តើរាជរដ្ឋាភិបាលឆ្លើយតបបែបណា ជុំវិញការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយមមួយចំនួន ក្នុងការផ្លាស់ប្ដូរប្រជាជនទៅធ្វើការនៅក្រៅប្រទេស?

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា បានលើកឡើងថា កន្លងមកមានការចោទប្រកាន់ថារាជរដ្ឋាភិបាលបានបញ្ជូនប្រជាពលរដ្ឋទៅធ្វើការនៅខាងក្រៅ។ សម្ដេចធិបតី បានបញ្ជាក់ថា ប្រទេសនៅក្នុងតំបន់អាស៊ានទាំងអស់ មិនមានប្រទេសណាមិនបញ្ជូនប្រជាពលរដ្ឋទៅធ្វើការនៅក្រៅប្រទេសនោះទេ។ សម្ដេចធិបតី ថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥។

សម្ដេចធិបតី បញ្ជាក់ថា ពលករខ្មែរយើងច្រើនណាស់នៅប្រទេសថៃ ហើយពលករថៃក៏មានធ្វើច្រើនណាស់នៅអ៊ីស្រាអែល ពលរដ្ឋកម្ពុជាទៅធ្វើការនៅកូរ៉េ ហើយពលរដ្ឋកូរ៉េទៅធ្វើការនៅសហរដ្ឋអាមេរិក និងអ៊ឺរ៉ុបរាប់ម៉ឺននាក់ រាប់សែននាក់។

សម្ដេចធិបតី បានបន្ដថា កម្ពុជាមិនអាចឱ្យបៀវត្សស្មើនឹងអាមេរិកនោះទេ ហើយកូរ៉េក៏មិនអាចឱ្យស្មើនឹងអាមេរិកដែរ អ៊ីចឹងបានបណ្ដារប្រទេសទាំងនោះនៅតែត្រូវការកម្លាំងពលកម្ម ទៅធ្វើការងារ។ ហើយការធ្វើបែបនេះរបស់រដ្ឋាភិបាលគឺដើម្បីបើកច្រកជូនបងប្អូន។

សម្ដេចធិបតី បានមានប្រសាសន៍បន្ថែមថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលទៅការនៅខាងក្រៅ រដ្ឋាភិបាលមិនប្រលែងចោលនោះទេ ព្រោះថាយើងបានរៀបចំឱ្យមានទីប្រឹក្សាពលករ ទូតថែទាំ និងការពារច្បាប់។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាដៃគូសង្គម ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល អង្គការវិជ្ជាជីវៈ ជាពិសេសអង្គការអន្តរជាតិខាងការងារ និងទីភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីលើកកម្ពស់ការងារសមរម្យ តាមរយៈក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ប្រកបដោយ ចីរភាពរបស់អង្គការសហប្រជាជាតិ (SDCF), កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា (DWCP), និងកម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជនកម្ពុជា (DEY)។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តរៀបចំកម្មវិធីជួបសំណេះសំណាលរបស់រាជរដ្ឋាភិបាល ជាមួយបងប្អូនកម្មករ និយោជិតទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដើម្បីចុះសួរសុខទុក្ខ ក្តាប់បាននូវសំណូមពរ និងដោះស្រាយជូនបងប្អូនកម្មករនិយោជិត។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត ត្រូវក្ដាប់សភាពការណ៍ ប្រមូលព័ត៌មាន និងដោះស្រាយរាល់បញ្ហា ដែលកើតមានឡើង ក្នុងដែនសមត្ថកិច្ច និងមូលដ្ឋានរបស់ខ្លួន ដោយសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ឬមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្ត ដោយមិនទុកបញ្ហាតូច ឱ្យរីករាលដាលទៅធំឡើយ ដើម្បីធានាការពារសិទ្ធិ និងផលប្រយោជន៍ជូនទាំងនិយោជក និងបងប្អូន កម្មករនិយោជិត។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត បង្កើនកិច្ចសហការ និងកសាងទំនាក់ទំនងល្អ ជាមួយក្រសួងស្ថាប័ន វិស័យឯកជន អង្គការវិជ្ជាជីវៈ អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងដៃគូផ្សេងៗទៀត ដើម្បីរួមគ្នា សម្រេចឱ្យបាននូវទស្សនវិស័យនៃប្រធានបទរបស់យើងឆ្នាំនេះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំណែនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្តបន្តតាមដានក្ដាប់រាល់ការវិវត្តថ្មីៗ និងគ្រប់គ្រងឱ្យមានប្រសិទ្ធភាព រាល់ករណ ឧបទ្ទវហេតុផ្សេងៗ ដូចជា ករណីអគ្គិភ័យ គ្រោះមហន្តរាយធម្មជាតិ និងបញ្ហាផ្សេងៗជា- យថាហេតុ ដើម្បីចាត់វិធានការជួយអន្តរាគមន៍បានទាន់ពេលវេលា ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print