រឿង កម្រងផ្កាអពមង្គល(តចប់)

ចែករំលែក៖

* អំឡុងឆ្នាំ ១៩៧៨ ÷
ក្រោមការគ្រប់គ្រងក្នុងរបបខ្មែរក្រហម ប្រជាជនកាន់តែហោចទៅហើយទៅ សុខភាពប្រជាជនកាន់តែទ្រុឌទ្រោម ប្រជាជនដែលមានជីវិតរស់នៅសុទ្ធតែប្រថុយជីវិតពីការលួច។ អង្គការកាន់តែតឹងតែងពីមួយថ្ងៃទៅមួយថ្ងៃ បើពួកខ្មែរក្រហមសង្ស័យថា អ្នកណាជាខ្មាំងហើយអ្នកនោះច្បាស់ជាស្លាប់ដោយគ្មានការជំនុំជម្រះក្តីឡើយ។ ពួកគេតែងតែនិយាយថា “ស៊ូសម្លាប់ខុសប្រសើរជាងមិនសម្លាប់ ” ។
ព្រឹកនេះនៅរោងបាយប្រជុំក្រោលគោ មានការប្រជុំធំមួយរបស់អង្គការ។ ប្រធានសហករណ៍បានចាប់ផ្ដើមសួរថា តើមានសមមិត្តណាចេះអក្សរ ឬ ធ្លាប់ធ្វើជាគ្រូបង្រៀនទេ? អង្គការសុំឲ្យឡើងមកខាងមុខនេះ ដើម្បីអង្គការយកទៅបណ្ដុះបណ្ដាលរួចយកមកបង្រៀនកុមារ។ ប្រជាជនខ្លះត្រេកអរណាស់ ព្រោះពួកគេមិនយល់ពីផែនការរបស់អង្គការ បែរជាឡើងទៅទាំងទឹកមុខមានសង្ឃឹមដោយគិតថា អង្គការច្បាស់ជាគិតដល់ពួកគេ។ពេលនោះ ប្រជាជនដែលឡើងទៅតាមការស្នើរបស់អង្គការមានប្រហែលជា ៣០ នាក់។ សុវណ្ណ និង កល្យាណ អង្គុយជិតគ្នាឥតមានមាត់មួយមាត់។ ស្រាប់តែពេលនោះ មានស្ត្រីវ័យចំណាស់ម្នាក់មានគំនិតចង់ឲ្យសុវណ្ណបានល្អ បានជួយប្រាប់អង្គការថា ក្មួយនេះចេះអានស្ទាត់ណាស់ជួយបណ្ដុះបណ្ដាលផង។ ពេលនោះសុវណ្ណ និងកល្យាណ ភ្ញាក់ក្រញាងឆ្ងល់ថា តើគាត់ដឹងរឿងនេះមកពីណា បើសុវណ្ណ និងកល្យាណ ខំលាក់យ៉ាងនេះហើយនោះ។ ដូចពាក្យចាស់ៗនិយាយមែន ក្រដាសខ្ចប់ភ្លើងមិនជាប់ទេទោះបីជា សុវណ្ណ ចង់ឬមិនចង់និយាយក៏មិនអាចប្រកែកបានឡើយ។
យប់នោះ សុវណ្ណ អង្គុយក្បែរភរិយា អារម្មណ៍របស់គេហាក់មានក្តីអាឡោះអាល័យជាខ្លាំង ហើយសុវណ្ណនិយាយតិចៗថា ប្រពន្ធសម្លាញ់ បងនឹងត្រូវទៅឆ្ងាយពីអូនឆាប់ៗនេះហើយ ពេលបងមិននៅជិត អូនត្រូវថែទាំខ្លួនឲ្យល្អណា៎។
សុវណ្ណ យកដៃវែកសក់ប្រពន្ធថ្នមៗ រួចបន្តទៀតថា ” កុំបារម្ភពីបងអី បងច្បាស់ជាត្រឡប់មកជួបអូនវិញ អូនត្រូវតែជាស្រីរឹងមាំ បងនឹងអស់បារម្ភណា៎ ” ។ កល្យាណអួលដើមក ទឹកភ្នែកស្រក់មកតិចៗឥតឈប់ឈរ។ ដៃរបស់នាងញ័ររួចនាងយកដៃអង្អែលមុខប្ដីហើយថើបដោយក្តីស្រឡាញ់អាណិតពន់ពេក។ កល្យាណ បាននិយាយទៅកាន់សុវណ្ណវិញថា ” ប្ដីសម្លាញ់កុំព្រួយអី ក្តីស្រឡាញ់បងជាអាវក្រោះដ៏រឹងមាំការពារអូនជានិច្ច ” និយាយចប់ កល្យាណជូតទឹកភ្នែកថ្នមៗ។
