ភ្នំពេញ៖ ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងត្រូវប្រព្រឹត្តទៅនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង រយៈ ពេល៤ថ្ងៃ គឺ ចាប់ពីថ្ងៃ១-២-៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២-១៣-១៤ ខែ ឧសភា ឆ្នាំ២០២៥ ជាថ្ងៃប្រារព្ធហោមពិធី និងពិធីតាមរោងមណ្ឌលជាភារកិច្ចរបស់ក្រុមបារគូ ឯថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៥ ប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លជាផ្លូវការ។ នេះបើយោងតាមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។
គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានឱ្យដឹងថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នឹងប្រារព្ធធ្វើឡើងជាមហោឡារិក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយមានការយាងនិងអញ្ជើញចូលរួមពីព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និស្សិត សិស្ស និងប្រជារាស្ត្រ តាមចំនួនកំណត់ជាក់ស្តែង ដើម្បីរួមគ្នាថែរក្សានូវ ព្រះរាជប្បវេណីពីបុរាណរបស់ ព្រះមហាក្សត្រ ឱ្យបានគង់វង្ស។
គួរបញ្ជាក់ថា ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាព្រះរាជប្បវេណីដ៏មានសារៈសំខាន់ ក្នុងបណ្តាព្រះរាជពិធីបុណ្យទ្វាទសមាស ប្រចាំឆ្នាំ ដោយចាត់ទុកជាវប្បមង្គលមួយដ៏ប្រសើររបស់ប្រជារាស្ត្រខ្មែរ ដែលព្រះមហាក្សត្រគ្រប់ព្រះ អង្គ តែងដឹកនាំប្រារព្ធធ្វើពុំដែលខកខានតាំងពីបុរាណ កាលរៀងមក ជាក់ស្តែងកាលពីសម័យសង្គមរាស្ត្រ និយម ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព ទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” កាលព្រះអង្គមានព្រះជន្មគង់នៅ និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គសព្វព្រះរាជហឫទ័យយាងច្រត់ដោយផ្ទាល់ព្រះអង្គ នៅតាមបណ្តា រាជធានី ខេត្តមួយចំនួនដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្ត សៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តតាកែវជាដើម។ ចំណេរកាលក្រោយមក ព្រះមហាក្សត្រ ស្តេចពុំបានយាងច្រត់ព្រះនង្គ័ល ដោយផ្ទាល់ព្រះអង្គឡើយ ព្រះអង្គតែងចាត់ព្រះរាជតំណាងយាងច្រត់ជំនួស តែព្រះអង្គស្តេចយាងជាព្រះរាជាធិបតី ដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីនេះវិញ។
ព្រះរាជពិធីនេះ ប្រព្រឹត្តឡើងដើម្បីជាមង្គល ឧទ្ទិសដល់ការចាប់ផ្តើមរដូវធ្វើស្រែចម្ការ របស់ប្រជាកសិករ និងបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ឱ្យបង្ហូរទឹកភ្លៀងបរិបូណ៌តាមរដូវកាល បម្រើឱ្យវិស័យកសិកម្មគ្រប់ប្រភេទ ទទួលបាន ភោគផលខ្ពស់៕