ក្តីសង្ឃឹមរបស់អ៊ុយក្រែននៅក្នុងជំនួប ផ្ទាល់មុខ រវាងលោកត្រាំ និង ហ្សេឡេនស្គី នៅបុរីវ៉ាទីកង់

ចែករំលែក៖

ការដែលលោក Zelensky អាចអង្គុយនិយាយផ្ទាល់ជាមួយលោក Trump ក្នុងពេលធ្វើទស្សនកិច្ចរបស់សម្តេច Pope Francis កំពុងផ្តល់ក្តីសង្ឃឹមនៅអ៊ុយក្រែនថា អាមេរិកមិនបានបោះបង់ចោលពួកគេទេ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រជាជនអ៊ុយក្រែនមានការងឿងឆ្ងល់អំពីសុច្ឆន្ទៈរបស់ប្រធានាធិបតីអាមេរិក Donald Trump ខណៈដែលគាត់បានចោទប្រកាន់ប្រទេសនេះថា “បញ្ឆេះជម្លោះ” ដោយបានប្រកែកជាមួយសមភាគីរបស់គាត់គឺលោក Volodymyr Zelensky និងបានបញ្ជូនសញ្ញាម្តងហើយម្តងទៀតនៃសម្ពាធទៅកាន់ទីក្រុង Kiev ឱ្យទទួលយកសម្បទានដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយទីក្រុងម៉ូស្គូ។
កន្លងមក កាលពីថ្ងៃអាទិត្យ ទី២៧ ខែមេសា នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក Denys Shmyhal បាននិយាយថា អ៊ុយក្រែន បានឯកភាពជាមួយអាមេរិកថា ជំនួយពីមុនៗមកដែលទីក្រុងវ៉ាស៉ីនតោន បានផ្តល់ឱ្យទីក្រុងកៀវ គឺមិនត្រូវរាប់បញ្ចូលនៅក្នុងកិច្ចព្រមព្រៀងធនធានរ៉ែ ដែលខ្លួនគ្រោងចុះហត្ថលេខាជាមួយសហរដ្ឋអាមេរិក នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Shmyhal បានបង្ហោះសារលើ Telegram ដូច្នេះថា «ការឯកភាពត្រូវសម្រេចបានថា ឯកសារកិច្ចព្រមព្រៀងគឺមិនរាប់បញ្ចូលការផ្តល់ជំនួយកន្លងមក មុនកិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាឡើយ»។ លោក Shmyhal ដែលបានធ្វើដំណើរទៅទីក្រុងវ៉ាស៉ីនតោន កាលពីសប្តាហ៍មុន បាននិយាយថា មានវឌ្ឍនភាពល្អ ស្តីពីកិច្ចព្រមព្រៀង ក្រោយជួបពិភាក្សាគ្នាជាមួយ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent។
លោកនាយករដ្ឋមន្រ្តីអ៊ុយក្រែន បានបន្ថែមថា «អ្វីដែលសំខាន់បំផុត គឺយើងបានកំណត់បន្ទាប់ក្រហមយ៉ាងច្បាស់ នោះគឺកិច្ចព្រមព្រៀងត្រូវតែស្របតាមកាតព្វកិច្ចអឺរ៉ុប និងមិនផ្ទុយពីរដ្ឋធម្មនុញ្ញ ព្រមទាំងនីតិរដ្ឋរបស់អ៊ុយក្រែន»។ លោក Shmyhal បាននិយាយថា ក្រុមការងារច្បាប់របស់អ៊ុយក្រែន កំពុងធ្វើការលើឯកសារនៃកិច្ចព្រមព្រៀង។ កាលពីថ្ងៃអាទិត្យ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Mike Waltz ក៏បាននិយាយដែរថា កិច្ចព្រមព្រៀងធនធានរ៉ែជាមួយអ៊ុយក្រែន នឹងត្រូវសម្រេចបាន។
កាលពីថ្ងៃទី១៨ ខែមេសា ភាគីទាំងពីរបានចុះអនុស្សារណៈយោគយល់មួយ ដើម្បីជំហានចាប់ផ្តើមឆ្ពោះទៅរក ការសម្រេចឱ្យបានកិច្ចព្រមព្រៀង ស្តីពីការអភិវឌ្ឍធនធានរ៉ែនៅអ៊ុយក្រែន។ ដំបូងឡើយ ប្រទេសទាំងពីរ គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ កាលពីខែកុម្ភៈ ប៉ុន្តែវាត្រូវបានពន្យារពេល ក្រោយការទាស់សម្តីគ្នាយ៉ាងខ្លាំង អំឡុងជំនួបរវាងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅសេតវិមាន៕

...

រូបថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print