ភ្នំពេញ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង០៥:៣០នាទីទៀបភ្លឺ មានករណីហិង្សា នៅចំណុចអគារខុនដូ ដឺព្រិច ផ្លូវ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រវាងបុរសជាជនជាតិចិនឈ្មោះ WEI JIN JING និងជនជាតិខ្មែរឈ្មោះ ឆៃ លាងហួរ ។
បន្ទាប់ពីមានករណីហិង្សាកើតឡើងរួចសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ បានឃាត់ខ្លួនភាគីទាំងសងខាង ទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ និងជំនាញអធិការដ្ឋាននគរបាលខណ្ឌចំការមន។ ដោយយោងតាមចម្លើយរបស់ភាគីទាំងសងខាង ករណីហិង្សានេះដែរ គឺជាការយល់ច្រឡំបញ្ហាបន្តិចបន្តួច។
បន្ទាប់មកភាគីទាំងសងខាងបានសំណូមពរសមត្ថកិច្ចសុំសម្របសម្រួលបញ្ចប់រឿង មិនមានការប្តឹងផ្តល់គ្នាបន្តទៀត។ ជាមួយគ្នានេះដែរ សមត្ថកិច្ចបានសុំគោលការណ៍ថ្នាក់លើបានធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យាមិនឱ្យមានករណីអំពើហិង្សាបន្តទៀតនោះទេ និងបានអនុញ្ញាតឱ្យត្រឡប់ទៅវិញ៕
ដោយ៖ ជ្រោយពេជ្រ