ខេត្តរតនគិរី ៖ គំនរឈើអារច្រៀកជាបង្គោលរបងជាច្រើនដើមត្រូវបានកម្លាំងសមត្ថកិច្ចសហការជាមួយមន្ត្រីបរិស្ថានបង្ក្រាបនិងរឹបអូសយកទៅរក្សាទុក។
ការចុះបង្ក្រាបនោះកម្លាំងសមត្ថកិច្ចបានធ្វើឡើងនៅថ្ងៃទី២៥ ខែមេសាឆ្នាំ២០២៥នៅត្រង់ចំណុចភូមិដរធំ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ក្នុងឧទ្យានជាតិអូរយ៉ាដាវ។
ក្នុងប្រតិបត្តិការនោះមានក្រុមការងារមន្ត្រីជំនាញបរិស្ថានចំនួន០២រូបដឹកនាំដោយ លោក វ៉េង ម៉េងឡុង ប្រធានក្រុមល្បាត នៃទីស្នាក់ការឧទ្យានជាតិអូរយ៉ាដាវ មានការចូលរួមពីគណៈបញ្ជាការឯកភាពស្រុកអូរយ៉ាដាវដឹកនាំដោយលោក ហ្លីន ត្វាន អភិបាលរងនៃស្រុកអូរយ៉ាដាវ ជាប្រធានក្រុមការងារនិងកម្លាំងកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ កម្លាំង នគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី កម្លាំងសឹករងស្រុក និងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំយ៉ាទុងផងដែរ។
កម្លាំងបានចុះស្រាវជ្រាវទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ប្រទះឃើញគំនរឈើបង្គោលរបងជាច្រើនដើមដែលជាសន្និធិផលអនុផលព្រៃឈើនៅចំណុចខាងលើ ហើយក្រុមការងារក៏បានធ្វើកំណត់ហេតុដកហូតវត្ដុតាងឈើប្រភេទបង្គោលរបងអារ និងច្រៀកជា៣ជ្រុងចំនួន៤ទីតាំង មានប្រវែង១.៦០ម៉ែត្រ ។
ឈើខាងលើនោះជាប្រភេទឈើផ្ចីក និងឈើសុក្រម ដែលជនមិនស្គាល់មុខបានលួចដឹកដោយគោយន្តកែច្នៃយកមកទម្លាក់ទុកចោលមាននិយាមកា៖
១ .និយាមកា៧៦១៩១៨-១៤៩៧៤០៥
២.និយាមកា៧៦២០១០-១៤៩៧៣៩៣
៣ .និយាមកា៧៦២០៩៨-១៤៩៧៣៧៩
៤ .និយាមកា៧៦១៨៨៣-១៤៩៧៤០៦ សរុប៤ ទីតាំង (មិនទាន់បានរាប់ចំនួននៅឡើយ )។
បច្ចុប្បន្នក្រុមការងារបានដឹកជញ្ជូនឈើវត្ថុតាងខាងលើយកទៅរក្សាទុកនៅទីស្នាក់ការឧទ្យានជាតិអូរយ៉ាដាវ និងបន្តស្រាវជ្រាវរកសាវតារជនសង្ស័យ ដើម្បីចងក្រងឯកសារបញ្ជូនសំណុំរឿងទៅសាលាដំបូងចាត់ការបន្តតាមនីតិវិធីច្បាប់ស្ដីពីក្រមបរិស្ថាននិងធនធានធម្មជាតិ៕
ដោយ៖ ជីវ័ន្ត