លោកអភិសន្តិបណ្ឌិត ស សុខា បញ្ជាក់ពី វិធានការរួម ការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេស

ចែករំលែក៖

ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាក់ពី វិធានការរួម ការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេស គឺសំដៅអនុវត្តឱ្យមានប្រសិទ្ធភាព នូវគោលបំណង និងសំណូមពរដែលបានដាក់ចេញដូចខាងលើ ត្រូវយកចិត្តទុកដាក់ចំពោះវិធានការសំខាន់ៗ ជាមូលដ្ឋានមួយចំនួនដូចខាងក្រោម៖

១.រាជធានី ខេត្ត ត្រូវខិតខំពង្រឹងវិធានការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួនឱ្យបានជាប្រចាំប្រកបដោយប្រសិទ្ធភាព សំដៅបង្កើតបាននូវ បរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរជាទូទៅ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីក្លាយជាបុព្វបទ ពិតប្រាកដសម្រាប់ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ដូចដែលមានចែងក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

២.រាជធានី ខេត្ត ត្រូវក្តាប់ជាប់នូវគោលនយោបាយទាក់ទាញវិនិយោគ របស់រាជរដ្ឋាភិបាលនិង នយោបាយទេសចរណ៍ជាតិ និងត្រូវយកចិត្តទុកដាក់ធ្វើការផ្សព្វផ្សាយឱ្យបានជ្រួតជ្រាបទូលំទូលាយដល់ ប្រជាពលរដ្ឋ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដើម្បីឱ្យយល់ដឹងអំពីអត្ថប្រយោជន៍ នៃគោលនយោបាយនេះ ព្រមទាំងបំផុសចលនាចូលរួមជាមួយសមត្ថកិច្ច ដើម្បីការពារអ្នកវិនិយោគ និងអ្នកទេសចរណ៍។

៣.រាជធានី ខេត្ត ត្រូវជំរុញការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព-ឱ្យបាន សកម្មក្លៀវក្លា និងមានប្រសិទ្ធភាពថែមទៀត ជាពិសេសបំផុសសកម្មភាពចូលរួមរបស់ប្រជាពលរដ្ឋធ្វើឱ្យ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅជុំវិញគោលដៅវិនិយោគ ឬគោលដៅទេសចរណ៍ កាន់តែមានលក្ខណៈល្អប្រសើរ។

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកឡើងថា ៖ វិធានការជាក់ស្តែង ការពារការវិនិយោគរួមមាន ៖
១.រាជធានី ខេត្ត ត្រូវតម្លើងផែនទីកំណត់គោលដៅគម្រោងវិនិយោគរោងចក្រ សហគ្រាស កសិដ្ឋាន ការដ្ឋាននានា ដែលបានទទួលការអនុញ្ញាតនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួនតាំងពីមុនមក ក៏ដូច ជាការអនុញ្ញាតបន្តបន្ទាប់ទៀត សំដៅមានផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនគ្រប់ គម្រោង។

២.ជានិច្ចកាលត្រូវយកចិត្តទុកដាក់លើការងារប្រមូលព័ត៌មានដែលទាក់ទិនដល់បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ដើម្បីមានវិធានការការពារបង្ការទប់ស្កាត់ និងបំបាត់ប្រសិទ្ធភាពបានទាន់ ពេលវេលានូវរាល់ឧបាយកលប៉ុនប៉ងបំផ្លិចបំផ្លាញនានា គិតទាំងសន្តិសុខ សុវត្ថិភាពផ្ទាល់ខ្លួនរបស់ វិនិយោគិន បុគ្គលិករដ្ឋបាល និងកម្មករបច្ចេកទេស ព្រមទាំងទីតាំង និងទ្រព្យសម្បត្តិទាំងឡាយរបស់ពួក គេផងដែរ។

២.នគរបាលទេសចរណ៍ ត្រូវសហការជាមួយបណ្តាក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ម្ចាស់សណ្ឋាគារ អាផាតមិន ផ្ទះសំណាក់ ផ្ទះជួល ភោជនីយដ្ឋាន ខារ៉ាអូខេ ក្លឹបរាត្រី PUB បៀហ្គាឌិន ហាងម៉ាស្សា អាជីវកម្មផ្លូវទឹក ព្រមទាំងទីកន្លែងកម្សាន្តសប្បាយផ្សេងៗទៀត…… ដើម្បីម្ចាស់ការទាន់ពេលវេលាក្នុងការ ក្តាប់សភាពការណ៍ និងមានផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ គ្រប់ទីកន្លែង

