កាលពីថ្ងៃទី២៣ ខែសីហា ប្រធានាធិបតីអូបាម៉ា បានកាត់បន្ថយការសម្រាករបស់ខ្លួនដោយវិលត្រឡប់ទៅកាន់រដ្ឋLouisiana ដើម្បីទៅត្រួតពិនិត្យស្ថានភាពទឹកជំនន់ ក្រោយពេលមានព័ត៌មានរិះគន់ថា លោកអូបាម៉ា មិនទៅកាន់រដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់។
ភ្លៀងធ្លាក់ខ្លាំងនៅក្នុងរដ្ឋ Louisiana ចាប់តាំងពីខែសីហា មកទល់ពេលនេះ ។ ក្នុងពេលនោះប្រធានាធិបតីអូបាម៉ា បែរជាទៅកាន់កោះ Martha’s Vineyard សម្រាកកាយ២សប្តាហ៍ជាមួយគ្រូសារ។
សារព័ត៌មានអាមេរិកបានវាយតម្លៃថា ទឹកជំនន់ជាប្រវត្តិសាស្ត្រនៅក្នុងរដ្ឋ Louisiana ធ្វើឲ្យគេនឹកឃើញដល់លទ្ធផលនៃព្យុះកាទ្រីណា កាលពីឆ្នាំ២០០៥ សម្លាប់មនុស្សជាង ១.៨០០នាក់។ នៅពេលនោះប្រធនាធិបតី ប៊ូស រងការថ្កោលទោសយ៉ាងខ្លាំងដែលមានប្រតិកម្មយឺតយ៉ាវចំពោះបញ្ហាខាងលើ។
កាកបាទក្រហមអាមេរិកបានវាយតម្លៃគ្រោះទឹកជំនន់នៅក្នុងរដ្ឋ Louisiana គឺជាគ្រោះធម្មជាតិអាក្រក់បំផុតបន្តាប់ពីព្យុះសានឌី បំផ្លាញឆ្នេរសមុទ្រភាគភាគខាងជើងប្រទេសនេះកាលពីខែតុលា ឆ្នាំ២០១២។
នៅសល់ពេលជាង២ខែទៀតប៉ុណ្ណោះ ដល់បោះឆ្នោតអាមេរិក បានជាពលរដ្ឋអាមេរិកទាំងមូលចាប់អារម្មណ៍ទៅលើប្រតិកម្មរបស់បេក្ខភាពទាំងពីររូបទៅលើគ្រោះទឹកជំនន់នៅក្នុងរដ្ឋ Louisiana។
កាលពីចុងសប្តាហ៍កន្លងមក បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោកដូណាល់ត្រាំ បានទៅកាន់រដ្ឋ Louisiana មុនបេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យ នៅពេលនោះលោកត្រាំបានថ្កោលទោសដល់គូប្រជែងរបស់ខ្លួននិងប្រធានាធិបតីអូបាម៉ា ថា លោកអូបាម៉ា គួរតែបោះបង់ទីលានវាយកូនហ្គោលហើយមកកាន់ទីនេះ។
ក្នុងពេលនេះដែរអ្នកនាំពាក្យប្រធានាធិបតីអូបាម៉ា លោក Josh Earnest បញ្ជាក់ថា មន្ត្រីរដ្ឋាភិបាលក្នុងតំបន់បានបំពេញការងារដោយប្រសិទ្ធភាព មិនចាំបាច់ប្រធានាធិបតីមកកាន់ទីនោះក៏បាន ។ ខុសប្លែកទៅនឹងព្យុះកាទ្រីណា កម្លាំងគ្រប់គ្រងគ្រោះអាសន្នបានបំពេញការងារយ៉ាងឆាប់រហ័ស។ មន្ត្រីក្នុងរដ្ឋបានប្រកាសអាសន្ននៅក្នុងស្រុកចំនួន២២ ក្នុងចំណោម ៦៤ស្រុកក្នុងរដ្ឋ Louisiana ដើម្បីឲ្យថ្នាក់លើជួយទាន់ពេលវេលា។
គ្រោះទឹកជំនន់បានក្លាយទៅជាប្រធានបទថ្មីមួយទៀតសម្រាប់ការវាយប្រហារគ្នាទៅវិញទៅមករបស់បេក្ខភាពប្រធានាធិបតីក្នុងការស្វែងរកសម្លេងគាំទ្រសម្រាប់ការបោះឆ្នោតនាពេលខាងមុខ៕
ប្រែសម្រួល៖ ម៉ែវ សាធី