សុវណ្ណ និង កល្យាណ ប្រុងដាក់ខ្នងដល់រនាបទៅហើយ ស្រាប់តែឮសូរសំឡេងស្រែកហៅពីក្រៅខ្ទមដែលជាសំឡេងកម្មាភិបាលខ្មែរក្រហមថា៖ សមមិត្តសុវណ្ណឆាប់ចេញមក ដល់ពេលត្រូវទៅបណ្ដុះបណ្ដាលហើយ។ សុវណ្ណនិង កល្យាណ មានកែវភ្នែកពោរពេញដោយភាពល្វីងជូរចត់ណាស់។ សុវណ្ណ ឱនថើបថ្ងាសប្រពន្ធហើយនិយាយថា ថែខ្លួនណាអូនកុំតាមបងអី បងទៅសិនហើយ។ សុវណ្ណ ដើរតាមកម្មាភិបាលខ្មែរក្រហមដោយមិនងាកក្រោយទេ ព្រោះមិនចង់ឲ្យកល្យាណ នឹកអាឡោះអាល័យ។កល្យាណយំខ្សឹកខ្សួលម្នាក់ឯងស្រណោះអាណិតប្ដីពន់ពេក។
តាំងពីបែកពីប្ដីមក កល្យាណក្រៀមក្រំស្រងេះស្រងោចណាស់។ កល្យាណ រង់ចាំប្ដីពីមួយថ្ងៃទៅមួយថ្ងៃ ដោយគ្មានដំណឹងអ្វីបន្តិចសោះឡើយ។ រាងកាយរបស់កល្យាណមានសភាពទ្រុឌទ្រោមជួនកាលសន្លប់បាត់ស្មារតីក៏មានដែរ។ ទីបំផុត កល្យាណ ដឹងថានាងមានផ្ទៃពោះ។ អារម្មណ៍ជាម្ដាយធ្វើឲ្យកល្យាណរំភើបពន់ពេកណាស់។ កល្យាណ បានចាប់ផ្ដើមថែរក្សាសុខភាពឡើងវិញដើម្បីកូន។ ហេតុផលនេះហើយបានធ្វើឲ្យកល្យាណប្រឹងប្រែងរស់បន្តទៀត។
ផ្ទៃពោះរបស់ កល្យាណ កាន់តែធំ ឯទំហំការងារដែលខ្មែរក្រហមដាក់ឲ្យធ្វើពីមួយថ្ងៃទៅមួយថ្ងៃ ក៏កាន់តែកើនឡើងឥតឈប់ឈរដែរ។ កាលពីមួយរយៈពេលមុន ប្រជាជនអាចទទួលបានរបបបបរខាប់គ្រាន់បើ តែឥឡូវនេះ មេសហករណ៍បែរជាកាត់បន្ថយបបរ ហេតុតែចង់បញ្ជូនផលស្រូវឲ្យបានគ្រប់ចំនួនកំណត់។ របបអាហារមិនគ្រប់គ្រាន់បែបនេះ ធ្វើឲ្យកល្យាណនឹកគិតបារម្ភពីសុខភាពនាងដែលកំពុងតែត្រូវការជីវជាតិដើម្បីកូននៅក្នុងពោះ។
ថ្ងៃមួយ ម៉ោងប្រមាណជា ៨ យប់ កល្យាណ មានភាពឈឺចាប់ក្នុងពោះយ៉ាងខ្លាំង។ ថ្ងៃនោះគឺជាថ្ងៃដល់ពេលដែលកល្យាណសម្រាលកូនហើយ។ យប់សម្រាលកូននោះ គ្មានឆ្មបជួយបង្កើតកូនឲ្យនោះទេ មានតែអ៊ំចាស់ៗពីរបីនាក់មកជួយមើលថែដោយទឹកចិត្តជួយគ្នាក្នុងគ្រាលំបាកតែប៉ុណ្ណោះ។ កល្យាណស្រែកដោយភាពឈឺផ្សា ញើសហូរជោកថ្ងាស រង្វង់មុខស្លេកស្លាំង។ នាងហាក់គ្មានកម្លាំងសម្រាលកូនសោះ តែដោយទឹកចិត្តជាម្ដាយចង់ឃើញមុខកូន កល្យាណ ខំប្រឹងសព្វគ្រប់ទើបបង្កើតកូនរបស់នាងបាននៅរាត្រីដ៏សែនសោកសង្រេងនោះ។ បង្កើតកូនរួចភ្លាម កល្យាណ ប្រឹងនិយាយជាមួយសំឡេងខ្សាវៗថា អ៊ំខ្ញុំសុំមើលមុខកូនរបស់ខ្ញុំបន្តិច។ ឮដូច្នោះហើយអ៊ំបានលើកទារិកាតូចនោះដាក់លើទ្រូងរបស់កល្យាណ។ កល្យាណ ញញឹមនិងមើលមុខកូនផ្អៀងផ្អង ទោះបីជានាងហត់ល្វើយយ៉ាងណាក៏ដោយ ។ ឃើញទម្រង់មុខកូនហើយ ធ្វើឲ្យ កល្យាណ នឹករលឹកដល់ប្ដីជាពន់ពេក ហើយនិយាយទាំងអួលដើមកថា “កូនម្ដាយ” រួចកល្យាណយំខ្សឹកខ្សួលមួយទឹកភ្នែក។
