រឿង កម្រងផ្កាអពមង្គល(ត)

ចែករំលែក៖

កល្យាណ÷ ចុះបងក្រោយបញ្ចប់ការសិក្សាឆ្នាំ ១៩៧៣ នោះ?
សុវណ្ណ÷ ក្រោយបញ្ចប់ការសិក្សាបងបានទៅរស់នៅជាមួយឪពុកម្ដាយនៅឯភ្នំពេញ ព្រោះជីតារបស់បងបានលាចាកលោកហើយ។ ពីឆ្នាំ ១៩៧៣ ដល់ ១៩៧៥ ការប្រកបការងារឪពុកម្ដាយរបស់បងនៅទល់មុខផ្សារស៊ីឡឹបនោះ មានសភាពមមាញឹក និង ជោគជ័យណាស់ព្រោះមានមន្ត្រីរបស់រដ្ឋាភិបាលសេនាប្រមុខ លន់ នល់ មកទិញជាប្រចាំ ។ រីឯនៅចុងឆ្នាំ ១៩៧៤មន្ត្រីទាំងនោះបានដឹងពីសភាពការណ៍ស្រុកទេសមិនស្រួល ពួកគេបានដើរបំផុសបំផុលប្រជាជននៅតាមទីជនបទនានាឱ្យក្រោកឈរឡើងប្រឆាំងរបបលន់ នល់ ។ មន្ត្រីធំៗទាំងនោះបានដាក់ខោអាវធំៗ ម្នាក់ពីរបីឈុតត្រៀមចាកចេញទៅក្រៅស្រុក ដើម្បីគេចពីសង្គ្រាម។ ពួកគេបានបបួលឪពុកម្ដាយរបស់បងទៅជាមួយដែរ ប៉ុន្តែឪពុកម្ដាយរបស់បងមិនយល់ព្រម ព្រោះយើងមិននឹកស្មានថា មានព្រឹត្តិការណ៍ទាំងអស់នេះកើតឡើងទេ។
និយាយដល់ត្រឹមនេះ សុវណ្ណ បានដកដង្ហើមធំ ទឹកមុខស្រពាប់ស្រពោនយ៉ាងខ្លាំង។ មួយសន្ទុះទើប សុវណ្ណ និយាយរៀបរាប់បន្តទៀត។
សុវណ្ណ÷ ក្រោយពេលចាកចេញពីខេត្តបាត់ដំបងមកភ្នំពេញ បងមិនបានបន្តការសិក្សាទៀតទេ។អំឡុងឆ្នាំ ១៩៧៤ បងបានចាប់អារម្មណ៍វិធីតែងនិពន្ធកំណាព្យ។ បងក៏ចេះតែរៀនសរសេរកំណាព្យរឿងខ្លីៗទាក់ទងនឹងតថភាពសង្គម តែមិនទាន់បានបោះពុម្ពស្នាដៃណាមួយទេ។ស្រាប់តែអកុសល សម័យខ្មៅងងឹតនេះបានចូលមកដល់។ អូនអើយ ពេលនេះបងគ្មានឱកាសឃើញមុខឪពុកម្ដាយរបស់បងផងមិនដឹងថាពួកគាត់ស្លាប់ឬរស់ទេ។ភ្នំពេញច្របូកច្របល់ហើយប្រែជាស្ងាត់សូន្យ។ បងត្រូវខ្មែរក្រហមជម្លៀសចេញពីភ្នំពេញរហូតមកដល់កំពង់ឆ្នាំង និងទើបតែឆ្នាំ ១៩៧៦ នេះបងមកដល់បាត់ដំបង ។
កល្យាណ÷ រាល់យប់អូនបន់ឲ្យតែសម័យនោះឆាប់អន្តរាយទៅទេ។ ត្រចៀកអូនឮ តែសម្រែកសោះកក្រោះឃើញគ្រួសារបែកបាក់ក្មេងប្រដៅចាស់។សម្លៀកបំពាក់ប្រពៃណីគ្មានទេសំពត់បត់ ហូល ផាមួង ភ្លេងបុណ្យសពក៏គ្មាន ឮតែបទ” យើងខ្ញុំកុមារស្រឡាញ់អង្គការឥតព្រំដែន…។ អូនស្រណោះណាស់មាតុភូមិយើងកម្សត់ណាស់។
សុវណ្ណ÷ ឈប់យំទៅអូន។ត្រូវតាំងចំហរស្រោចស្រង់ជាតិយើងរួមគ្នា។
ភ្លាមៗនោះ ស្រាប់តែឮសំឡេងកងឈ្លបស្រែកមកថា សមមិត្តសុវណ្ណ សមមិត្តកល្យាណ រស់នៅជាមួយគ្នាមិនចុះសម្រុងមែនទេ? សុវណ្ណ និង កល្យាណ ឆ្លើយរួមគ្នាថា មិនមានរឿងបែបនេះទេសមមិត្តបង។
កងឈ្លប÷ អង្គការមានភ្នែកម្នាស់ ធ្វើអ្វីកុំគិតថាអាចលាក់បាំងអង្គការបានឲ្យសោះ យល់ទេ?
