ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កន្លងមកមានក្រុមប្រឆាំងមួយចំនួនបានស្រែកថា បន្ដិចទៀតទឹកដីខ្មែររលាយ រលត់ហើយ បាត់ហើយ។ ត្រង់នេះសម្ដេចធិបតី បញ្ជាក់ថា រឿងនេះមិនកើតឡើងនោះទេ រាជរដ្ឋាភិបាលលើកទឹកចិត្ដប្រជាពលរដ្ឋមានកូនកាន់តែច្រើន និងមានសុខភាពល្អ រៀនឱ្យមានចំណេះដឹង។
ថ្លែងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ សម្ដេចធិបតី មានប្រសាសន៍ថា រដ្ឋាភិបាលមិនបណ្ដោយឱ្យកម្ពុជាបាត់បង់ទឹកដីនោះទេ។
សម្ដេចធិបតី បានបន្ដថា កន្លងមករដ្ឋាភិបាលបានការពារជាតិ និងការដោះស្រាយកិច្ចការចរចារព្រំដែនបញ្ចប់ដោយការទទួលខុសត្រូវ អភិវឌ្ឍតំបន់ព្រំដែន ហើយខាងក្នុងប្រទេសអភិវឌ្ឍឱ្យកាន់តែរឹងមាំ។
សម្ដេចធិបតី បានបញ្ជាក់ថា កូនខ្មែរមានទាំងធ្វើការនៅក្នុងប្រទេស និងនៅក្រៅប្រទេស ដោយនៅក្នុងប្រទេសមានជម្រើសការងារច្រើន ដែលរាជរដ្ឋាភិបាលបានខិតខំពង្រីក ប៉ុន្ដែមិនបិទច្រកពលរដ្ឋដែលចង់ទៅធ្វើការនៅក្រៅប្រទេសនោះទេ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា អាមេរិកដំឡើងពន្ធលើទំនិញលើកម្ពុជា ក៏ដូចជាប្រទេសលើពិភពលោក ជាបញ្ហានៃការធ្វើពាណិជ្ជកម្ម ជាពិសេសអាមេរិកមើលឃើញពីគម្លាតនៃទំហំពាណិជ្ជកម្ម។
សម្តេចធិបតី បានលើកឡើងថា ៖ «ហេតុអ្វីបានជាដាក់ពន្ធ? ដោយសារប្រធានាធិបតីអាមេរិក អាណត្តិនេះគិតថា មើលតួលេខទៅ ការនាំចេញនាំចូលទៅអាមេរិក ជាមួយប្រទេសផ្សេងៗ វាខុសគ្នាពេក គាត់គិតថាប្រទេសផ្សេងកេងចំណេញលើគាត់ច្រើន អីចឹងគាត់ចង់ធ្វើយ៉ាងម៉េចឲ្យគម្លាតហ្នឹងមិនច្រើន»។
សម្តេចបានបន្តថា «ការជាប់ពន្ធនេះ ទី១ មិនមែនជាកំហុសរបស់យើងទេ គឺរដ្ឋាភិបាលអាមេរិកគិតថា គាត់ទាញផលទៅខាងគាត់ គ្មានប្រទេសណាខុស។ អីចឹងប៉ះ ១៨០ប្រទេស។ ទី២ យើងបានធ្វើអីខុសច្បាប់ឬទេ? តើយើងធ្វើថោកទាប ទៅកេងចំណេញគេទេ? អត់ទេ យើងធ្វើត្រឹមត្រូវតាមច្បាប់ ឯកភាពគ្នាតាមគោលការណ៍អង្គការពាណិជ្ជកម្មពិភពលោក»។
នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ លោក ដូណាល់ ត្រាំ បានសម្រេច កំណត់ពន្ធគយលើប្រទេសនានាជាសាកល ដោយបានដាក់ លើ ទំនិញ នាំ ចូល ពី កម្ពុជាប្រមាណ៤៩% ដែលជា កម្រិត ខ្ពស់ មួយ ដើម្បីជាការសងសឹក ខណៈកម្ពុជាយកពន្ធនាំចូលទំនិញពីសហរដ្ឋអាមេរិកវិញ ក្នុងកម្រិត៩៧%។ បើតាមលោកត្រាំ ការដំឡើងពន្ធនេះ បានចូលជាធរមាននៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ប៉ុន្តែត្រូវបានពន្យារពេល ៩០ថ្ងៃ ដោយអនុវត្តពន្ធ ១០%ដដែល។
