ភ្នំពេញ៖ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានចុះស្រាវជ្រាវរហូតឈានដល់ធ្វេីការបង្ក្រាបបានជនសង្ស័យម្នាក់ ដែលមានរហស្សនាម «ធីដៃមួយពាន់» និងជាមុខសញ្ញាចាស់ដែលតែងតែបន្លំលួចលុយតាមផ្ទះយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ យកមកបង្ហាញមុខជាសាធារណៈ និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។
ក្នុងប្រតិបត្តិការនោះ ដោយមានការចង្អុលបង្ហាញបញ្ជាដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០៣៖៤៨នាទីទៀបភ្លឺ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែនការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យនិងមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត សុីម៉េង ជានាយការិយាល័យបានដឹកនាំកម្លាំងជំនាញ ធ្វេីការឃាត់ខ្លួនជនសង្ស័យបានម្នាក់នៅចំណុចមុខផ្ទះសំណាក់ លក្ខណ៍ប៊ូទិច ផ្លូវលេខ១៣២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនសង្ស័យឈ្មោះ ប៊ុន ធី ហៅធីដៃមួយពាន់ អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅបន្ទប់ជួលមិនចាំលេខ (ម្តុំផ្សារទួលគោក) ផ្លូវមិនចាំលេខ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សម្ភារដកហូតមាន ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1LM-3496 (របស់ជនសង្ស័យធ្វេីសកម្មភាព) ដែលនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៧៖២៦នាទី បានចូលបន្លំលួចលុយពីស្រ្តីម្នាក់បានសម្រេចនៅក្នុងផ្ទះលេខ៤៨០ ផ្លូវលេខ២៣០ ក្នុងសង្កាត់ផ្សារដេីមគ ខណ្ឌទួលគោក។
បច្ចុប្បន្នកម្លាំងជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីធ្វេីការសាកសួរតាមនីតិវិធី នឹងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕ដោយ៖តារា