ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កន្លងមកមានក្រុមប្រឆាំងមួយចំនួនបានស្រែកថា បន្ដិចទៀតទឹកដីខ្មែររលាយ រលត់ហើយ បាត់ហើយ។ ត្រង់នេះសម្ដេចធិបតី បញ្ជាក់ថា រឿងនេះមិនកើតឡើងនោះទេ រាជរដ្ឋាភិបាលលើកទឹកចិត្ដប្រជាពលរដ្ឋមានកូនកាន់តែច្រើន និងមានសុខភាពល្អ រៀនឱ្យមានចំណេះដឹង។
ថ្លែងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ សម្ដេចធិបតី មានប្រសាសន៍ថា រដ្ឋាភិបាលមិនបណ្ដោយឱ្យកម្ពុជាបាត់បង់ទឹកដីនោះទេ។
សម្ដេចធិបតី បានបន្ដថា កន្លងមករដ្ឋាភិបាលបានការពារជាតិ និងការដោះស្រាយកិច្ចការចរចារព្រំដែនបញ្ចប់ដោយការទទួលខុសត្រូវ អភិវឌ្ឍតំបន់ព្រំដែន ហើយខាងក្នុងប្រទេសអភិវឌ្ឍឱ្យកាន់តែរឹងមាំ។
សម្ដេចធិបតី បានបញ្ជាក់ថា កូនខ្មែរមានទាំងធ្វើការនៅក្នុងប្រទេស និងនៅក្រៅប្រទេស ដោយនៅក្នុងប្រទេសមានជម្រើសការងារច្រើន ដែលរាជរដ្ឋាភិបាលបានខិតខំពង្រីក ប៉ុន្ដែមិនបិទច្រកពលរដ្ឋដែលចង់ទៅធ្វើការនៅក្រៅប្រទេសនោះទេ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល នឹងប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីការពារផលប្រយោជន៍សម្រាប់កម្ពុជា ជាពិសេសធ្វើពិពិធកម្មពាណិជ្ជកម្មទៅកាន់ប្រទេសផ្សេងៗ។ ខណៈកាលពីក្នុងឱកាសបុណ្យចូលឆ្នាំកន្លងទៅនេះ ក្រុមការងារចរចាជាមួយអាមេរិក មិនបានសម្រាកចូលឆ្នាំនោះទេ ពោលគឺប្រឹងប្រែងកិច្ចចរចាការពារផលប្រយោជន៍ផ្នែកពាណិជ្ជកម្មជាមួយអាមេរិក។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បែបនេះថា៖ «បងប្អូនហើយ ដើម្បីអី? ដើម្បីទាញចំណូលមកស្រុកខ្មែរដើមម្បីបង្កើតការងារឱ្យកូនចៅយើងនៅទីនេះ តើរដ្ឋភិបាលខុសទេ? អាហ្នឹងដូចឪពុក ម្ដាយ គេមើលងាយ អ្នកក្រ ឪពុក ម្ដាយ ទៅធ្វើការរើសអេតចាយ គេមើលងាយឪពុក ម្ដាយ តើកូនត្រូវមើលងាយឪពុកម្ដាយទេ? ឪពុក ម្ដាយ មិនបានទៅលួចគេយកមកចិញ្ចឹងកូនទេ។ គាត់មានលទ្ធភាពគាត់ទៅបើកហាងគុយទាវ តូចមួយអត់បានបើកហាងធំអីទេ ប៉ុន្តែឪពុកម្ដាយខំសន្សំបន្តិចម្ដងៗ ដោយសុច្ចរិតភាពដើម្បីយកមកចិញ្ចឹងកូន ដើម្បីយកមកទិញសម្ភារៈ ឱ្យកូនឱ្យច្រើន តើកូនត្រូវបន្ទោសឪពុក ម្ដាយទេ? រដ្ឋាភិបាលដូចគ្នា គេឌឺយើង យើងទៅស្មូមចិន ឱ្យមកវិនិយោគ មកធ្វើផ្លូវ ធ្វើសាលារៀន ធ្វើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបើករោងចក្រ ឱ្យអ្នកស្រុកមានការងារ គេឌឺយើងសព្វ សូម្បីតែប្រធានាធិបតីចិនមក គេថាយើងរើសស្ពៃមិនរើសសាច់គោ គេថាល្ងង់ គេថាយើងជញ្ចក់ឈាមរបស់អាមេរិកកាំង»។
ត្រង់ចំណុចនេះសម្ដេចនាយករដ្ឋមន្រ្តី បានអំនាវនាវទៅកាន់ប្រជាពលរដ្ឋថា៖ «បងប្អូនហើយ អ្វីដែលរដ្ឋាភិបាលធ្វើនៅក្នុងរយៈពេលរាប់សិបឆ្នាំមកនេះ គ្មានអីក្រៅពីដូចម្ដាយចិញ្ចឹងកូន គឺខំរកស៊ីដោយសុច្ចរិត ដើម្បីបង្កើតការងារឱ្យកូនចៅប្រជាពលរដ្ឋ រឿងប៉ុណ្ណឹង»។ […] ការសម្រេចចិត្តជាសិទ្ធិរបស់អាមេរិក យើងគ្មានជម្រើសអីទេ មានតែខិតខំអត្ថបរយោជន៍ដើម្បីឱ្យអ្វីដែលយើងខំកសាងបាននៅស្ថិតស្ថេ បានជាអត្ថបរយោជន៍ឱ្យបងប្អូនយើងឱ្យបាន»។
បើទោះមានការឌឺដង យ៉ាងណាប៉ុន្តែ៣៧ម៉ោង ក្រោយការប្រកាសដំឡើងពន្ធរបស់អាមេរិក នៅពេលនោះរាជរដ្ឋាភិបាលបានចេញគោលការណ៍ដើម្បីបង្ហាញពីឆន្ទៈនៅក្នុងការដោះស្រាយរួចទៅហើយ។ យើងមិនមានរឹងកំព្រឹស យើងគិតគូរ ទោះយើងមិនខុស តែដើម្បីផលប្រយោជន៍ នេះគឺជាកិច្ចការ បើទោះជាមានអ្នកមើលងាយថា រដ្ឋាភិបាលឱនក្បាលត្រុកៗទៅចរចារក៏ដោយ។
សម្ដេចមហាបវរធិបតី បានបញ្ជាក់ថា៖ «បងប្អូនហើយ គិតមើលទៅរដ្ឋាភិបាលគេមើលងាយរហូត ហើយអ្នកគេមើលងាយថាបរទេសចុះមើលងាយ តែខ្មែរគ្នាឯង អ្នកនយោបាយមួយចំនួនដែលថាស្រលាញ់កម្មករណាស់ ចង់ការពារកម្មរណាស់ តែខ្លួនគេមើលងាយតែរដ្ឋាភិបាល រដ្ឋាភិបាលខំការពារយ៉ាងមិច តែខ្លួនគេមិនបានស្នើសូមទៅអាមេរិកដើម្បីជួយគិតគូរផងទេ។ ការពារផលប្រយោជន៍កូនចៅប្រជាពលរដ្ឋរបស់ខ្ញុំ នេះដែលរដ្ឋាភិបាលត្រូវធ្វើ ការពារឆ្នាំងបាយ ការពារកំណើនសេដ្ឋកិច្ចរបស់ខ្ញុំ បងប្អូនប្រជាពលរដ្ឋរបស់ខ្ញុំ អ្នកឯងចង់ថាអីថាទៅ»៕
ដោយ ៖ សិលា