ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យសមាជិកព្រឹទ្ធសភា៣រូប មកពី គណបក្សឆន្ទៈខ្មែរ ដែលជាបក្សជំទាស់នៅកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះបានធ្វើឡើងនៅវិមានព្រឹទ្ធសភាកម្ពុជា។
សមាជិកព្រឹទ្ធសភាទាំង៣រូបមកពីបក្សឆន្ទៈខ្មែររួមមាន៖ លោក សុខ ហាច លោក សេង ម៉ារឌី និងលោក គង់ មុនីកា។ កិច្ចសំណេះសំណាលរវាងសម្តេចតេជោ និងសមាជិកព្រឹទ្ធសភាមកពីបក្សឆន្ទៈខ្មែរ ត្រូវបានធ្វើឡើងក្រោមបរិយាកាសដ៏ ស្និទ្ធស្នាល។
សូមបញ្ជាក់ថា ៖ ទិដ្ឋភាពនៃការជជែក និងការសំណេះសំណាលប្រកបដោយភាពស្និទ្ធស្នាលរវាងសម្តេចតេជោប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយសមាជិកព្រឹទ្ធសភាទាំង៣រូបមកពីបក្សជំទាស់នៅកម្ពុជា ទទួលបានការចាប់អារម្មណ៍ខ្ពស់ពីអ្នកតាមដានបញ្ហានយោបាយ និងសង្គម។ តាមរយៈទិដ្ឋភាពបែបនេះ ត្រូវបានគេពិព័ណ៌នាថា ជាទិដ្ឋភាពនៃការធ្វើនយោបាយមួយ ដែលពលរដ្ឋខ្មែរប្រាថ្នាចង់បាន ពោលអ្នកនយោបាយទោះមកពីបក្សផ្សេងទៀត តែអង្គុយធ្វើការជាមួយគ្នាដើម្បីផលប្រយោជន៍រួមរបស់ខ្មែរ៕
ដោយ ៖ សិលា