រយៈពេល៤ខែដើមឆ្នាំ២០២៥ ករណីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមមានចំនួន១១លើក, ប្រជាពលរដ្ឋចំនួន១៦នាក់រងរបួស,ពិការនិងស្លាប់

ចែករំលែក៖

ភ្នំពេញ៖ រយៈពេល៤ខែដើមឆ្នាំ២០២៥ ពោលចាប់ពីខែមករា ដល់ខែមេសានេះ មន្រ្តីប្រព័ន្ធព័ត៌មានជនរង គ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា (Cambodia Mine/ERW Victim Information System) ហៅកាត់ថា CMVIS បានចុះប្រមូល និងកត់ត្រាព័ត៌មាននៅទីកន្លែងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម បានចំនួន១១លើក ខណៈមានប្រជាពលរដ្ឋចំនួន១៦នាក់បានរងរបួស ពិការ និងស្លាប់។ នេះបើយោងតាមការចុះផ្សាយរបស់ផេកហ្វេសប៊ុកផ្លូវការអាជ្ញាធរមីន។

អាជ្ញាធរមីន បានគូសបញ្ជាក់តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា នៅពេលមានគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមកើតឡើង មន្ត្រី និងបុគ្គលិកនៃCMVIS តែងចុះប្រមូលទិន្នន័យជនរងគ្រោះ និងផ្តល់សារអប់រំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅតំបន់មានហានិភ័យ ជាពិសេសណែនាំឱ្យពួកគាត់រាយការណ៍ទៅប្រតិបត្តិករសកម្មភាពមីននៅតាមមូលដ្ឋានដើម្បីយកទៅកម្ទេចចោល។

អាជ្ញាធរមីន បានឱ្យដឹងទៀតថា ទិន្នន័យគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ត្រូវបានដាក់បញ្ចូលនិងរក្សាទុកក្នុងប្រព័ន្ធទិន្នន័យថ្នាក់ជាតិ ដើម្បីវិភាគ បកស្រាយស្ថានភាពគ្រោះថ្នាក់។ ទិន្នន័យនេះនឹងត្រូវចែកចាយបន្តទៅកាន់ស្ថាប័នពាក់ព័ន្ធ និងវិស័យសកម្មភាពមីន និងប្រតិបត្តិករជួយជនរងគ្រោះ ដើម្បីដាក់បញ្ចូលទៅក្នុងផែនការរបស់ពួកគេ។

បើតាមអាជ្ញាធរមីន ចាប់ពីខែមករាមកដល់ខែមេសានេះ ករណីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម បានថយចុះ៣០%បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤។

...

ប្រព័ន្ធព័ត៌មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា ហៅកាត់ថា CMVIS ត្រូវបានបងើ្កតឡើងដើម្បីប្រមូលបញ្ចូល និងរក្សាទុកទិន្នន័យគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា ហើយអនុវត្តដោយមន្រ្តីនិងបុគ្គលិក CMVIS ក្នុងនាយកដ្ឋានផែនការ សេដ្ឋកិច្ចសង្គម និងគ្រប់គ្រងទិន្នន័យនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print