ភ្នំពេញ÷ នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.រ.) បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន ដើម្បីពិនិត្យ ពិភាក្សា ប្រមូលធាតុចូល និងផ្ដល់មតិយោបល់លើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គ.វ.រ រួមមាន៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្ដម លោកជំទាវរដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ ដឹកនាំជាន់ខ្ពស់តំណាងក្រសួង ស្ថាប័ននានា និងឯកឧត្ដម លោកជំទាវអភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃក្រសួងមុខងារសាធារណៈ សរុបចំនួនជាង ១១០នាក់។
សេចក្ដីព្រាងអនុក្រឹត្យស្ដីពីប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈនេះបានឆ្លងកាត់កិច្ចប្រជុំបច្ចេកទេសជាច្រើនដំណាក់កាលមកហើយ រួមមាន៖ កិច្ចប្រជុំកម្រិតក្រុមការងារបច្ចេកទេសចំនួន ៩លើក កិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំនៃក្រសួងមុខងារសាធារណៈចំនួន ៤លើក កិច្ចប្រជុំកម្រិតអនុគណៈកម្មការប្រតិបត្តិនៃលេខាធិការដ្ឋាន គ.វ.រ. ចំនួន ២លើក និងកិច្ចប្រជុំកម្រិតអន្តរក្រសួង ដែលមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន និងការដ្ឋានកែទម្រង់ទាំង៥ របស់រាជរដ្ឋាភិបាលចំនួន ១លើក។
កិច្ចប្រជុំនៅថ្ងៃនេះគឺជាការប្រមូលធាតុចូលបន្ថែមទៀតក្នុងកម្រិតលេខាធិការដ្ឋាន គ.វ.រ. ដើម្បីប្រមូលធាតុចូលចុងក្រោយ ហើយរៀបចំជាឯកសារនិងរបាយការណ៍ គោរពជូន សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់។
សូមបញ្ជាក់ថា កិច្ចប្រជុំលេខាធិការដ្ឋាន គ.វ.រ. នេះ ធ្វើឡើងនៅសាលប្រជុំ «តេជោសន្តិភាព» របស់គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ៕