បើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន BYD CAMBODIA CO., LTD. ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥​ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន ប៊ី វ៉ាយ ឌី ខេមបូឌា ឯ.ក (BYD CAMBODIA CO., LTD.) រួមជាមួយ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា។ ពិធីនេះមានការចូលរួមពី លោកអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ, លោកអគ្គនាយកគ្រប់គ្រងផ្នែកលក់ប្រចាំតំបន់អាស៊ីប៉ាហ្វិក នៃក្រុមហ៊ុន BYD, ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរ៉ែ និងថាមពល ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងក្រសួងស្ថាប័ន និងមន្ទីរពាក់ព័ន្ធពាក់ព័ន្ធ, ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក កម្មករនិយោជិតរបស់ក្រុមហ៊ុន BYD Cambodia។

រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន BYD Cambodia ដែលប្រារព្ធពិធីបើកការដ្ឋានសាងសង់នាព្រឹកនេះ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន BYD Auto Industry។ ក្រុមហ៊ុនគ្រោងនឹងបណ្ដាក់ទុនប្រមាណ ៣២លានដុល្លារអាម៉េរិក សម្រាប់ដំណាក់កាលទី១ លើការបង្កើតរោងចក្រផ្គុំដំឡើងយានយន្តប្រភេទ CKD នៅលើផ្ទៃដីប្រមាណ ១២ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រាប់ដំឡើងរថយន្តអគ្គិសនីសុទ្ធ (EV) និងអគ្គិសនីលាយសាំង (PHEV) ជាមួយនឹងសមត្ថភាពដំឡើងរថយន្តប្រមាណ ១ម៉ឺនគ្រឿង ក្នុងមួយឆ្នាំៗ ទៅតាមដំណាក់កាល។ រោងចក្រដំឡើងរថយន្ត BYD Cambodia គ្រោងនឹងបញ្ចប់ការសាងសង់នៅខែតុលា និងចាប់ផ្តើមដំណើការផលិតកម្មដំឡើងរថយន្តអគ្គិសនីជាលើកដំបូងនៅកម្ពុជា នាដើមខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។

ថ្លែងក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន BYD Cambodia សម្រាប់ការសម្រេចចិត្តក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជាលើវិស័យយានយន្តអគ្គិសនី បន្ទាប់ពីឯកឧត្តមបានដឹកនាំគណៈប្រតិភូ ក.អ.ក. ទៅគោះទ្វារវិនិយោគដោយផ្ទាល់ ដល់ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន BYD នៅទីក្រុងស៊ិនជិន សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។

ក្នុងសុន្ទរកថាប្រកាសបេីកការដ្ឋាននោះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីការរួមចំណែកជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ពីសំណាក់រដ្ឋាភិបាលនិងប្រជាជនចិន តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) និងបានរំលេចអំពីលទ្ធផលជាផ្លែផ្កានៃទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលស្តែងឱ្យឃើញពីការរួមគ្នាពូនជ្រំថែរក្សា និងបន្តរឹតចំណងមិត្តភាពទំនាក់ទំនងការទូតកម្ពុជា-ចិន ឱ្យកាន់តែមានភាពល្អប្រសើរឡើង ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប រួមទាំងសម្រេចឱ្យបាននូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីការកើនឡើងនៃគម្រោងវិនិយោគ ក៏ដូចជាវត្តមានរបស់ក្រុមហ៊ុន BYD នៅកម្ពុជា ដែលបង្ហាញឱ្យឃើញពីការជឿទុកចិត្តរបស់វិនិយោគិនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ប្រមុខដឹកនាំគ្រប់ជំនាន់ រួមជាមួយនឹងការធ្វើបរមភាវូបនីយកម្មរបស់ ក.អ.ក. ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការងារវិនិយោគ ដែលបាននិងកំពុងបន្តធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ តាមរយៈការជំរុញផ្សព្វផ្សាយនូវច្បាប់ស្ដីពីវិនិយោគ ការគោះទ្វារវិនិយោគនៅក្រៅប្រទេស ព្រមទាំងការធ្វើសាមញ្ញកម្មនីតិវិធីពាក់ព័ន្ធនានា។

...

ឆ្លៀតក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុន ពិនិត្យលទ្ធភាពជំរុញឱ្យរោងចក្រដែលជាខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់វិនិយោគិនទាំងអស់ ឱ្យបន្តចូលរួមផ្សព្វផ្សាយបទពិសោធន៍ល្អៗអំពីបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់វិនិយោគិនផ្សេងៗទៀតនៅក្នុងសហគមន៍ធុរកិច្ចរបស់ខ្លួន ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀតមកកម្ពុជា សំដៅបង្កើតការងារបន្ថែមជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print