សុវណ្ណ និង កល្យាណ ” សមមិត្តបងពិតជាគ្មានមែន “។
កងឈ្លប÷ ល្អហើយអ៊ីចឹងឆាប់នាំគ្នាដេកទៅ។ និយាយត្រឹមនេះកងឈ្លបក៏បន្តដើរទៅពិនិត្យមើលខ្ទមផ្សេងៗទៀត។
ក្រោយពីមេកងឈ្លប ភាពចេញទៅ សុវណ្ណ និងកល្យាណមើលមុខគ្នា ហើយបញ្ចេញស្នូរដង្ហើមយ៉ាងស្ងប់ស្ងាត់។រួចនាំគ្នាចូលដេកទៅ។
ម៉ោងបួនទៀបភ្លឺស្នូរជួងរបស់អង្គការបានបន្លឺឡើងយ៉ាងទៀងទាត់ជារៀងរាល់ថ្ងៃ។ប្រជាជនខ្មែរម្នីម្នាចេញពីខ្ទមទាំងព្រះអាទិត្យមិនទាន់រះ ដើម្បីសំដៅទៅស្រែក្នុងភូមិខ្សោយ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។ សុវណ្ណ និងកល្យាណ ម្នីម្នាធ្វើដំណើរទៅកន្លែងរៀងៗខ្លួន។ សុវណ្ណ ធ្វើការនៅកងចល័តបុរសកាប់ដី ភ្ជួរដី ដែលទើបតែប្រមូលផលរួច។ ចំណែក កល្យាណ វិញធ្វើការក្នុងកងចល័តនារី ត្រូវទៅប្រមូលផលស្រូវដាក់ក្នុងបាវ។
* បាត់ដំបងឆ្នាំ ១៩៧៧ :
ក្រោយពីរស់នៅជុំប្រពន្ធមួយរយៈ សុវណ្ណ និងសមមិត្តបុរសឯទៀត បានអង្គការចាត់តាំងឲ្យទៅសង់ទំនប់ទឹកនៅតំបន់ស្ទឹងចាស់។ ពេលឃ្លាតពីប្រពន្ធសុវណ្ណបានប្រគល់បន្តោងរូបផ្កាចំប៉ាមួយជូនកល្យាណ ព្រោះ សុវណ្ណ គិតថាបន្តោងរូបផ្កាចំប៉ានេះ ជាវត្ថុស័ក្តិសិទ្ធដែលអាចជួយឱ្យកល្យាណជួបសេចក្តីសុខបាន។ចំណែក សុវណ្ណ វិញគ្មានជំនឿថានឹងមានជីវិតវិលត្រឡប់មកវិញទេ។
អង្គការបានចាត់ឱ្យប្រជាជនទាំងអស់លើកទំនប់ទឹក ដើម្បីធ្វើស្រែនៅក្នុងភូមិបឹងទឹម។ ការលើកទំនប់នេះគ្មានឧបករណ៍ទំនើបទេ មានតែចប និង បង្គីតិចតួចប៉ុណ្ណោះ។ នៅខាងភូមិ បាសែត វិញអង្គការបានបញ្ជាឲ្យរុញយកថ្មប្រាសាទបុរាណទៅទប់ធ្វើទំនប់។ សុវណ្ណ មើលឃើញសភាពខ្ទេចខ្ទីនៃទម្រង់ប្រាសាទបាសែត ដែលខ្មែរក្រហមកំពុងតែបំផ្លាញខ្ទេចខ្ទីដោយក្តីស្រណោះ។
