ភ្នំពេញ÷ នៅក្នុងខែឧសភា រហូតដល់ខែសីហា ខាងមុខស្ថានទូតបារាំងប្រចាំកម្ពុជា នឹងរៀបចំពិធីប្រារព្ធខួប ៥០ ឆ្នាំនៃការដួលរលំទីក្រុងភ្នំពេញដោយការចូលអំណាចដោយខ្មែរក្រហម និងបង្កើតនូវសោកនាកម្មជាច្រើន។ដោយឡែកក្នុងខែឧសភានេះដែរនៅកម្ពុជាមានថ្ងៃ បុណ្យជាតិជាប្រវត្តិសាស្រ្តមួយ គឺ”ទិវាជាតិនៃការចងចាំ ២០ឧសភា” ដើម្បីរំលឹកទៅដល់វិញ្ញាណក្ខន្ធប្រជាជនកម្ពុជាស្លូតត្រង់ជាង៣លាននាក់ដែលបានបាត់បង់ជីវិតក្នុងរបបខ្មែរក្រហមឬ កម្ពុជាប្រជាធិបតេយ្យ ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជាកាលពីសប្ដាហ៍មុនបានបញ្ជាក់ថា កាលពី៥០ឆ្នាំមុន ពោលគឺនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ បន្ទាប់ពីសង្រ្គាមស៊ីវិលដ៏វិនាសកម្មអស់រយៈពេលជាច្រើនឆ្នាំ។ នៅថ្ងៃនោះ ប្រទេសកម្ពុជាបានធ្លាក់ទៅក្នុងសម័យកាលដ៏ខ្មៅងងឹតបំផុតមួយនៃប្រវត្តិសាស្រ្តរបស់ខ្លួន។ ក្នុងស្ថានភាពវឹកវរដែលកើតមានឡើងក្រោយការដួលរលំទីក្រុងភ្នំពេញ មនុស្សជាច្រើនរយនាក់បាននាំគ្នាមកជ្រកកោននៅក្នុងស្ថានទូតបារាំង ដោយសង្ឃឹមថាទទួលបានការការពារនៅទីនោះ។
ជាក់ស្តែង ពលរដ្ឋបារាំងជាង៥០០នាក់ត្រូវបានទទួលឱ្យស្នាក់នៅក្នុងស្ថានទូត រួមជាមួយពលរដ្ឋប្រមាណ១០០ នាក់នៃប្រទេសចំនួន២០ផ្សេងទៀត (រួមមានអាល្លឺម៉ង់ អាល្លឺម៉ង់ខាងកើត បែលហ្ស៊ិក កាណាដា អេស្ប៉ាញ សហរដ្ឋអាម៉េរិក ឥណ្ឌា អ៊ីតាលី ឥណ្ឌូនេស៊ី ជប៉ុន ឡាវ លីបង់ នូវែលហ្សេឡង់ ប៉ាគីស្ថាន អង់គ្លេស ស៊ុយអែត ស្វ៊ីស ថៃ និងវៀតណាម)។ គេប៉ាន់ប្រមាណថា ជនជាតិខ្មែរប្រហែល៦០០នាក់ក៏បានមកជ្រកកោននៅក្នុងស្ថាន ទូតបារាំងផងដែរ។ ក្នុងរយៈពេលជាង២សប្តាហ៍បរិវេណ ស្ថានទូតបានក្លាយទៅជាទីកន្លែងហ៊ុមព័ទ្ធមួយដែលចុង ក្រោយបានជួបវាសនាដ៏សោកសង្រេង ជាមួយការចាក ចេញរបស់ពលរដ្ឋកម្ពុជា បន្ទាប់មកការជម្លៀសជន បរទេសទៅកាន់ប្រទេសថៃតាមក្បួនរថយន្តចំនួនពីរជើងនៅថ្ងៃទី៣០ ខែមេសា និងថ្ងៃទី០៦ ខែឧសភា ឆ្នាំ១៩៧៥។
សេចក្តីប្រកាសដដែលគូសរំលេចថា ដើម្បីឧទ្ទិសដល់ជនរងគ្រោះ ក៏ដូចជារក្សាការចងចាំអំពីហេតុការណ៍ទាំងនេះ ស្ថានទូតបារាំងនឹងរៀបចំព្រឹត្តិការណ៍ រំលឹកពីថ្ងៃទី៦ ខែឧសភា ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។ តាមរយៈពិព័រណ៍ ពិធីឧទ្ទិសកុសល និងកម្មវិធី បញ្ចាំងភាពយន្ត ព្រឹត្តិការណ៍ទាំងនេះមានគោលដៅលើក កម្ពស់ការបញ្ជ្រាបការចងចាំដល់មនុស្សជំនាន់ក្រោយ ក៏ដូចជាបញ្ជាក់ឡើងវិញពីការប្រកាន់ខ្ជាប់របស់ប្រទេសបារាំងចំពោះទំនាក់ទំនងជាមួយកម្ពុជា ដែលផ្អែកលើការទទួលស្គាល់អតីតកាល ការសន្ទនា និងទំនុកចិត្ត។