អ្នកជំនាញមើលឃើញថា ការដំឡើងពន្ធនេះ គឺដោយសារឱនភាពជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដោយកម្ពុជា បាននាំចេញទៅសហរដ្ឋអាមេរិកក្នុងតម្លៃជាង៩ពាន់លានដុល្លារ នៅពេលដែលយកមកចែកនឹង១០.៥ ពាន់លានដុល្លារ ស្មើនឹង៩៧% ហើយយក៩៧%ចែកនឹង២ គឺស្មើនឹង៤៩%។
ថ្មីៗនេះ អាមេរិកក៏បានដំឡើងពន្ធផលិតផលបន្ទះសូឡានាំចូលពីកម្ពុជា ៣៥២១%។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា នឹងប្រឹងប្រែងចរចាជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធការប្រកាសដំឡើងពន្ធ ៤៩ភាគរយលើទំនិញកម្ពុជា នាំទៅសហរដ្ឋអាមេរិក។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសបែបនេះនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី៤ ខែមេសា ឆ្នាំ២០២៥។
ពាក់ព័ន្ធបញ្ហាពន្ធនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកត់ សម្គាល់ ថា សហរដ្ឋអាម៉េរិកបាននិងកំពុងខាតបង់ច្រើនលើការចំណាយ នាំចូលទំនិញពីបណ្តាប្រទេសលើពិភពលោក ដែលឆ្លុះបញ្ចាំងតាមរយៈ ឱនភាពជញ្ជីងពាណិជ្ជកម្ម (Trade Deficits) ដូច្នេះហើយ បានជារដ្ឋ បាល ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រកាសដាក់ចេញនូវអត្រាពន្ធ នាំចូលឆ្លើយតប (Reciprocal Tarifts)លើបណ្តាប្រទេសដែលសហរដ្ឋអាម៉េរិកមានឱនភាពជញ្ជីងពាណិជ្ជកម្ម។ ជាក់ស្ដែង កម្ពុជា ឡាវ និងវៀតណាម ត្រូវទទួលរងនូវអត្រាពន្ធនាំចូលក្នុងកម្រិត ៤៩%, ៤៨%, និង៤៦% រៀងគ្នា ដោយសារសហរដ្ឋ អាម៉េរិកមានឱនភាពជញ្ជីងពាណិជ្ជកម្មក្នុងកម្រិត ៩៧% ជាមួយកម្ពុជា ៩៥% ជាមួយឡាវ និង ៩០% ជាមួយ វៀតណាម។ ដូច្នេះ ការដាក់អត្រាពន្ធនាំចូលឆ្លើយតបនេះ មិនមែនជាការឆ្លើយតបទៅនឹងអត្រាពន្ធនាំចូលដែល ប្រទេសទាំងនោះបានដាក់លើទំនិញនាំចូលពីសហរដ្ឋអាម៉េរិកនោះទេ ហើយការដាក់អត្រាពន្ធនាំចូលឆ្លើយតបនេះ ទៀតសោត មានត ៥០% នៃអត្រាដែលសហរដ្ឋអាម៉េរិកមានឱនភាពជញ្ជីងពាណិជ្ជកម្មជាមួយប្រទេសទាំងនោះ តែប៉ុណ្ណោះ៕
ដោយ ៖ សិលា