កម្មវិធីការពារនិក្ខេបបទសាកល្បង ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ប្រធានបទ “អភិវឌ្ឍន៍យុទ្ធសាស្ត្រស្ដីពីការដឹកនាំអប់រំឌីជីថលនៅតាមគ្រឹះស្ថានឧត្ដមសិក្សា៖ វិធីសាស្ត្រស្រាវជ្រាវចម្រុះ”

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានជាតិអប់រំ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីការពារនិក្ខេបបទសាក ល្បង ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ប្រធានបទ “អភិវឌ្ឍន៍យុទ្ធសាស្ត្រស្ដីពីការដឹកនាំអប់រំឌីជីថលនៅតាមគ្រឹះស្ថានឧត្ដមសិក្សា៖ វិធីសាស្ត្រស្រាវជ្រាវចម្រុះ” ដោយ បេក្ខជនបណ្ឌិត ទេព កូលាប និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី គ្រូណែនាំ គ្រូឧទ្ទេស បេក្ខជនបណ្ឌិត និងគរុនិស្សិត។

បន្ទាប់ពីស្ដាប់ការធ្វើបទបង្ហាញការពារនិក្ខេបបទសាក ល្បង ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំរួចមកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បេក្ខជនបណ្ឌិត ដែលបានព្យាយាមសិក្សាស្រាវជ្រាវសរសេរចងក្រងនូវនិក្ខេបបទ ដែលមានទាំងទម្រង់ ខ្លឹមសារ បរិមាណវិស័យ គុណវិស័យ និងវិធីសាស្ត្រចម្រុះឆ្លើយតបយ៉ាងល្អទៅនឹងគោលដៅនៃការលើកកម្ពស់គុណភាពអប់រំឌីជីថលនៅកម្ពុជា។

ពាក់ព័ន្ធនឹងប្រធានបទនេះបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី គូសរំលេចពីសារៈសំខាន់នៃការអភិវឌ្ឍធនធាន មនុស្ស វិធីសាស្ត្របង្រៀន និងកម្មវិធីសិក្សាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំឌីជីថល ព្រមទាំងបានផ្តល់អនុសាសន៍ដល់បេក្ខជនបណ្ឌិត ឱ្យដាក់បញ្ចូលបន្ថែមនូវនវានុវត្តន៍ និងឧត្តមានុវត្តន៍នៃការអនុវត្តការ អប់រំឌីជីថលរបស់សាកលវិទ្យាល័យទាំងក្នុងប្រទេស និងក្រៅប្រទេសនានា ត្បិតដើម្បីលើកម្ពស់ការអប់រំឌីជីថល ទាមទារនូវការវិនិយោគច្រើន និងយុទ្ធសាស្ត្រច្បាស់លាស់ប្រកបដោយប្រសិទ្ធភាព ដោយក្នុងនោះត្រូវផ្សារភ្ជាប់នឹងការរៀនពេញមួយជីវិត ជំនាញឌីជីថល ជំនាញបញ្ញាសិប្បនិម្មិត(AI) ការគិតបែបស៊ីជម្រៅ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តបំពេញលក្ខខណ្ឌក្នុងការសិក្សាស្រាវជ្រាវលើប្រធានបទដ៏មានសារៈសំខាន់នេះដែលឆ្លើយតបយ៉ាងប្រសើរទៅនឹងរបត់នៃការអភិវឌ្ឍវិស័យអប់រំកម្ពុជា និងចូលរួមអបអរសាទរដល់បេក្ខជនបណ្ឌិត ដែលសម្រេចបាននូវវឌ្ឍនភាពថ្មីមួយជំហានទៀត ខិតទៅកាន់តែកៀកក្តីស្រមៃក្នុងការ សម្រេចបាននូវសមិទ្ធផលការសិក្សាស្រាវជ្រាវ ដែលនឹងក្លាយជាគំរូដ៏ល្អមួយក្នុងការត្រួសត្រាយបង្ហាញផ្លូវ និងចែករំលែកបទពិសោធចំណេះដឹងដល់បេក្ខជនថ្នាក់ បណ្ឌិតការគ្រប់គ្រងអប់រំដទៃទៀតនៅជំនាន់បន្ត បន្ទាប់។

...

គួរបញ្ជាក់ដែរថា តបតាមលក្ខខណ្ឌនៃការបណ្ដុះ បណ្ដាលថ្នាក់បណ្ឌិត បេក្ខជនបណ្ឌិត តម្រូវឱ្យការពារនិក្ខេបបទថ្នាក់បណ្ឌិតដើម្បីបញ្ចប់ការស្រាវជ្រាវថ្នាក់ បណ្ឌិតដោយជោគជ័យ ដែលកម្មវិធីការពារនិក្ខេបបទសាកល្បងនេះ ត្រូវបានរៀបចំឡើងដើម្បី ឱ្យបេក្ខជនថ្នាក់បណ្ឌិត អាចត្រៀមលក្ខណៈបានល្អប្រសើរសម្រាប់ការការពារនិក្ខេបបទពិតប្រាកដ និងបន្ទាប់ពីបានធ្វើសិក្ខាសាលាបង្ហាញវឌ្ឍនភាពនៃការកែលម្អការស្រាវជ្រាវ លើប្រធានបទដែលបានសិក្សាស្រាវជ្រាវនាពេលកន្លងមកចប់ពេញលេញ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print