ស្ថានទូតបារាំងបានបង្ហាញនូវកម្មវិធីមួយចំនួន ក្នុងនេះ៖ ចាប់ពីថ្ងៃទី៦ ខែឧសភា វេលាម៉ោង១៨៖៣០នាទី ពិព័រណ៍ «ប្រឈមមុខនឹងខ្មែរក្រហមស្ថានទូតបារាំងជាប់ចូលក្នុងការដួលរលំទីក្រុងភ្នំពេញ (ថ្ងៃទី១៧ មេសា -០៨ ឧសភា ១៩៧៥)» នឹងប្រព្រឹត្តទៅនៅវិទ្យាស្ថានបារាំង នៅកម្ពុជា។ ដោយបើកឱ្យចូលទស្សនាសេរី ពិព័រណ៍នេះនឹងធ្វើឡើងរហូតដល់ថ្ងៃទី២២ ខែសីហា។ រៀបចំដោយស្ថានទូតបារាំង និងវិទ្យាស្ថានបារាំង ក្រោមការចាត់ចែងរបស់អ្នកស្រាវជ្រាវបារាំងពីររូប ពិព័រណ៍ខាងលើនឹងបង្ហាញពីព្រឹត្តិការណ៍ដ៏សោកនាដកម្មក្នុងសម័យនោះ អមដោយសក្ខីកម្ម រួមទាំងឯកសារដែលសាធារណជនមិនធ្លាប់ឃើញ ក្នុងនោះមានបណ្ណាសាររបស់ក្រសួងអឺរ៉ុប និងការបរទេសបារាំង រូបភាព និងវីដេអូផងដែរ។
នៅថ្ងៃពុធ ទី៧ ខែឧសភា វេលាម៉ោង១៨៖៣០នាទី វេទិកាពិភាក្សាជាមួយសាធារណជននឹងត្រូវធ្វើឡើងនៅវិទ្យានៅថ្ងៃពុធ ទី៧ ខែឧសភា វេលាម៉ោង១៨៖៣០នាទី វេទិកាពិភាក្សាជាមួយសាធារណជននឹងត្រូវធ្វើឡើងនៅវិទ្យាស្ថានបារាំង ជាមួយវាគ្មិនពីរនាក់គឺ ពន្ធុវិទូ និងអ្នកនិពន្ធបារាំងឈ្មោះ François Bizot និងអ្នកថតរូបសារព័ត៌មាន Roland Neveu។ បុគ្គលទាំងពីរនេះគឺជាសាក្សីនៃការដួលរលំទីក្រុងភ្នំពេញ។ កិច្ចពិភាក្សានេះនឹងបើកជូនសាធារណជនចូលរួមដោយសេរី ដោយធ្វើឡើងជាភាសាបារាំង ជាមួយការបកប្រែជាភាសាខ្មែរ។
នៅថ្ងៃទី៨ ខែឧសភា ដោយមានការចូលរួមពីអ្នករស់រានមានជីវិត សាក្សី តំណាងសង្គមស៊ីវិល តំណាងអាជ្ញាធរកម្ពុជា និងអង្គទូត ស្ថានទូតបារាំងនឹងរៀបចំពិធីរំលឹក និងឧទ្ទិសដល់វិញ្ញាណក្ខន្ធរបស់អ្នកដែលបានមកស្វែងរកការជ្រកកោននៅក្នុងស្ថានទូតបារាំង ព្រមទាំងជនរងគ្រោះទាំងអស់។
ចាប់ពីថ្ងៃទី១០ ខែឧសភា វិទ្យាស្ថានបារាំងនៅកម្ពុជានឹងចាក់បញ្ចាំងភាពយន្តនិងភាពយន្តឯកសារប្រមាណ ១២ រឿង ដែលផ្តោតលើប្រវត្តិសាស្រ្តប្រទេសកម្ពុជាក្រោមរបបខ្មែរក្រហម ដោយសហការជាមួយ មជ្ឈមណ្ឌលបុប្ផាណា។ ជាវណ្ណកម្មរបស់ផលិតករកម្ពុជា និងបរទេសដូចជាលោក ប៉ាន់ រិទ្ធី លោក ដាវី ជូ លោកDenis Do លោកស្រី អែនជេលីណា ជូលី លោក Arthur Dong និងលោក ឆាយ បូរ៉ា ស្នាដៃទាំងនេះបង្ហាញពីការចងចាំផ្ទាល់ខ្លួន និងការចងចាំរួម ពីអំពើហិង្សាក្នុងរបបខ្មែរ ក្រហម ហើយឆ្លុះបញ្ចាំងពីបញ្ហានៃការបញ្ជ្រាបចំណេះ ដឹងពីរបបខ្មែរក្រហម និងការតស៊ូជម្នះលើការប៉ះទង្គិចផ្លូវចិត្ត។ កម្មវិធីលម្អិតមានលើគេហទំព័រវិទ្យាស្ថានបារាំងនៅកម្ពុជា៖ institutfrancais-cambodge.com។
ដោយឡែកក្នុងខែឧសភានេះដែរនៅកម្ពុជា ក៏មានការប្រារព្ធព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តមួយ គឺ”ទិវាជាតិនៃការចងចាំ២០ឧសភា”។ ២០ ឧសភាជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹងនិងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែ ប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។
គួររំលឹកថា ទាក់ទងនឹងថ្ងៃទី២០ ឧសភានេះដែរ លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការកាលពីថ្ងៃទី២០ ឧសភា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញសារដាស់តឿនថា “ដើម្បីកុំឱ្យរបបនេះវិលត្រឡប់មកវិញ សូមចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត”៕