ភ្នំពេញ ៖ កម្ពុជាបានប្តូរពីប្រទេសដែលសូម្បីតែទឹកក្រូចមួយដបក៏នាំចូល រហូតមានរោងចក្រដំឡើងរថយន្តរហូតដល់៩កន្លែង នៅក្នុងប្រទេស នាពេល បច្ចុប្បន្ននេះ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បញ្ជាក់ដូច្នេះ ក្នុងពិធីសម្ពោធ ដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រ ដំឡើង គ្រឿង បង្គុំរថយន្ត Ford របស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក” នៅខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នេះ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «បច្ចុប្បន្នយើងមាន៩រោងចក្រដំឡើងរថយន្ដ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៦ និងនៅខាងក្រៅមានចំនួន៣។ សូមកុំយល់ច្រឡំថាយើងគ្រាន់តែជាប្រទេសកសិកម្ម ….! ខុសពីអតីតកាលកម្ពុជា សូម្បីតែទឹកក្រូចមួយកំប៉ុងក៏នាំមកពីខាងក្រៅ តែឥលូវយើងមានលទ្ធភាពរហូតដល់ផលិតរថយន្ដក្នុងប្រទេស ដើម្បីបម្រើទីផ្សារខាងក្នុង ហើយថ្ងៃខាងមុខអាចមានលទ្ធភាពផ្គុំនាំចេញ»។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា, រោងចក្រដំឡើងរថយន្ដទាំងអស់នៅកម្ពុជា គឺប្រើប្រាស់បច្ចេកវិទ្យាទំនើប ប្រើប្រាស់រ៉ូម៉ូតដែលកូនខ្មែរជាអ្នកបញ្ជា មិនមែនក្រុមហ៊ុនប្រើប្រាស់កម្លាំងពលកម្មមកពីបរទេសទាំងអស់នោះទេ។ សម្ដេចបញ្ជាក់ទៀតថា អ្វីដែលកាន់តែមោទនភាពទៀតនោះ គឺរថយន្ដដែលត្រូវបានផលិតនៅកម្ពុជា មានសញ្ញា ឬអក្សរ Made In Cambodia។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកថា ការបោះជំហានរបស់កម្ពុជា ប្រៀបដូចជំហានគីង្គក់ ដោយដើរសន្សឹមៗ តែបោះជំហានទៅមុខជានិច្ច ហើយសម្ដេចរំពឹងថា នៅថ្ងៃខាងមុខក្រៅពីការដំឡើងរថយន្ដហើយនោះ ក្រុមហ៊ុនក្នុងប្រទេសកម្ពុជា នឹងបោះជំហានបន្ដទៀត ក្នុងការផលិតគ្រឿងបង្គុំដោយខ្លួនឯង ខណៈបច្ចុប្បន្ននេះគ្រឿងបង្គុំមួយផ្នែកជាការនាំចូលមកពីក្រៅប្រទេស។
ក្នុងន័យនេះ សម្ដេចមហាបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរ ប្រើប្រាស់រថយន្ដដែលមានក្រុមហ៊ុនផលិតក្នុងស្រុក ដើម្បីបង្កលក្ខណៈងាយស្រួល នៅពេលត្រូវការផ្លាស់ប្ដូរគ្រឿងបន្លាស់ផ្សេងៗ ព្រមទាំងមានសេវាកម្មថែទាំល្អប្រសើរផងដែរ។ ប៉ុន្ដែរាជរដ្ឋាភិបាលមិនចាប់បង្ខំ ឬកាត់ផ្ដាច់ការនាំចូលរថយន្ដមួយទឹកមកពីក្រៅប្រទេសនោះទេ ពោលគ្រាន់តែបង្កលក្ខណៈងាយស្រួលធ្វើយ៉ាងណាឲ្យរថយន្ដផលិតក្នុងស្រុក មានតម្លៃទាប ហើយពលរដ្ឋមានលទ្ធភាពក្នុងការទិញប្រើ៕
ដោយ ៖ សិលា