ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ និងស្វាមី បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការលើកដំបូង នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៥ ។
នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា លោកស្រី នាយករដ្ឋមន្រ្តីថៃ បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅមណ្ឌបព្រះបរមរូបខាងកើតវិមានឯករាជ្យ។
ក្នុងពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ ក្នុងនោះក៏មានអញ្ជើញការអមដំណើរ និងទទួលបដិសណ្ឋារកិច្ចពី លោក ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស លោក ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងអ្នកមុខអ្នកការជាច្រើនរូបទៀត។
សូមបញ្ជាក់ជូនថា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ លោកស្រី នាយករដ្ឋមន្ត្រីថ្មីនៃព្រះរាជាណាចក្រថៃជាលើកដំបូងមកកាន់កម្ពុជា ក្នុងគោលបំណងកំណត់ទិសដៅសកម្មភាព ដើម្បីធ្វើឱ្យកាន់តែស៉ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។
នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជា-ថៃក៏មានជំនួបប្រជុំទ្វេភាគី និងបានផ្លាស់ប្តូរទស្សនៈ ស្តីពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍និងក្តីបារម្ភរួម។
តមក លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ បានអញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” ក្នុងនោះក៏មានការអញ្ជើញអមដំណើរ និងទទួលបដិសណ្ឋារកិច្ចពី លោកអ្នកឧកញ៉ាមហាភក្តី គង់ បញ្ញា ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ព្រមទាំងថ្នាក់ដឹកនាំ និងអ្នកមុខអ្នកការជាច្រើនរូបទៀត។
ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ លោកជំទាវ នាយករដ្ឋមន្ត្រីថៃ មកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា គឺដើម្បីពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដែលមានស្រាប់ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុវិស័យ រវាងប្រទេសទាំងពីរ ស្របតាមស្មារតីនៃ «ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាព» ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ កម្ពុជា ថៃ ព្រមទាំងរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ៕
ដោយ ៖ សិលា