– ជាមួយនោះត្រូវរៀបចំប្រព័ន្ធកត់ត្រាវត្តមានជនបរទេស តាមលក្ខណៈបច្ចេកវិទ្យាទំនើបប្រមូលផ្តុំ ដើម្បីដាក់ឱ្យបណ្តាក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ម្ចាស់សណ្ឋាគារ ម្ចាស់ផ្ទះសំណាក់ ផ្ទះជួល កត់ត្រា បញ្ចូលទិន្នន័យរាយការណ៍ទាន់ពេលជាប្រចាំមកសមត្ថកិច្ច ។ ត្រូវមានវិធានការគ្រប់គ្រងឱ្យបានហ្មត់ចត់ មុខសញ្ញាជនបរទេសដែលស្ថិតក្នុងបញ្ជីខ្មៅ ជាពិសេសហាមដាច់ខាតមិនឱ្យមុខសញ្ញាទាំងនេះជ្រៀតចូល ក្នុងប្រទេសបាន។

៣.រាជធានី ខេត្ត ដែលមានទេសចរណ៍ច្រើន ត្រូវមានវិធានការចាត់កម្លាំងនគរបាលទេសចរណ៍ ដើម្បីគ្រប់គ្រងក្រុមហ៊ុន និងអ្នកធ្វើអាជីវកម្មដឹកអ្នកទេសចរណ៍ដូចជា៖ រថយន្តទេសចរណ៍ រថយន្តតាក់ស៊ី ម៉ូតូឌុប ម៉ូតូរ៉ឺម៉ក ម៉ូតូកង់បី ទូក-នាវាទេសចរណ៍។ល។ សំដៅបង្ការការពារសមាសភាពអាក្រក់ និងធ្វើការ អប់រំ ដើម្បីចលនាឱ្យគាត់ចូលរួមក្នុងការការពារសន្តិសុខ សុវត្ថិភាព ជូនភ្ញៀវទេសចរណ៍។ ដោយឡែក អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវពង្រឹងវិធានការការពារសន្តិសុខ នៅក្នុងបណ្តាកាស៊ីណូស្របច្បាប់ ទាំងអស់ ព្រមទាំងល្បែងអេឡិចត្រូនិច ប្រឆាំងនឹងអំពើបំពានច្បាប់នានា ព្រមទាំងយកចិត្តទុកដាក់ចំពោះ វិធានការបង្ការទប់ស្កាត់បាតុភាពឆរបោក តាមប្រព័ន្ធឌីជីថល ការបង្ខាំងមនុស្ស ឬជម្រិតមនុស្សទារប្រាក់ ដែលតែងកើតមានឡើង។

៤.កម្លាំងនគរបាលទេសចរណ៍ បន្តយកចិត្តទុកដាក់បំផុសចលនាប្រជាពលរដ្ឋឱ្យចូលរួមការពារ សន្តិសុខ និងសុវត្ថិភាព ជូនភ្ញៀវទេសចរណ៍ ជាពិសេសបន្តខិតខំពង្រីកបណ្តាញអ្នកស្ម័គ្រចិត្តការពារ ទេសចរណ៍ ឱ្យមានចំនួនច្រើនថែមទៀត នៅតាមគោលដៅទេសចរណ៍សំខាន់ៗ ព្រមទាំងយកចិត្តទុក ដាក់ការងារអប់រំបំពាក់បំប៉ន និងលើកទឹកចិត្តកម្លាំងនេះ ឱ្យធ្វើសកម្មភាពបានសកម្មក្លៀវក្លា។

៥.

អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវពង្រឹងវិធានការការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅបណ្តាអាកាសយានដ្ឋានអន្តរជាតិ កំពង់ផែអន្តរជាតិ ច្រកទ្វារ ព្រំដែនអន្តរជាតិ និងច្រកទ្វារព្រំដែនទ្វេភាគីសំខាន់ៗ ពិសេសកម្លាំងនគរបាលទេសចរណ៍ត្រូវចូលរួម សហការការពារមិនឱ្យមាននូវបទល្មើសព្រហ្មទណ្ឌ ដូចជាការលួច ឆក់ ប្លន់ លើវិនិយោគិន និង អ្នកទេសចរណ៍បរទេស។

