ភ្នំពេញៈរថយន្តម៉ាក់ម៉ែកសឺដេសមួយគ្រឿងម្ចាស់ជាប្រជាជនជាតិចិន បើកបរសុខៗស្រាប់តែមានអណ្ដាតភ្លើងចេញពីម៉ាស៊ីនឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្ដាលឲ្យរងការខូចខាតទាំងស្រុងសល់តែគ្រោងឆ្អឹង។
ហេតុការណ៍នេះបង្ករឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤និង៤០នាទីល្ងាច ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នៅតាមបណ្ដោយផ្លូវ ណតប្រីដ ក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
រថយន្តដែលត្រូវភ្លើងឆេះពាក់ផ្លាកលេខភ្នំពេញ២V៧៧៧៤បើកបរ ដោយជនជាតិចិននិងរួមដំណើរដោយជនជាតិចិនម្នាក់ទៀត។
តាមព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្ត mercedes ខាងលើជិះដោយជនជាតិចិនពីរនាក់បានធ្វើដំណើរតាមបណ្ដោយផ្លូវណតប្រីដក្នុងទីសដៅពីជើងទៅត្បូង។នៅពេលធ្វើដំណើរហួសបុរីអតីតឃ្លាំងK៤ បន្តិចស្រាប់តែភ្លើងបានឆាបឆេះហុយចេញពីម៉ាស៊ីនរថយន្តនិងមានអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ។
តាមព័ត៌មានឱ្យដឹងទៀតថា ភ្លាមៗអ្នកបើកបរព្រមទាំងអ្នកជិតខាងបានយកបំពង់ពន្លត់អគ្គីភ័យទៅបាញ់អន្តរាគមន៍តែពុំអាចទប់ស្កាត់បាន។ភ្លាមៗបង្កឲ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យ១គ្រឿងទៅទៅជួយអន្តរាគមន៍បាញ់ពន្លត់ទើបភ្លើងបានរលត់ទៅវិញ។
តាមព័ត៌មានឲ្យដឹងថា រថយន្តខាងលើត្រូវភ្លើងឆេះរងការខូចខាតទាំងសុងនៅសល់តែគ្រោងឆ្អឹងដែកតែប៉ុណ្ណោះ។ទាក់ទិននឹងការកើតមានអគ្គីភ័យនេះគេសង្ស័យថាបណ្ដាលមកពីឆ្លងចរន្តភ្លើង៕