ភ្នំពេញ៖ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូដែលដឹកនាំដោយ លោក Wang Weimin អនុប្រធានការិយាល័យទីប្រឹក្សានៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ម្សិលមិញនេះ ក្នុងគោលបំណងពិភាក្សា និងលើកកម្ពស់ការឈ្វេងយល់អំពីបច្ចុប្បន្នភាពថ្មីនៃបរិយាកាសវិនិយោគកម្ពុជានៅក្នុងបរិបទនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មី។
មានមតិក្នុងជំនួប លោកអគ្គលេខាធិការរង បានសម្តែងនូវការស្វាគមន៍យ៉ាងជ្រាលជ្រៅជូនចំពោះគណៈប្រតិភូដែលបានអញ្ជើញមកធ្វើទស្សនកិច្ចការងារដោយផ្ទាល់នៅព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតី ស៊ី ជីនពីង ទើបបានបញ្ចប់ប្រកបដោយផ្លែផ្កាយ៉ាងត្រចះត្រចង់កាលពីពេលថ្មីៗនេះ។ ជាមួយគ្នានេះ លោកបានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះភាពរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងមិត្តភាពដែកថែបកម្ពុជា-ចិន ជាពិសេសសម្ទុះថ្មីនៃការកសាងសហគមន៍វាសនារួមគ្រប់រដូវកាលក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់, កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។
ជាក់ស្តែង គម្រោងវិនិយោគផ្ទាល់របស់ចិននៅកម្ពុជាតែងតែឈរនៅលំដាប់លេខរៀងកំពូលជានិច្ចក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយ ដោយបានវិនិយោគលើមុខសញ្ញាប្រកបដោយពិពិធភាព ហើយលោក មានជំនឿចិត្តថាគម្រោងវិនិយោគរបស់ចិននឹងនៅតែបន្តឈរនៅលំដាប់កំពូលតទៅអនាគត។ ផ្អែកលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំធ្វើឱ្យប្រសើរឡើងជាលំដាប់នូវបរិយាកាសវិនិយោគរបស់ខ្លួនតាមរយៈការផ្តល់កិច្ចសម្រួលវិនិយោគឱ្យកាន់តែលឿន និងទាន់ចិត្ត, ការផ្តល់នូវកញ្ចប់លើកទឹកចិត្តដែលមានភាពអនុគ្រោះខ្ពស់ និងការថែទាំវិនិយោគប្រកបដោយភាពកក់ក្តៅ។
មុននឹងបញ្ចប់ លោកអគ្គលេខាធិការរង បានបង្ហាញសុទិដ្ឋិនិយមថាគណៈប្រតិភូនៃការិយាល័យទីប្រឹក្សានៃក្រុមប្រឹក្សារដ្ឋដែលជាស្ថាប័នបណ្តុំគំនិតរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិននឹងជួយពាំនាំព័ត៌មានវិជ្ជមានរបស់កម្ពុជាជម្រាបជូនថ្នាក់ដឹកនាំ និងសហគមន៍ធុរកិច្ចគ្រប់លំដាប់ថ្នាក់ដើម្បីប្រើប្រាស់ជាមូលដ្ឋានក្នុងការសិក្សាសមិទ្ធិលទ្ធភាពពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនមកកាន់កម្ពុជាបន្ថែមទៀតនាពេលដ៏ខ្លីខាងមុខ។
ជាការឆ្លើយតប លោក Wang Weimin បានថ្លែងអំណរគុណជូនចំពោះក្រុមការងារគណៈកម្មាធិការវិនិយោគកម្ពុជាដែលបានទទួលជួបពិភាក្សាការងារនាឱកាសដំណើរទស្សនកិច្ចការងារលើកដំបូងមកកាន់កម្ពុជា។ បន្ថែមពីនេះ លោកបានថ្លែងនូវការកត់សម្គាល់ថារាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងបោះជំហានយ៉ាងត្រឹមត្រូវលើមាគ៌ានៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចដែលស្តែងចេញតាមរយៈការរីកលូតលាស់នៃហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, កំណើននៃរំហូរវិនិយោគបរទេស និងភាពល្អប្រសើរនៃជីវភាពរស់នៅរបស់ប្រជាជន។
ស្របគ្នានេះ លោកក៏បានសម្តែងនូវសេចក្តីពេញចិត្តយ៉ាងខ្លាំងសម្រាប់ការបរិយាយយ៉ាងពិស្តារអំពីវឌ្ឍនភាពចុងក្រោយនៃបរិស្ថានធុរកិច្ចនៅកម្ពុជា ហើយលោកបានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថាសហគ្រាសចិនក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនឹងបន្តពង្រីកការវិនិយោគរបស់ខ្លួននៅតាមបណ្តោយរបៀងអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជាជាក់ជាពុំខាន៕
ដោយ៖តារា