សិង្ហបុរី៖ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានជួបពិភាក្សាការងារជាមួយឯកឧត្តម Chan Chun Sing រដ្ឋមន្រ្តីក្រសួងអប់រំ នៃប្រទេសសិង្ហបុរី ក្នុងអំឡុងទស្សនកិច្ចផ្លូវការនៃកម្មវិធី Lee Kuan Yew Exchange Fellowship នៅប្រទេសសិង្ហបុរី។
ក្នុងឱកាសជំនួបនេះបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រី ក្រសួងអប់រំសិង្ហបុរី បានពិភាក្សាផ្លាស់ប្តូរបទពិសោធការងារ និងវឌ្ឍនភាពប្រព័ន្ធអប់រំរបស់ប្រទេសទាំងពីរ ប្រកបដោយភាពស្និទ្ធស្នាល សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើង។
មានប្រសាសន៍នាឱកាសនេះរដ្ឋមន្ត្រីក្រសួងអប់រំសិង្ហបុរី បានលើកឡើងពីកម្មវិធីសិក្សានៅប្រទេសសិង្ហបុរីរួមមានប្រព័ន្ធអប់រំទូទៅ និងសញ្ញាបត្រអន្តរជាតិ ដោយបានរំលេចពីការអនុវត្តនានារួមមាន ការបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្រិតមធ្យមសិក្សា ការអនុញ្ញាតឱ្យសិស្សជ្រើសរើសកម្រិតសិក្សានៃមុខវិជ្ជាផ្អែកលើចំណូលចិត្តនិងសមត្ថភាព ភាពខុសគ្នានៃចំនួនសិស្សស្តង់ដាក្នុងថ្នាក់រៀន ការបញ្ចូលបញ្ញាសិប្បនិម្មិត (AI) នៅក្នុងវិធីសាស្រ្តបង្រៀន និងសាលារៀនដែលអាចបំពេញតម្រូវ ការពិសេសសម្រាប់សិស្សនិងជំនួយដល់ការបង្រៀនរបស់គ្រូជាដើម។
ក្នុងឱកាសនេះដែរបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានលើកឡើងពីការអនុវត្តកម្មវិធីអន្តរជាតិស្តីពី រង្វាយ តម្លៃការសិក្សារបស់សិស្ស (PISA) នៅប្រទេសកម្ពុជា ដែលជាតេស្តអន្តរជាតិមួយប្រើប្រាស់ក្នុងការ វាយតម្លៃប្រព័ន្ធអប់រំ ដោយផ្តោតលើពិន្ទុជាមធ្យមនៃមុខវិជ្ជាអំណាន គណិតវិទ្យា និងវិទ្យាសាស្រ្ត អត្រារួមនៃការ សិក្សានៅមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយ ភូមិ និងអត្រាបោះបង់ការសិក្សានៅមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ដែលជាសូចនាករសមិទ្ធកម្មគន្លឹះ។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់រដ្ឋាភិបាលសិង្ហបុរី ដោយបានគូសបញ្ជាក់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ ក្នុងឱកាសខួបលើកទី ៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងបានលើកឡើងបន្ថែមពីអាទិភាពចំនួន ៣ របស់ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធអេកូសិក្សា និងប្រសិទ្ធភាពនៃការសិក្សា ដែលរួមមាន៖ ១) កំណែទម្រង់សាលារៀន ២) ការពង្រឹងការបណ្តុះបណ្តាលគ្រូ និង ៣) ការកែលម្អវិធីសាស្រ្តបង្រៀន៕