ថ្ងៃបន្ទាប់ សុវណ្ណ បានទៅជួបប្រធានសហករណ៍ និងស្នើសុំដោយផ្ទាល់ថា លោកបងសមមិត្តប្រធាន ខ្ញុំមកនេះមានការស្នើសុំរឿងមួយ។ ពេលនោះប្រធានសហករណ៍បានបើកភ្នែកធំៗហើយសម្លឹងទៅកាន់ សុវណ្ណ ប៉ុន្តែសុវណ្ណ នៅតែបន្តនិយាយទៀតថាទំនប់ដែលប្រធានបងឲ្យខ្ញុំទប់នោះជិតរួចហើយ ថែមទាំងមាំអាចទប់ទឹកបានល្អតាមផែនការរបស់អង្គការបានកំណត់ដែរ។ ដូច្នេះខ្ញុំសុំស្នើបង្ហើយការងារទប់នេះដោយយកដីខ្សាច់ច្រកបាវហើយទប់ទឹកជំនួសថ្មប្រាសាទវិញ ដូចសមមិត្តប្រធានបងជាអ្នករស់នៅក្នុងភូមិនេះស្រាប់ ប្រាសាទនេះ…។ សុវណ្ណ និយាយមិនទាន់ចប់ផងប្រធានសហករណ៍នោះយកដងកាំភ្លើងវាយចាំក្បាលសុវណ្ណ ធ្វើឲ្យមានឈាមហូរតក់ៗ រួចប្រធានសហករណ៍ស្រែកសម្លុតថា សមមិត្តឯងប្រដៅយើងមែនទេ? ទោះបីជាប្រធានសហករណ៍នោះសម្លុតយ៉ាងណាក៏ដោយ សុវណ្ណនៅតែនិយាយដោយលែងខ្លាចស្លាប់ ស្របពេលដែលឈាមស្រក់តក់ៗទប់ជំហរស្ទើរលែងជាប់ បន្តទៀតថា លោកបងសមមិត្តតាំងពីដើមមកលោកបងឃើញប្រាសាទនេះរហូតមុនខ្ញុំទៅទៀត។បើប្រាសាទនេះបាត់បង់លោកបងស្ដាយទេ។ និយាយរួច សុវណ្ណ អួលដើមក។ ឮសុវណ្ណ និយាយចំចំណុច មួយសន្ទុះមកប្រធានសហករណ៍ឆ្លើយតបទាំងត្រឹមត្រូវវិញថា អឺ!ត្រូវទប់ទំនប់ឲ្យល្អ

ឈប់សួរយើងរឿងប្រាសាទនេះទៀត។ឮដូច្នោះ សុវណ្ណ អរណាស់ហើយនិយាយអរគុណទៅប្រធានសហករណ៍ បន្ទាប់មកដួលទៅលើដីដោយសារតែឈាមស្រក់ហូរខ្លាំងពេក រហូតទប់ជំហរលែងបាន។ បន្ទាប់ពីសាងសង់ទំនប់រួចហើយ សុវណ្ណ និងសមមិត្តឯទៀតដែលនៅរស់បានវិលត្រឡប់មកវិញ។ កល្យាណ អរណាស់ដែលប្ដីនាងមានជីវិតវិលត្រឡប់មកជួបគ្នាវិញនៅចុងឆ្នាំ ១៩៧៧ ។(នៅមានត)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print