កណ្តាល៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ឈើទាលស្រាវជ្រាវឈានដល់ការចាប់ខ្លួនបានបន្ទាប់ភាគីខាងរោងចក្រប្តឹងពីបទលួចខោនៅក្នុងរោងចក្រចំនួន៤កាតុង ស្មើ១១៦ខោ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ ហើយត្រូវសមត្ថកិច្ចចាប់ខ្លួននៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅគ្រាដែលជនសង្ស័យចូលខ្លួនមកបំភ្លឺក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តងក្រោយពីជនសង្ស័យសារភាព ។
ជនសង្ស័យមានឈ្មោះលី សៀងហេង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាកម្មកររោងចក្រយីដា មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
មន្ត្រីនគរបាលប៉ុស្តិ៍ឈើទាលបានឲ្យដឹងថា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ ជនសង្ស័យបានលួចយកខោខូវប៊យចំនួន៤កាតុងស្មើ១១៦ខោ យកទៅលាក់ទុកនៅក្រោមជណ្តើរក្នុងរោងចក្រ បន្ទាប់មកជនសង្ស័យបានលួចយកខោបន្តិចម្តងៗ បោះតាមបង្អួចចេញមកខាងក្រៅរបងរោងចក្រដើម្បយកចេញទៅក្រៅ ។ ប៉ុន្តែសកម្មភាពនេះត្រូវបានសន្តិសុខយាមនៅរោងចក្ររើសបានខោខៅប៊យ១ថង់មានចំនួនជិត១០ខោ ។ ក្រោយពីរើសបានសន្តិសុខក៏យកទៅប្តឹងរដ្ឋបាលរោងចក្រ ហើយត្រូវខាងរដ្ឋបាលបើកមើលកាំមេរ៉ាសុវត្ថិភាពទើបកំណត់មុខសញ្ញាបាន ។
ប្រភពព័ត៌មានបន្តថា បន្ទាប់ពីស្គាល់មុខសញ្ញាភាគីខាងតំណាងរោងចក្របានចូលទៅដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ឈើទាលទើបសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានម្នាក់បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តនីតិវិធី៕
ដោយ៖ សណ្តោស