ខេត្តកំពង់ស្ពឺ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការមួយកម្លាំងកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានធ្វើការឡោមព័ទ្ធភូមិគ្រឹះមួយកន្លែង ដែលស្ថិតនៅចំណុចភូមិផ្សារស្លាបលែង ឃុំស្វាយរំពា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយបានឃាត់ខ្លួនមនុស្ស ៤នាក់ ជាមេក្លោង និងដកហូតគ្រឿងញៀន១៦១កញ្ចប់ រថយន្តសេរីទំនើប ២គ្រឿង។ នេះបើយោងតាមការឱ្យដឹងពី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានឱ្យដឹងថា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនដឹកនាំដោយវរសេនីយ៍ ត្រី ទឹម ស៊ី នាយការិយាល័យប្រឆាំងគ្រឿងញៀននិងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ូ ប៊ុនរឿន សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយ ការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តព្រះសីហនុ បានពន្លាតសមត្ថកិច្ចដែនដីបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់(ស្រី០២) ក្នុងករណីរក្សាទុក ជួញដូរ ចែកចាយដោយខុសច្បាប់សារធាតុញៀន។
លោកមេបញ្ជាការ បានបញ្ជាក់ថា ជនសង្ស័យទាំង៤ នាក់ដែលសមត្ថកិច្ចបានឃាត់ខ្លួន ឈ្មោះ ឌា រ៉ានី ភេទ ប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់ដូរ ស្នាក់នៅភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ព,ឈ្មោះ សាយ រ៉ាហ្សា ភេទប្រុស អាយុ៣៦ ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់ដូរ ស្នាក់នៅសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ, ឈ្មោះ គង់ រស្មី ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅ ផ្ទះ ស្នាក់នៅភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ និងឈ្មោះ ស៊ុន ឃឿន ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ អនាម័យ ស្នាក់នៅភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ក្រោយឡោមព័ទ្ធ និងឃាត់ខ្លួនមេក្លោងទាំង៤នាក់ ខាងលើ កម្លាំងកងរាជអាវុធហត្ថខេត្តទាំងពីរក៏បន្តដេញប្រផាប់ចាប់ប្រភីងមុខសញ្ញា ២នាក់បន្ថែមទៀត ដែលបានរត់ចូលទៅក្នុងភូមិសាស្ត្រស្រុកឈូក ខេត្តកំពត ក្រោយដឹងខ្លួនពេលសមត្ថកិច្ចឡោមព័ទ្ធភូមិគ្រឹះខាង លើ។ កម្លាំងអាវុធហត្ថនៃខេត្តទាំងពីរបានសហការជាមួយអាវុធហត្ថខេត្តកំពត ដឹកនាំដោយ លោកឧត្តម សេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តកំពត បានតាមប្រម៉ាញ់មុខសញ្ញារហូតដល់ភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ បន្ថែមទៀត ឈ្មោះ សូ វាសនា ហៅអាឡូត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីកន្លែងស្នាក់នៅមិនពិត ប្រាកដ និងឈ្មោះ ស៊ុន ដុងដៀង ភេទស្រី អាយ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានបញ្ជាក់បន្ថែមថាក្រោយប្រតិបត្តិការត្រូវបានបញ្ចប់ កម្លាំងជំនាញកងរាជ អាវុធហត្ថនៃខេត្តទាំង ៣ បានចាប់ដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន ១៥៩កញ្ចប់ ម្សៅពណ៌សចំនួន ២កញ្ចប់ រថយន្តសេរីទំនើបប្រភេទFordចំនួន២គ្រឿង ទូរស័ព្ទដៃ៦គ្រឿង និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យទាំង ៦នាក់ រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញប្រគល់ជូន កងរាជអាវុធហត្ថខេត្តព្រះសីហនុរួចហើយ ដើម្បីបន្តនីតិវិធី៕