ប្រទេសថៃ ៖ កាសែតបាងកកប៉ុស្ត ចេញផ្សាយថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ២០២៥ កាលពីថ្ងៃសុក្រ ទី ២៥ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៨ និង ១៥ នាទីព្រឹក យន្តហោះតម្រួតថៃប្រភេទ DHC-6-400 Twin Otter បានធ្លាក់នៅក្បែរសណ្ឋាគារ Baby Grande Hua Hin Hotel ក្នុងស្រុក Cha-Am ខេត្ត Phetchaburi ដែលបណ្តាលអោយនាយនគរបាល ៥ នាក់បានស្លាប់ភ្លាមៗនៅកន្លែង និង អ្នកបើករបួសធ្ងន់ហើយបានស្លាប់នៅក្នុងមន្ទីរពេទ្យ ។
សូមបញ្ជាក់ថា ៖ យោងតាមវីដេអូដែលថតបានដោយពលរដ្ឋថៃ គេឃើញយន្តហោះដាំក្បាលចុះមកក្រោមហើយធ្លាក់ចូលសមុទ្រ ភ្លាមៗបណ្តាលឲ្យប៉ូលីសនៅក្នុងយន្តហោះស្លាប់បាត់បង់ជីវិត ក្នុងកន្លែងកើតហេតុការណ៍នោះ។
បណ្តាញសារព័ត៌មានថៃ បានស្រង់ប្រភពពីមន្ត្រីអ្នកនាំពាក្យនៃប៉ូលីសថៃថា យន្តហោះរបស់ Royal Thai Police បានធ្លាក់ក្នុងអំឡុងពេលបេសកកម្មសាកល្បងហោះហើរ ដើម្បីត្រៀមខ្លួនសម្រាប់ការហ្វឹកហាត់លោតឆ័ត្រយោងនៅតំបន់ Hua Hin នៃខេត្ត Prachuap Khiri Khan ដោយក្នុងនោះមានប៉ូលីសចំនួន ៦ នាក់នៅលើយន្តហោះ។
ប្រភពបន្តរាយការណ៍ថា បច្ចុប្បន្នពួកគេកំពុងស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះ។ ក្រុមមន្រ្តីជំនាញកំពុងតែប្រមូលទិន្នន័យពីបំណែកយន្តហោះ ឧបករណ៍កត់ត្រាការហោះហើរ (ប្រអប់ខ្មៅ) និង ភស្តុតាងបច្ចេកទេស ហើយនឹងសម្របសម្រួលជាមួយភ្នាក់ងារយន្តហោះដែលពាក់ព័ន្ធ ដើម្បីធ្វើការស៊ើបអង្កេតរួមគ្នាលម្អិត៕
ដោយ ៖ សិលា