៦.អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់វិធានការសរុប និង កម្លាំងសរុប ក្នុងការរក្សាសន្តិសុខ និងសុវត្ថិភាព ជូនភ្ញៀវទេសចរណ៍។ ទន្ទឹមនោះត្រូវលើកកម្ពស់សមត្ថភាព បំពេញភារកិច្ចរបស់កងកម្លាំងនគរបាលទេសចរណ៍ និងនគរបាលមូលដ្ឋានឱ្យឆ្លើយតបបានទៅនិងតួនាទី ភារកិច្ចដែលបានប្រគល់ជូន ដោយត្រូវខិតខំធ្វើការបំពាក់បំប៉នសមត្ថភាពជំនាញ ភាសាបរទេស ការបំពាក់ ឧបករណ៍មធ្យោបាយបម្រើការងារ ព្រមទាំងការថែបំប៉នជីវភាពមន្ត្រី។

៧. ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវរៀបចំប្រព័ន្ធ HOTLINE និងក្រុមមន្ត្រីប្រចាំការទទួល ពាក្យបណ្ដឹង និងចាត់ចែងដោះស្រាយដោយស្មារតីទទួលខុសត្រូវខ្ពស់នៅពេលមានហេតុការណ៍កើតឡើង លើជនបរទេស ព្រមទាំងធ្វើការផ្សព្វផ្សាយលេខទូរសព្ទ HOTLINE ឱ្យបានទូលំទូលាយ ពិសេសនាយកដ្ឋាន នគរបាលទេសចរណ៍ត្រូវមានកម្មវិធីប្រព័ន្ធបច្ចេកវិទ្យាឌីជីថល (CAMBODIA TOURIST POLICE APP) ដើម្បី ងាយស្រួលក្នុងការ ផ្តល់ ទទួលព័ត៌មាន ក៏ដូចជាដោះស្រាយបញ្ហា ជូនវិនិយោគិន និងអ្នកទេសចរណ៍ បរទេសទាន់ពេល។

៨.រាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់រៀបចំ និងពង្រឹងយន្តការសង្គ្រោះ ដើម្បីត្រៀមលក្ខណៈគ្រប់ពេល ឆ្លើយតបមានប្រសិទ្ធភាពនូវរាល់ហេតុការណ៍ដែលកើតឡើងជាយថាហេតុ។

លោកអភិសន្តិបណ្ឌិតបន្តថា ៖ ការចាត់តាំងអនុវត្តន៍ ៖
១. ផ្អែកលើផែនការនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានក្រោមឱវាទដែលមានការ ពាក់ព័ន្ធ និងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ផ្អែកលើតួនាទី ភារកិច្ច និងភូមិសាស្ត្រទទួល ខុសត្រូវផ្សេងៗ ត្រូវកសាងផែនការលម្អិតជាក់ស្តែង ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេស។

២.ត្រូវធ្វើការចាក់តាំងផ្សព្វផ្សាយផែនការនេះ ឱ្យបានជ្រួតជ្រាបទូលំទូលាយដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ស្រទាប់ជាន់ថ្នាក់ ដើម្បីចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព។

៣. រៀងរាល់ខែគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត អគ្គស្នងការដ្ឋាននគរបាលជាតិ និង អគ្គនាយកដ្ឋានដែលមានការពាក់ព័ន្ធត្រូវធ្វើរបាយការណ៍បូកសរុបផ្ញើមកក្រសួងមហាផ្ទៃ តាមរយៈ អគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីចង្អុលដឹកនាំបន្ត។

៤.ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវធ្វើសេនាធិការជូនគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត និងអគ្គស្នងការដ្ឋាននគរបាលជាតិត្រូវធ្វើសេនាធិការជូនក្រសួងមហាផ្ទៃក្នុងការចាត់តាំង អនុវត្តផែនការនេះឱ្យមានប្រសិទ្ធភាព។

៥.ប្រគល់ភារកិច្ចជូនរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ ដែលទទួលកិច្ចការនេះ ដឹកនាំប្រជុំបូកសរុប ដកពិសោធន៍ លទ្ធផល នៃការអនុវត្តក្នុងក្របខណ្ឌទូទាំងប្រទេស រៀងរាល់ ៦ខែម្តង ។

៦. ផែនការលេខ០១១ផក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ ស្តីពីការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេស របស់ក្រសួងមហាផ្ទៃ ត្រូវទុកជានិរាករណ៍ និងជំនួសដោយ ផែនការនេះ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print