ក្រោយសម្រាលកូនបានចំនួនបីថ្ងៃ កល្យាណ ត្រូវវិលទៅធ្វើការវិញ។ ទារិកាតូចពិតជាកម្សត់ណាស់ ព្រោះ កល្យាណ ពុំសូវមានទឹកដោះបំបៅនោះទេ។ ដូច្នេះធ្វើឱ្យកូនយំឥតឈប់។ កល្យាណពិតជាសែនខ្លោចផ្សារក្នុងចិត្តណាស់ពេលដែលកូនស្ថិតក្នុងសភាពដូច្នោះ។

នៅចុងឆ្នាំ ១៩៧៨ ពាក្យចចាមអារ៉ាមដែលថាកងទ័ពវៀតណាមបានបង្កើតរណសិរ្សដើម្បីមកជួយប្រជាជនខ្មែរល្បីឮសុះសាយ។ រហូតដល់មានលិចឮឈ្មោះរណសិរ្សមួយថា រណសិរ្ស 2 ធ្នូសង្គ្រោះជាតិកម្ពុជា បានបង្កើតឡើង។ ទីបំផុតកងទ័ពវៀតណាម និងកងទ័ពសង្គ្រោះកម្ពុជាបានមួយកម្ចាត់ពួកខ្មែរក្រហមនៅភ្នំពេញ និងស្ទើរពេញផ្ទៃប្រទេសមែន។
ការប្រយុទ្ធរំដោះនៅខេត្តបាត់ដំបង បានធ្វើឲ្យកម្មាភិបាលខ្មែរក្រហមខ្លះ ប្រធានសហករណ៍ សហការី និងប្រជាជនខ្មែរស្លាប់អស់ច្រើននាក់ណាស់។ ក្រោយថ្ងៃរំដោះ ៧ មករាឆ្នាំ ១៩៧៩ ប្រជាជនខ្មែរបានស្រាកស្រាន្តពីសេចក្តីវេទនាមួយនេះ។ ក្រោយសង្គ្រាមបានបញ្ចប់ប្រជាជនខ្លះនៅតែរស់ក្នុងភាពភ័យខ្លាច បាក់ស្បាត ព្រោះពួកគាត់មិនទាន់ជឿជាក់ថាពួកគាត់ត្រូវបានរំដោះពិតប្រាកដមែនឬអត់ ? ដោយបទពិសោធថ្ងៃ ១៧ មេសាឆ្នាំ ១៩៧៥ ពេលដែលខ្មែរក្រហមឡើងកាន់កាប់អំណាច មានប្រជាជនជាច្រើនយល់ខុសថាប្រទេសជាតិនឹងរុងរឿងក្រោមការគ្រប់គ្រងរបស់របបខ្មែរក្រហម។
នៅលើស្ពានថ្មទល់មុខសាលាខេត្តបាត់ដំបងដែលលាតសន្ធឹងកាត់ដងស្ទឹងសង្កែ កល្យាណ ឈរបីកូនតូចសម្លឹងមើលសោកនាដកម្មក្រោយសង្គ្រាមដែលមានប្រជាជនខ្លះពិការដែលជើង ខ្លះស្ពាយបង្វិចទៅស្រុកកំណើតវិញ ខ្លះទូលរែកចានឆ្នាំង ហើយប្ដីប្រពន្ធខ្លះដែលអង្គការរៀបចំឲ្យនោះ ក៏ចែកផ្លូវគ្នាវិញ។ តាមដងផ្លូវមានក្មេងៗយំទ្រហឹងវង្វេងម្ដាយ វង្វេងសាច់ញាតិ ហើយមានសំណង់ជាច្រើនខូចខាត។ ចំណែកកល្យាណ វិញត្រូវព្រាត់ប្រាស់គ្រួសារ និង ប្ដីជាទីស្រឡាញ់៕ (ចប់ដោយបរិបូណ៌)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print