ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា គោលកាណ៍ដែលសម្តេចតេជោដាក់ចេញ រួមទាំងគោលការណ៍១០ចំណុចដែលសម្តេចធិបតីដាក់ចេញពីដើមអណត្តិគឺមិនបានសំដៅទៅលើអ្វីក្រៅពីផ្តល់អត្ថប្រយោជន៍អោយកម្មករកម្មការរិនីទាំងផ្នែកសិទ្ធិ និងអត្ថប្រយោជន៍ផ្សេងៗ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី «សំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា» នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ការចរចាដំឡើងបៀរវត្ស ការរៀបចំប.ស.ស ការរៀបចំសុវត្ថិភាពដឹកជញ្ជូន ការរៀបចំទារកដ្ឋានគឺសុទ្ធសឹងតែដើម្បីកម្មករកម្មការរិនីនិងកូនចៅ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បន្តអំពាវនាវដល់ពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល ខណៈរយៈពេល១៩ខែនេះ រាជរដ្ឋាភិបាល អាណត្តិទី៧ បានខិតខំធ្វើកិច្ចការងារច្រើនណាស់ ដើម្បីការពារអត្ថប្រយោជន៍ និងសេដ្ឋកិច្ចជាតិ។ សម្ដេចថ្លែងថា ការលំបាក អាចលំបាក តែមិនស្លាប់ទេ ប៉ុន្ដែការលំបាកតិចតួចធ្វើឱ្យយើងរឹងមាំ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ៖ ទីផ្សារអាមេរិក រាជរដ្ឋាភិបាលកម្ពុជានឹងខិតខំចរចាបន្តទៀត ខណៈនៅខែក្រោយនេះសម្ដេចធិបតីនឹងអញ្ជើញទៅប្រទេសជប៉ុន ក្នុងឱកាសនោះសម្ដេចនឹងទាក់ទាញវិនិយោគិន វិស័យទេសចរណ៍ និងពាណិជ្ជកម្មនានាបន្ថែមទៀតសម្រាប់ផ្ដល់ឱកាសការងារឱ្យបងប្អូនប្រជាពលរដ្ឋឱ្យបានកាន់តែច្រើន ៕
ដោយ ៖ សិលា