ខេត្តស្ទឹងត្រែង÷នារសៀល ថ្ងៃទី២២ ខែ មេសា ឆ្នាំ ២០២៥ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ ១២៨ យោធភូមិភាគទី១ បានរៀបចំពិធីបើកវគ្គបណ្តុះ បណ្តាលជនបង្គោលប្រយុទ្ធប្រឆាំងគ្រឿងញៀន ដំណាក់កាលទី២ ដល់កងពលតូចអន្តរាគមន៍លេខ ១២៨ យោធភូមិភាគទី១ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ កែប ម៉ារ៉ាឌី មេបញ្ជាការរងយោធភូមិភាគទី១ ប្រធានអនុគណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀនយោធភូមិភាគទី១ តំណាងឧត្តម សេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី១ និង ឧត្តមសេនីយ៍ត្រី ច័ន្ទ សុវណ្ណ នាយរង នាយកដ្ឋានអធិការកិច្ចក្រសួងការពារជាតិ ប្រធានក្រុមការងារចុះបណ្តុះបណ្តាលជនបង្គោលប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានការចូលរួមរៀនសូត្រ ពីសិក្ខាកាមជាជនបង្គោលមកពីបណ្តាអង្គភាពចំណុះកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ចំនួន៨២នាក់ ផងដែរ។
ឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានឡើងមានមតិស្វាគមន៍ និងរាយការសង្ខេប ជូនចំពោះគណៈអធិបតី និងក្រុមការ ងារគ្រូបង្គោលប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងការ ពារជាតិ អគ្គមេបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ព ជើងគោក ដែលបានចុះមកបណ្តុះបណ្តាលជនបង្គោលប្រយុទ្ធប្រឆាំងគ្រឿងញៀន ដំណាក់កាលទី២ នៅទីបញ្ជាកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ នាពេលនេះ។
ឧត្តមសេនីយ៍ត្រី ច័ន្ទ សុវណ្ណ ក៏បានមានមតិណែនាំ ផ្សព្វផ្សាយ ពីអត្ថប្រយោជន៍ ក្នុងវគ្គបណ្តុះបណ្តាលជនបង្គោលប្រយុទ្ធប្រឆាំងគ្រឿងញៀន ដំណាក់កាលទី២ នេះមួយចំនួនផងដែរ ។
ឧត្តមសេនីយ៍ទោ កែប ម៉ារ៉ាឌី មានប្រសាសន៍ណែនាំផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង ជាសិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ ខិតខំរៀនសូត្រឲ្យបានល្អ ដើម្បីលើកកំពស់ការយល់ដឹងអំពីគ្រឿងញៀន,អំពីច្បាប់គ្រឿងញៀន,ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ដែលជាបញ្ហាដ៏គ្រោះថ្នាក់ធំបំផុតចំពោះ សន្តិសុខ សុវត្ថិ ភាពសង្គម និងចំពោះសង្គមគ្រួសាររបស់បុគ្គលម្នាក់ៗ ត្រូវតែឆ្លើយថាទេ ចំពោះគ្រឿងញៀន៕