស្លឹក និងក្រងស្បូវ។ ប្រជាជនជំទង់ៗ ត្រូវខ្មែរក្រហមចាត់តាំងឲ្យទៅធ្វើការនៅក្នុងកងចល័តដោយឲ្យលើកទំនប់ ជីកប្រឡាយ ស្ទូងស្រូវនេសាទត្រី និងឡើងដើមត្នោតជាដើម។ ចំណែករបបអាហារខ្មែរក្រហមឲ្យយើងហូបបាយពេលថ្ងៃត្រង់ៗ និងហូបបបរសម្រាប់អាហារពេលល្ងាច។
នៅឆ្នាំ ១៩៧៥ និងឆ្នាំ ១៩៧៦ ពីមួយថ្ងៃទៅមួយថ្ងៃ ខ្មែរក្រហមកាន់តែរឹតបន្តឹងខ្លាំងទៅៗ។ ខ្មែរក្រហមបានបំបែក ប្ដីប្រពន្ធនិងកូនឲ្យចេញពីគ្នា។ ការងាររែកដី បើយើងរែកអស់មួយម៉ែត្រគូប ត្រូវថែមមួយម៉ែត្រគូបទៀតទៅតាមបញ្ជារបស់អង្គការ។ ប្រជាជនណាហ៊ានតវ៉ាប្រជាជននោះគឺជាខ្មាំងក្បត់អង្គការនឹងត្រូវយកទៅសម្លាប់ចោល។ ឯការស់នៅរបស់ខ្ញុំក៏ដូចជាក្រុមគ្រួសារផ្សេងៗទៀតដែរ។ ខ្មែរក្រហមបានរៀបចំឲ្យរស់នៅដាច់ដោយឡែកចេញពីគ្នារវាងអ្នកថ្មី និងអ្នកមូលដ្ឋាន។ផ្ទះសម្បែងត្រូវសាងសង់ដោយខ្លួនឯង។ ខ្មែរក្រហមមិនអនុញ្ញាតឲ្យប្រជាជនប្រកបមុខរបរចិញ្ចឹមជីវិតដោយឯកជនឡើយ។ប្រជាជនមួយចំនួនរស់នៅដោយសារតែដាំដំឡូងជ្វា និងដំឡូងមី។ ប្រជាជនគ្មានម្ហូបអាហារហូបឡើយ។ ចំណែកឯកុមារខ្វះខាតនៅក្នុងការហូបចុក។កុមារ និងទារកមិនអាចទទួលបានជីវជាតិគ្រប់គ្រាន់នោះទេ ព្រោះម្ដាយរបស់ពួកគេគ្មានអ្វីហូបគ្រប់គ្រាន់។ មិនតែប៉ុណ្ណោះមនុស្សចាស់ជរាមិនអាចស៊ូទ្រាំនឹងការរស់នៅបែបនេះ មានអ្នកខ្លះអត់ឃ្លានស្លាប់ក៏មានដែរ។
* ប្រជាជន ១៧ មេសាក្នុងឆ្នាំ ១៩៧៧ :
អង្គការបានឲ្យខ្ញុំនឹងប្រជាជនថ្មីផ្សេងទៀតទៅរស់នៅតាមផ្ទះរបស់ប្រជាជនមូលដ្ឋាន។ ប្រជាជនមូលដ្ឋាន និងប្រជាជនថ្មី ទទួលបានរបបអាហារផ្សេងពីគ្នា។ប្រជាជនមូលដ្ឋានទទួលបានបាយទាំងព្រឹកល្ងាច។ ចំណែកឯប្រជាជនថ្មីខ្មែរក្រហមផ្តល់ឲ្យតែបបរនោះទេ ហើយថែមទាំងមិនសូវមានម្ហូបអាហារគ្រប់គ្រាន់។ ជួនពេលខ្លះប្រជាជនមូលដ្ឋានមួយចំនួនមានទឹកចិត្តល្អបានឲ្យម្ហូប អង្ករ ដំឡូង និងបន្លែដល់ប្រជាជនថ្មីដែរ។
ក្រោយមកខ្មែរក្រហមកែប្រែទម្រង់នៃការហូបចុក។ ក្នុងមួយភូមិខ្មែរក្រហមបានដាក់ឲ្យមានរោងបាយបួនកន្លែងទោះបីជាប្រជាជនដាំដំណាំ និងចិញ្ចឹមសត្វដោយខ្លួនឯង។ ប៉ុន្តែប្រជាជនគ្មានសិទ្ធិមកធ្វើម្ហូបបានឡើយ គឺអ្នកនៅរោងបាយជាអ្នកដែលប្រមូលចាប់ និងបេះយកទៅដាក់រោងបាយរួម។
ខ្ញុំត្រូវអង្គការចាត់តាំងឲ្យទៅកងចល័ត ទៅលើកទំនប់ឈ្មោះកៃតា។ យុវជន យុវនារី ច្រើននាក់បានចូលរួមលើកទំនប់កៃតា។ ខ្ញុំនៅចាំឈ្មោះសមមិត្តដែលធ្លាប់ធ្វើការងារផ្ទាល់ជាមួយខ្ញុំមួយចំនួនដូចជា សមមិត្តស៊ុយ សមមិត្តហោសមមិត្តពេន សមមិត្តនារីសឿន និងសមមិត្តនារីយ៉ែម។ ការធ្វើការងារនៅកងចល័តបានជួបប្រទះនឹងការលំបាកជាច្រើន។(នៅមានត)
