ខេត្តកំពង់ធំ៖ រថយន្ត១គ្រឿង ដែលតែងតែដឹកជញ្ជូនផលអនុផលព្រៃឈើពុំមានច្បាប់អនុញ្ញាត ចេញពីចំណុចភូមិអូរក្រពើ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចចម្រុះខេត្តកំពង់ធំ បង្ក្រាបបានហើយ ប៉ុន្តែជនសង្ស័យរត់គេចខ្លួនបាត់ស្រមោល។
ក្រោមបទបញ្ជាពីលោកអភិបាលខេត្តកំពង់ធំនិងសម្រប សម្រួលដោយ ព្រះរាជអាជ្ញាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៥ កម្លាំងចម្រុះខេត្តកំពង់ធំ បានបង្ក្រាបរថយន្ត ១គ្រឿង ម៉ាកហ៊ីយ៉ាន ដាយពាក់ស្លាកលេខ កំពង់ចាម 3A-3085 នៅចំណុចភូមិអូរក្រពើ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ប៉ុន្តែសមត្ថកិច្ចពុំបាន ឱ្យដឹងពីប្រភេទឈើ និងចំនួនឈើប៉ុន្មាននោះឡើយ គ្រាន់តែបញ្ជាក់ថា ជនល្មើសបានរត់គេចខ្លួនបាត់ នៅ ពេលដែលសមត្ថកិច្ចចុះទៅពិនិត្យទីតាំងជាក់ស្តែង។ បច្ចុប្បន្នវត្ថុតាងត្រូវបានចាប់យកមករក្សាទុកនៅ អធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ចំណាត់ការបន្តតាមនិតិវិធីច្បាប់។
ពាក់ព័ន្ធនឹងរថយន្តដឹកឈើដែលសមត្ថកិច្ចបង្ក្រាបនោះ ប្រជាពលរដ្ឋបានអះអាងថា កម្មសិទ្ធិរបស់ឈ្មោះភ័ក្រ រស់នៅភូមិអូរគរគីក្រោម ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ឈ្មោះ ភ័ក្រ ជាឈ្មួញដុះស្លែប្រចាំតំបន់នេះជាយូរឆ្នាំហើយដែរ ជាអ្នកកៀរគរប្រជាពលរដ្ឋឱ្យចូលទៅកាប់បំផ្លាញព្រៃឈើពីតំបន់ព្រៃឡង់ ហើយដឹកតាមរថយន្តកែច្នៃ(បុកស័រ) និងគោយន្តកន្តៃ្រយ៍មកស្តុបទុកនៅភូមិអូរក្រពើ ទើបមានរថយន្តមកប្រមូលដឹកចេញបន្តក្នុងមួយថ្ងៃ២ ទៅ៣ជើង ប៉ុន្តែមិនដែលឃើញមានសមត្ថកិច្ចធ្វើការបង្ក្រាបឱ្យមានប្រសិទ្ធភាពនោះឡើយ ទើបតែឃើញបង្ក្រាបបាននៅពេលនេះទេ។
ប្រជាពលរដ្ឋបានសម្តែងការគាំទ្រ ចំពោះចំណាត់ការ របស់សមត្ថកិច្ចក្នុងការបង្កា បង្ក្រាប ទប់ស្កាត់រាល់បទល្មើសបំផ្លាញធនធានធម្មជាតិនានាក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងបានសំណូមពរអាជ្ញាធរថ្នាក់ជាតិ និងអាជ្ញាធរពាក់ព័ន្ធថ្នាក់ខេត្ត ស្រាវជ្រាវ និងធ្វើសាវតាជាតិលើបុគ្គលឈ្មោះភ័ក្រ ដែលជាជនបំផ្លាញធនធានធម្មជាតិ យកមកអនុវត្តច្បាប់ឱ្យខាងតែបាន៕