សម្តេចធិបតី បាននិយាយលេងបន្តិចអំពីការរស់នៅធ្វើកម្មសិក្សានៅធនាគារពិភពលោក ក្នុងរដ្ឋធានី Washington នៃសហរដ្ឋអាមេរិក ឆ្នាំ២០០២

ចែករំលែក៖

ភ្នំពេញ ៖ ព្រឹកមិញក្នុងកម្មវិធីជួបជាមួយបងប្អូនសហជីពនិងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ខ្ញុំបាននិយាយលេងបន្តិចអំពីការរស់នៅរបស់ខ្ញុំ កាលខ្ញុំធ្វើកម្មសិក្សានៅធនាគារពិភពលោក ក្នុងរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកឆ្នាំ២០០២។ នេះជាប្រសាសន៍ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ លើផេកផ្លូវការរបស់គាត់ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងថា ៖ ក្រោយចប់កម្មវិធី ខ្ញុំបានទទួលរូបថតមួយសន្លឹកនេះដែលមិត្តរបស់ខ្ញុំផ្ញើមកអោយខ្ញុំ។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងថា ក្នុងរូបនេះគឺជាបន្ទប់ដែលខ្ញុំជួលនៅជាមួយមិត្តរួមបន្ទប់ពីរនាក់ទៀតរយៈពេលជិតមួយឆ្នាំ ក្នុងពេលដែលខ្ញុំធ្វើកម្មសិក្សានៅធនាគារពិភពលោកនៅឆ្នាំ ២០០២នោះ។ បន្ទប់នេះមានបន្ទប់គេងតូចមួយអាចដាក់គ្រែបានពីរ បន្ទប់ទឹកតូចមួយ កន្លែងសាឡុងទទួលភ្ញៀវ ជាប់ជាមួយចង្ក្រានតូចមួយ។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងថា ៖ ខ្ញុំគេងនៅលើប៉ៅអ៊ី (ប៉ៅអ៊ីបត់ក្នុងរូប) នៅក្នុងបន្ទប់សាឡុង ជាប់ផ្ទះបាយ ដោយទុកអោយមិត្តរួមបន្ទប់ពីរនាក់ទៀតគេងនៅក្នុងបន្ទប់ ដោយសារខ្ញុំធ្វើការងារយប់ៗជ្រៅ ហើយមិនចង់រំខានមិត្ត ទុកអោយគាត់អាចបិទភ្លើងគេងក្នុងបន្ទប់ចុះ។ 

កន្លែងដែលខ្ញុំអង្គុយហូបបាយនេះគឺ ជាកន្លែងគេងរបស់ខ្ញុំ គ្រែរបស់ខ្ញុំគឺប៉ៅអ៊ីបត់ (ក្នុងរូបភាព) ហើយវាក៏ជាកន្លែងហូបបាយ និងធ្វើកិច្ចការរបស់ខ្ញុំនៅផ្ទះផងដែរ។ 

មិត្តភក្តិខ្លះ ប្រាប់ថាឃើញរូបនេះថាគួរឱ្យអាណិតខ្ញុំ។ 

ប៉ុន្តែខ្ញុំបានប្រាប់គាត់វិញថាមិនមានអ្វីគួរឲ្យអាណិតនោះទេ ព្រោះទោះយ៉ាងណាក៏ខ្ញុំមានសំណាងជាមនុស្សរាប់លាននាក់ដែលមិនមានឱកាសដូចខ្ញុំ។ 

ការដែលខ្ញុំសម្រេចជួលផ្ទះតូចមួយនៅបីនាក់ជាមួយមិត្តភក្តិរបស់ខ្ញុំ មានមូលហេតុធំៗចំនួនពីរ÷ 

មូលហេតុទី១ គឺសម្រាប់រូបខ្ញុំ មិនថាផ្ទះតូចចង្អៀតឬចាស់ ឱ្យតែមានដំបូលកុំឱ្យលិចពេលភ្លៀង មានកន្លែងសម្រាប់គេង សម្រាប់ហូបបាយ សម្រាប់ធ្វើកិច្ចការ គឺគ្រប់គ្រាន់ហើយ។ 

គោលដៅសំខាន់របស់ខ្ញុំពេលនោះគឺផ្ដោតទៅលើការងារនៅធនាគារពិភពលោក ដែលខ្ញុំត្រូវខិតខំធ្វើឲ្យល្អនិងច្បាមយកបទពិសោធន៍ឲ្យបានជាអតិបរមា ក្នុងរយៈពេលដែលខ្ញុំធ្វើការនៅទីនោះ។ កន្លែងស្នាក់នៅ ឬមធ្យោបាយធ្វើដំណើរ (ខ្ញុំជិះរថភ្លើងក្រោមដីទៅធ្វើការ) គឺជាកិច្ចការបន្ទាប់បន្សំ។ មិនអាចឲ្យកិច្ចការបន្ទាប់បន្សំជាឧបសគ្គសម្រាប់រំខានដល់ការសម្រេចគោលដៅធំរបស់ខ្ញុំទេ។ 

មូលហេតុសំខាន់មួយទៀតរបស់ខ្ញុំ គឺភាពម្ចាស់ការរបស់ខ្ញុំក្នុងការរស់នៅ ដោយខ្ញុំព្យាយាមដាក់គោលដៅធ្វើយ៉ាងណា ការរស់នៅរបស់ខ្ញុំនៅពេលនោះត្រូវអាចទ្រទ្រង់បានដោយសារប្រាក់បៀវត្សរបស់ខ្ញុំ ដែលបានមកពីការធ្វើកម្មសិក្សានៅធនាគារពិភពលោក។ ពោលគឺរស់ដោយថវិការកដោយខ្លួនឯង ដោយមិនចាំបាច់ប្រើប្រាស់ថវិការបស់ឪពុកម្ដាយ ទោះបីជាគាត់មានលទ្ធភាពផ្ដល់ឱ្យខ្ញុំអាចជួលផ្ទះបានល្អជាងឬធំជាងនេះក៏ដោយ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print