តើការអំពាវនាវឱ្យបរទេសកាត់ជំនួយជាទង្វើស្រឡាញ់កម្មករនិយោជិត ឬជាការបោកប្រាស់របស់អ្នកនយោបាយជ្រុលនិយម?

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា  ពួកអ្នកនយោបាយជ្រុលនិយមដែលអួតថាស្រឡាញ់កម្មករនិយោជិតណាស់ ប៉ុន្ដែអង្គុយតែរិះគន់រាជរដ្ឋាភិបាល និងអំពាវនាវឱ្យបរទេសកាត់ជំនួយ កុំឱ្យមកវិនិយោគនៅកម្ពុជា និងឱ្យដាក់ពន្ធមកលើកម្ពុជា។ តើនេះឬការស្រឡាញ់កម្មករនិយោជិត? សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី «សំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា» នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាលតែងតែរៀបចំគិតគូរ និងបង្ហាញសុឆន្ទៈនៅក្នុងការចរចាដើម្បីការពារផលប្រយោជន៍បងប្អូន ពោលគឺរាជរដ្ឋាភិបាលមានកាតព្វកិច្ចការពារប្រជាពលរដ្ឋ ការពារឆ្នាំងបាយបងប្អូនកម្មករនិយោជិត ការពារកំណើនសេដ្ឋកិច្ចដើម្បីឱ្យប្រជាពលរដ្ឋបានរីកចម្រើន ហើយសម្តេចក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយកទិដ្ឋភាពជាក់ស្តែងថា អ្នកណាធ្វើពិតអ្នកណានិយាយអួតបានតែមាត់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តអំពាវនាវដល់ពលរដ្ឋឱ្យជឿជាក់លើរាជរដ្ឋាភិបាល ខណៈរយៈពេល១៩ខែនេះ រាជរដ្ឋាភិបាល អាណត្តិទី៧ បានខិតខំធ្វើកិច្ចការងារច្រើនណាស់ ដើម្បីការពារអត្ថប្រយោជន៍ និងសេដ្ឋកិច្ចជាតិ។ សម្ដេចថ្លែងថា ការលំបាក អាចលំបាក តែមិនស្លាប់ទេ ប៉ុន្ដែការលំបាកតិចតួចធ្វើឱ្យយើងរឹងមាំ។ 

សម្តេចបានថ្លែងដូច្នេះថា «សួរថាពីពេលដែលគាត់ នៅជាសមាជិកសភាពេលនោះ មានទៅទាក់ទាញវិនិយោគមកទេ? យើងមិនមែនជាការងារផ្តាច់មុខនោះទេ ហើយសិទ្ធិសេរីភាពក្នុងការការពារអត្ថប្រយោជន៍ប្រជាពលរដ្ឋ ក៏មិនមែនជាកាតព្វកិច្ច និងសិទ្ធិផ្តាច់មុខរបស់រដ្ឋាភិបាលនោះដែរទេ តាំងតែពីរដ្ឋាភិបាលអាមេរិកប្រកាសដាក់ពន្ធ ថ្ងៃទី២ មេសា មកដល់ម៉ោងនេះ យើងមានតំណាងសហជីព សហព័ន្ធ សរសរសំបុត្រសុំឱ្យអាមេរិក គិតគូរពីផលប្រយោជន៍របស់បងប្អូនរបស់យើង ក្រុមហ៊ុនអាមេរិក សភាពាណិជ្ជកម្មអាមេរិក សុទ្ធតែខំប្រឹងទាំងអស់គ្នា ធ្វើបាន មិនបាន មិនសំខាន់ សំខាន់មានទឹកចិត្ត»។

សម្តេចមហាបវរធបិតី ហ៊ុន ម៉ាណែត បានថ្លែងលើកបង្ហាញបទពិសោធន៍ ប្រទេសនានាថា ពេលមានបញ្ហា ពិសេសបញ្ហាពន្ធអាមេរិក ទាំងអ្នកនយោបាយដឹកនាំរាជរដ្ឋាភិបាល និងបក្សនយោបាយជំទាស់តែងតែរួមគ្នាដោះស្រាយបញ្ហារបស់ជាតិ។ ផ្ទុយពីកម្ពុជា អ្នកនយោបាយប្រឆាំងកេងចំណេញ រកការចំណេញផ្នែកនយោបាយគ្រប់បញ្ហា។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពិចារណាឱ្យបានច្បាស់ តើនរណានៅជាមួយបងប្អូន និងការពារផលប្រយោជន៍បងប្អូន គឺច្បាស់ណាស់ មានតែរាជរដ្ឋាភិបាលប៉ុណ្ណោះ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print