កាលពីថ្ងៃទី២៣ ខែសីហា ស្នងការប៉ូលិសហ្វុីលីពីនបានឲ្យដឹងថា មនុស្សជាង ១.៩០០នាក់ស្លាប់នៅក្នុងយុទ្ធនាការកម្ចាត់ក្រុមជួញដូរគ្រឿងញៀន នៅក្នុងប្រទេសនេះ ។ នៅក្នុងយុទ្ធនាការនោះមួយថ្ងៃគឺមានអ្នកស្លាប់ ៣៦នាក់។
សារព័ត៌មាន AFP បានផ្សាយថា តួលេខខាងលើរបស់ស្នងការប៉ូលិសលោក Ronald Dela Rosa លើកឡើងនៅក្នុងការសាកសួររបស់សភាហ្វុីលីពីន ក្រោយរយៈពេល៧សប្តាហ៍ដែលប្រធានាធិបតី Rodrigo Duterte ស្បថចូលកាន់ដំណែងហើយប្រកាសសង្គ្រាមប្រឆាំងគ្រឿងញៀន។ នៅក្នុងសភា លោក Ronald Dela Rosa បញ្ចាក់ថា ប៉ូលិសគ្មានគោលនយោបាយបើកជំហរពីការសម្លាប់ក្រុមអ្នកជួញដូរគ្រឿងញៀន។
លោក Ronald Dela Rosa បន្តទៀតថា ក្នុងចំណោមមនុស្ស ១.៩០០នាក់ស្លាប់មាន ៧៥០ត្រូវសម្លាប់នៅក្នុងពេលធ្វើសកម្មភាពចាប់ក្រុមជួញដូរគ្រឿងញៀន។ ចំណែកអ្នកស្លាប់ ១.១០០នាក់ទៀតកំពុងតែបើកការស្រាវជ្រាវ។ លោកបញ្ចាក់ទៀតថា មិនមែនអ្នកស្លាប់ទាំងអស់ពាក់ព័ន្ធនិងគ្រឿងញៀននោះឡើយ គឺមានអ្នកស្លាប់ដោយសារតែពាក់ព័ន្ធនិងការឆក់ប្លន់។
ទទឹមនឹងនោះលោក Ronald Dela Rosa បានបញ្ចាក់ទៀតថា មានមនុស្ស ៧សែននាក់បានប្រើប្រាស់គ្រឿងញៀននិងជួញដូរគ្រឿងញៀនបានចេញមកសារភាពជៀសវាងការបាញ់សម្លាប់ពីពលរដ្ឋ។ លោកបន្តទៀតថា ជនល្មើសនៅក្នុងប្រទេសបានថយចុះយ៉ាងខ្លាំងក្នុងរយៈពេលកន្លងមកបើទោះបីមានអ្នកស្លាប់កើនឡើង។
លោក Ronald Dela Rosa បន្តទៀតថា កម្លាំងប៉ូលិសកំពុងតែស្រាវជ្រាវទៅលើមន្ត្រីប៉ូលិស ៣០០នាក់ជាប់ពាក់ព័ន្ធនិងសកម្មភាពជួញដូរគ្រឿងញៀន។ ទាំងនោះហើយបានធ្វើឲ្យមានពាក្យចចាមអារ៉ាមថា ប៉ូលិសបានសម្លាប់មនុស្សបំបិទមាត់ ទៅលើក្រុមជួញដូរគ្រឿងញៀនដែលប៉ូលិសជាប់ពាក់ព័ន្ធនោះទើបមានអ្នកស្លាប់ច្រើនបែបនេះ។ ការស្រាវជ្រាវពាក់ព័ន្ធនិងប៉ូលិសមានទំនាក់ទំនងជាមួយក្រុមជួញដូរគ្រឿងញៀន ធ្វើឡើងដោយលោក Leila De Lima សមាជិកព្រិទ្ធសភានឹងជាអ្នករិះគន់យ៉ាងខ្លាំងដល់ប្រធានាធិបតី Duterte ។
នៅក្នុងការសាកសួរនៅសភានោះ លោក Leila De Lima ក៏បានកោះហៅមន្ត្រីប្រឆាំងគ្រឿងញៀនមកសាកសួរ ឲ្យបកស្រាយពីអ្នកស្លាប់កើនឡើង ក៏ដូចជាការចោទប្រកាន់សម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការរយៈពេលកន្លងមក៕
ប្រែសម្រួល៖ ម៉ែវ សាធី