សាស្រ្តាចារ្យ ឈាង រ៉ា ៖ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព នៃផលិតផលឱសថ និងវ៉ាក់សាំង គឺមានសារៈសំខាន់ណាស់

ចែករំលែក៖

ភ្នំពេញ ៖ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព នៃផលិតផលឱសថ និងវ៉ាក់សាំង គឺមានសារៈសំខាន់ណាស់ ដើម្បីចូលរួមការ អភិវឌ្ឍប្រព័ន្ធសុខាភិបាលកម្ពុជាឱ្យកាន់តែមានភាពប្រសើរឡើង សំដៅជំរុញការអនុវត្តគោលនយោបាយ អាទិភាពទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ដោយផ្តោតលើការពង្រីកសេវាសុខាភិបាល ឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល និងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ឱ្យទទួលបានលទ្ធផលល្អប្រសើរ ស្របតាមសេចក្តីត្រូវការរបស់ប្រជាជនក្នុងការទទួលបាននូវ សេវាថែទាំសុខភាព ដែលមានគុណភាព សុវត្ថិភាព ប្រសិទ្ធភាពប្រកបដោយសមធម៌ ចាប់ពីមណ្ឌល សុខភាព រហូតដល់មន្ទីរពេទ្យគ្រប់កម្រិត។

លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់បែបនេះ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការវាយតម្លៃខ្លួនឯង នៃប្រព័ន្ធនិយ័តកម្មឱសថ និងវ៉ាក់សាំង នៅសណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ។

សិក្ខាសាលានេះ រៀបចំឡើងដើម្បីវាយតម្លៃ នៃប្រព័ន្ធនិយ័តកម្មឱសថ និងវ៉ាក់សាំង ជាសូចនាករមួយសម្រាប់វាស់វែង នូវសមត្ថភាពរបស់អង្គភាពពាក់ព័ន្ធ ដែលបំពេញមុខងារទាក់ទងនឹងការងារគ្រប់គ្រងផលិតផលឱសថ និងវ៉ាក់សាំង ដោយប្រើប្រាស់ឧបករណ៍វាយតម្លៃ របស់អង្គការសុខភាពពិភពលោក (Global Benchmarking Tools: GBT) ដើម្បីកំណត់នូវចំណុចខ្វះខាត និងកំណត់ពីគោលនយោបាយ និយ័តកម្ម និងមុខងារដែលត្រូវកែលម្អបន្ថែម សំដៅធានាបាននូវគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ឱសថ និងវ៉ាក់សាំងនៅកម្ពុជា។ ពិធីបើកសិក្ខាសាលានេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល វិទ្យាស្ថានជាតិ សុខភាពសាធារណៈ និងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ ព្រមទាំងអ្នកសម្របសម្រួលពីអង្គការ WHO (ដែលមក ពីទីស្នាក់ការកណ្តាល HQ, WPRO, និងការិយាល័យប្រចាំប្រទេស) និង TGA ប្រធាននាយកដ្ឋាន និងអង្គភាពថ្នាក់កណ្តាលពាក់ព័ន្ធ មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ សាកលវិទ្យាល័យវិទ្យាសាស្រ្ត សុខាភិបាល គណៈឱសថការីកម្ពុជា សមាគមអ្នកផលិតឱសថកម្ពុជា សមាគមអ្នកចែកចាយឱសថកម្ពុជា ព្រមទាំងតំណាងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (UNOPS) ។

ក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា បានលើកឡើងថា អង្គសិក្ខាសាលា ដើម្បីឱ្យប្រព័ន្ធនិយ័តកម្មឱសថ និងវ៉ាក់សាំងនៅកម្ពុជា អនុវត្តបានប្រកបដោយប្រសិទ្ធភាពខ្ពស់ ក៏ដូចជាការលើកកម្ពស់ការផ្តល់សេវាសុខាភិបាល ប្រកបដោយមានគុណភាព និងប្រសិទ្ធភាពខ្ពស់ ។

ជាមួយគ្នានោះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើឱ្យដៃគូពាក់ព័ន្ធ បន្តជួយឧបត្ថម្ភគាំទ្រ ក្នុងប្រព័ន្ធនិយ័តកម្មឱសថ និងវ៉ាក់សាំងនេះ ដើម្បីឈានទៅសម្រេចបានគោលដៅ សម្រាប់ការវាយតម្លៃប្រព័ន្ធនេះ នៅឆ្នាំ២០២៧៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print